ជាតិ
ស្រូវជាង១ម៉ឺនហិកតា រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង
04, Aug 2023 , 9:39 pm        
រូបភាព
រូបភាពតំណាង៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
រូបភាពតំណាង៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ ស្រូវជាង១ម៉ឺនហិកតាក្នុងខេត្តចំនួន១១ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ។ ក្នុងនោះខេត្តកំពតរងគ្រោះខ្លាំងជាងគេ។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ទី៣ ខែសីហា។



របាយការណ៍ដដែល បញ្ជាក់ថា រយៈពេល៨ថ្ងៃចុងក្រោយនេះ ទឹកជំនន់បានវាយប្រហារខេត្តមួយចំនួន១២ ក្នុងប្រទេសកម្ពុជា ដែលរួមមាន កំពង់ស្ពឺ, កំពត, កែប, សៀមរាប, កោះកុង, មណ្ឌលគិរី, រតនគិរី, ព្រះវិហារ, ក្រចេះ, កំពង់ធំ, ពោធិ៍សាត់ និងព្រះសីហនុ។ 
 
គ្រោះទឹកជំនន់នេះ បានបង្កផលប៉ះពាល់ដល់ស្រូវពលរដ្ឋប្រមាណ១០,៦២១ហិកតា និងដំណាំរួមផ្សំ១០៨ហិកតា ។ ក្នុងនោះ បានសម្លាប់មនុស្ស៦នាក់, ជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព១៤៦គ្រួសារ និងបានបង្កផលប៉ះពាល់ដល់ពលរដ្ឋ២១៩២គ្រួសារ។ 
 
លោក សុទ្ធ គឹមកុលមន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្ថែមខ្លីថា ខេត្តដែលរងផលប៉ះពាល់លើដំណាំច្រើនជាងគេ គឺខេត្តកំពត ដែលមានជាង៨ពាន់ហិកតា។ 
 
ចាប់ពីថ្ងៃទី២ដល់៨សីហា កម្ពុជានឹងបន្តធ្លាក់ភ្លៀងមួយសប្ដាហ៍ទៀត ហើយតំបន់មាត់សមុទ្រអាចមានរលកខ្ពស់ៗ និងខ្យល់បោកបក់ខ្លាំង។ ការណ៍នេះ បណ្ដាលមកពីឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប និងព្យុះខាណុន(KHANUN)។ នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម៕ 
 

Tag:
 កសិកម្ម
  ស្រូវ
  គ្រោះមហន្តរាយ
© រក្សាសិទ្ធិដោយ thmeythmey.com