ជាតិ
រឿង “ខ្មោចចូល” ស្រង់​ពីជីវិតពិតពលទាហាន១រូប ​​ក្រោយ​សម័យសង្គ្រាម​
05, Aug 2023 , 9:19 am        
រូបភាព
ភ្នំពេញ​៖ រឿង “ខ្មោច​ចូល” បញ្ចូល​ទាំង​ជំនឿ​លើ​របស់​ស័ក្ដិសិទ្ធ ដូច​​ជា​ខ្នាយ​សត្វ​ព្រៃ​ បង្ហាញ​ពី​ជីវិត​ពល​ទាហាន​​ក្នុង​ភ្លើង​សង្គ្រាម​ ការច្រណែន​ឈ្នានីសគ្នា និង​ការ​ដណ្ដើម​អំណាច​ជា​ដើម​។ រឿង​នេះ​មួយ​ផ្នែក​ បាន​កើត​ឡើង​ក្នុងស​ង្គម​ពិត ហើយ​មួយ​ផ្នែកទៀត​ ​​ស្រង់​ចេញ​ពី​ជិវិត​ពិត​ របស់​ឪពុក​មា​របស់​អ្នក​ដឹក​នាំ​រឿង​ផ្ទាល់។​



រឿង​”ខ្មោច​ចូល” ត្រូវ​បាន​ស្រង់​ចេញ​ពី​រឿង​ របស់​ពល​ទាហាន​មួយ​រូប ក្នុង​សម័យ​ក្រោយ​សង្គ្រាម​។ ​ឆ្នាំ​១៩៩១ ជា​ពេល​ដែល​ប្រជា​ជននិង​ទាហាន​​ ចូល​ស្រុក​ភូមិ​​​វិញ ​ក្រោយ​ចប់​សង្គ្រាម​។ ទាហានតស៊ូ​​ក្នុង​ព្រៃ​​មួយ​រូប ត្រូវ​បាន​មេទាហាន​របស់​ខ្លួន​ ប្រើល្បិចដើម្បី​ប្លន់​ដំណែង​យក​ទៅ​ឱ្យ​ក្មួយ​របស់​គេ​​ ដោយ​ឈាម​ត្រជាក់​បំផុត​។
 
អ្នក​ដឹក​នាំ​ និង​ជា​តួ​សម្ដែង​​ក្នុង​រឿង​ “​ខ្មោច​ចូល” លោក ហ៊ុយ យ៉ាឡេង​ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ ថា រឿង​នេះផ្នែក​ខ្លះ​ស្រង់​ចេញ​ពី​រឿង​ពិត ​របស់​មារបស់​លោក​​។ លោក យ៉ាឡេង​ បាន​ប្រាប់​ថារឿង ”​ខ្មោច​ចូល​” ​មាន​ការ​ចូល​រួមពី​​​អ្នក​និពន្ធ​ប្រមាណ​៥​ទៅ​៦​រូប​។ បើ​តាម​ការ​អះ​អាង​ ទម្រាំង​ចេញ​ជា​រូប​រាង រឿង​នេះ​ត្រូវ​​ចំណាយ​ពេល​យូរ និង​​​មាន​ការ​​​ខ្វែង​គំនិត​គ្នា​ច្រើន​ ទៅ​លើ​ខ្លឹម​សារ​​រឿង ព្រោះ​ដើម្បី​ធ្វើ​យ៉ាងណា ​ឱ្យ​ទស្សនិក​ជន​ មើល​ហើយ​ទទួល​អារម្មណ៍​ថា​ជា​រសជាតិ​ថ្មី​។ 
  
លោក ហ៊ុយ យ៉ាឡេង អ្នក​ដឹក​នាំ​រឿង និង​ជា​តួសម្ដែង (ស្ដាំ)
 
លោក យ៉ាឡេង បន្ថែម​៖«​កុំ​ឱ្យ​​អ្នក​ទស្សនា​និយាយ​ថា កុនបង ឡេង​ ដូច​​តែ​មុ​ន​ៗ ដូច្នេះ​ដាច់​ខាត​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ឱ្យ​ខុស​មុន​​តែ​ម្ដង​។ ឱ្យ​អ្នក​ទស្សនា​ មើល​ហើយ​ឃើញ​ប្លែក​ពី​មួយ​រឿង​ទៅ​មួយ​រឿង។ ខ្ញុំ​មើល​រឿង​ស្រុក​គេ​ច្រើន និង​មើល​រឿង​ក្នុង​ស្រុក​ដែរ ប្រមូល​ទិន្នន័យ​ហើយ​ ទើប​ខ្ញុំ​អាច​ធ្វើ​រឿង​នេះ​បាន»​។ 
 
ទោះ​ជា​យ៉ាង​ណា ​លោក យ៉ាឡេង ​ក៏​បាន​បន្ថែម​​ដែរ​ថា ប្រសិន​គ្រប់​គ្នា​ចង់​បាន​សុខ សូម​កុំ​ច្រណែន​គ្នា គួរ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មិន​គិត​មាន​ក្រ​។ លោក​ថាប្រសិន​មនុស្ស​ចេះ​ជួយ​គ្នាទៅ​វិញ​ទៅ​មក​ នោះ​ទាំង​ក្នុង​សង្គម​គ្រួសារ និង​សង្គម​ជាតិ​ និង​មាន​ការ​រីក​ចម្រើន​។ ​
 
«​តែង​តែ​មាន​ការ​​ច្រណែន អ្នក​ណា​មេ​ធំ អ្នក​ណា​​មេ​តូច​ អ្នក​ណា​ធ្វើ​ការ​តិច​ អ្នក​ណា​ធ្វើ​ការ​ច្រើន។​ តែង​តែ​មាន​ការ​ប្រៀប​ធៀប​គ្នា​បែ​ប​នេះ​ហើយ​។ អ្នក​នៅ​ក្នុង​ស្រុក​ ច្រណែន​អ្នក​នៅ​ក្នុង​ព្រៃ នេះ​គឺ​ជា​រឿង​ពិត​ ដែល​ខ្ញុំ​ដក​ស្រង់​ចេញ​ពី​រឿង​ មា(ពូ)ខ្ញុំ​ដែរ​​»។ នេះ​ជា​ការ​បញ្ជាក់​​បន្ថែម​របស់​លោក ហ៊ុយ យ៉ាឡេង​។
 
ចំណែក​​លោក លៀក លីណា អ្នក​គ្រប់គ្រង​ទូទៅ​នៃ​ផលិត​កម្ម​ LD Picture ដែល​បាន​ចាប់​ដៃ​សហការ​ជា​មួយ​លោក ហ៊ុយ​ យ៉ាឡេង ក្នុង​ការ​ផលិត​រឿង​ “​ខ្មោច​ចូល​” បាន​​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថារឿង​ “​ខ្មោច​ចូល​” មាន​គុណ​ភាព​ល្អ ទើប​លោក​សម្រេច​ចិត្ត​សហការ​ផលិត​ជា​មួយ​លោក​ យ៉ាឡេង​។ 
 
និយាយ​ក្នុង​ទឹក​មុខ​ ហ្មត់​ចត់​លោក លៀក លីណា បន្ថែម​៖«​រឿង​”ខ្មោច​ចូល”​ គាត់​យក​មក​ជួប​ពួក​បង។ បង​មើល​ឃើញ​ថា​ល្អ។ មួយ​រយៈ​ក្រោយ​នេះ ​គាត់​នៅ​តែ​ឯង​ មាន​ការ​ខ្វះ​ខាត ទាំង​ថវិកា ទាំង​ក្រុម​ការ​ងារ ដូច្នេះ​មក​ជា​មួយ​ LD ​យើង​ទៅ​ជា​មួយ​គ្នា​»។ 
 

លោក លៀក លីណា អ្នក​ចាត់​ការទូទៅក្នុង​ផលិតកម្ម LD Picture (ឆ្វេង)
 
អ្នក​គ្រប់គ្រង​ទូទៅ​នៃ​ផលិត​កម្ម​ LD Picture បាន​​ប្រកាស​ថា​​ផលិត​កម្ម​របស់​លោក​ បើក​ទូលាយ​សម្រាប់ ​ផលិត​​ករ​ អ្នក​ដឹក​នាំ​រឿង និង​អ្នក​និពន្ធ​គ្រប់​រូប ​ក្នុង​ការ​សហការ​ផលិត​ ប្រសិន​ក្រុម​ទាំង​នោះ​ខ្វះ​​ថវិកា ខ្វះ​ក្រុម​ការ​ងារ ឬ​ខ្វះ​ធនធាន​ផ្សេង​ៗ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​សហការ​នេះ​ លោក លីណា ថា​ទាល់​តែ​សាច់​រឿង​ល្អ​ ដោយ​ឆ្លង​កាត់​ការ​វាយ​តម្លៃ​ពី​ផលិត​កម្ម​ LDជា​មុន​ ទើប​​ផលិត​កម្ម​ចូល​រួម​សហការ​ជា​មួយ​។
 
«យើង (ផលិត​កម្ម​ LD Picture) ចង់​ធ្វើ​ការ​រួម​គ្នា​ជា​មួយ​អ្នក​ពន្ធ​រឿង​ផ្សេង​ៗ និង​អ្នក​ដឹក​នាំ​រឿង​ពី​ខាង​ក្រៅ​។ ក្រុម​ការ​ងារ​យើង​មាន​ច្រើន​ហើយ ប៉ុន្តែ​យើង​នៅ​តែ​ត្រូវ​ការ​​អ្នក​ខាង​ក្រៅ​ ព្រោះ​ទស្ស​និកជន​ គាត់​ចង់​បាន​អ្វី​ដែល​ថ្មី​។ ផលិត​កម្ម​មិន​មែន​ជា​ដៃ​គូ​ប្រកួត​ប្រជែង​គ្នា​ឡើយ តែ​ជា​ភាគី​ត្រូវ​សហការ​គ្នា ព្រោះ​វិស័យ​ភាព​យន្ត​នៅ​ស្រុក​ខ្មែរ​នៅ​តូច​ គួរ​តែ​ពង្រីក​គួរ​តែ​សហការ​គ្នា»។ នេះ​ជា​ការ​អះ​អាង​របស់​លោក លីណា។ 
 
ជា​តួឯក​ស្រី​ក្នុង​រឿង “​ខ្មោច​ចូល​” កញ្ញា លឹម ស្រីពៅ​ ដែល​មាន​ឈ្មោះ​ក្នុង​សិល្បៈ​ថា អេឡា បាន​បង្ហាញ​អារម្មណ៍​ពេញ​ចិត្ត​ខ្លាំង​ ដែល​បាន​សម្ដែង​ក្នុង​រឿង​នេះ​។ សប្បាយ​ចិត្ត​ខ្លាំង ដោយ​សារ​បាន​សម្ដែង​ក្នុង​ផលិត​កម្ម​ធំ និង​បាន​​សម្ដែង​ជា​មួ​យ​អ្នក​ដឹក​​នាំ​រឿង​ផ្ទាល់ គឺ​លោក​ ហ៊ុយ​ យ៉ាឡេង។ 
 
​ជា​អ្នក​គាំទ្រលោក ហ៊ុយ យ៉ាឡេង តាំង​ពីអំឡុង​​ឆ្នាំ​២០១៦ ក្នុង​រឿង ”វិកល​ចរិត”​ កាល​នោះ ​ស្រីពៅ ​ទើប​តែ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដំបូង។ ក្រោយ​ពី​មើល​រឿង​នោះ​ហើយ នាង​មាន​ក្ដី​ប្រាថ្នា​ចង់​ក្លាយ​ជា​តួ​សម្ដែងដ៏​​ល្អ​ម្នាក់ គឺ​ល្អ​ដូច​ជាលោក​​ ហ៊ុយ យ៉ាឡេង​​​។ នារី​​សើច​ស្រស់​រាង​ខ្ពស់​ស្រឡះ​រូប​នេះ អះអាង​ថា​នាង​តែង​តែ​ស្រមៃ ចង់​ធ្វើ​ការ​ជា​មួយ​លោក យ៉ាឡេង​​។  រហូត​ដល់​ឆ្នាំ​២០២៣​នេះ នាង​ពិត​ជា​រំភើប​ចិត្ត ព្រោះ​បំណង​ប្រាថ្នាបាន​សម្រេច​​​។ 
  
 កញ្ញា លឹម ស្រីពៅ តួឯក​ស្រីក្នុង​រឿង ខ្មោចចូល
 
​នារី​សម្បុរ​សបែក​ផ្លាឈូក​ដ៏​ស្រស់​ស្អាតរូប​នេះ​​បន្ថែម​​៖«​នៅ​ពេល​ដែល​ខ្ញុំ​​បាន​មើល​រឿង “​វិកល​ចរិត” ខ្ញុំ​ពិត​ជា​ចង់​​ក្លាយ​ជា​តួ​សម្ដែង​ដែល​ល្អ​ដូច​ជា​គាត់​ មាន​ទាំង​កាយ​វិកា និង​សកម្មភាព​ដូច​ពិត​។ ខ្ញុំ​តែង​តែ​ចង់​ធ្វើ​ការ​ជា​មួយ​គាត់​។ រហូត​ដល់​​ឆ្នាំ​២០២៣​នេះ ខ្ញុំ​បាន​ធ្វើ​ការ​ជា​មួយ​គាត់​មែន ហើយ​ថែ​ម​ទាំង​បាន​សម្ដែង​ជា​មួយ​គាត់ទៀត​​ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​»។ 
 
ក្នុង​រឿង “​ខ្មោច​ចូល​” អេឡា ថា​ឈុត​ដែល​នាង​ពិបាក​សម្ដែង​ជាង​គេ​ គឺ​ឈុត​វាយ​តួប្រុស​ដោយ​ឈើ​ជ្រុង​។ និយាយ​បណ្ដើរ​សើច​បណ្ដើរ​ នារី​សក់​ក្ដោប​ខ្លី​ត្រឹម​ក​រូប​នេះ​ ពន្យល់​៖«ទស្សនិក​ជន​​មើល​ទៅ​ហាក់​ដូច​ជា​ធម្មតា​ទេ ប៉ុន្តែ​ធាតុ​ពិត​ខ្ញុំ​ថត​ច្រើន​ដង​មែនទែន​។ បង​ ឡេង ពេល​ថត​គាត់​ចូល​ចិត្ត​ពិត។ ខ្ញុំ​មាឌ​តូច​ ហើយ​ឈើ​ជ្រុង​ធំ​ ពេល​ខ្ញុំ​​កាន់​កម្លាំង​ខ្ញុំ​អត់​ដល់​ទេ ហើយ​ពេល​ខ្ញុំ​វ៉ៃ ខ្ញុំ​ព្យាយាម​វ៉ៃ​គាត់​តិច​ៗ ប៉ុន្តែ​គាត់​មិន​យក​ទេ​។
 
ថត​ខុស​ៗ​ គាត់​អត់​យក​រហូត ថត​ច្រើន​ដង​ឡើង​​ខ្ញុំ​អស់​​កម្លាំង​។ លើក​ចុង​ក្រោយ​ខ្ញុំគិត​ថា ខ្ញុំ​ដាក់​មែនទែន​ហើយ​។ ខ្ញុំ​ដាក់​មែន​បង ឮ​សូរ​តែ​ភូស​ហ្មង​ណា។ គាត់​នៅ​ស្ងៀម គាត់​សំងំ​ គាត់​ទប់​ក្បាល​ ខ្ញុំ​គិត​ថា​ចប់​ ឈាម​មក​បាត់​​ហើយ​មិន​ដឹង​? ពេល​នោះ​ភ័យ​ផង លំបាក​ផង​ដោយ​សារ​យើង​ថត​យូរ​មែនទែន​។ ឈុត​នោះ​ខ្ញុំ​ថត​ខុស​ចង់​១០​ដង​ដែរ​»។
 
ចំណែក​ឈុត​ដែល​លំបាក​មួយ​ទៀត ពុំ​មែន​ជា​ការ​សម្ដែង​ឡើយ​ តែ​ជា​​ការ​អង្គុយ​នៅ​មួយ​កន្លែង​ រយៈ​​ពេល​រហូត​ដល់​ទៅ​ជិត​៣​ម៉ោង​ ដោយ​មិន​អាច​កម្រើក​ ឬ​ក្រោក​ទៅ​ណា​បាន​។ 
 
«មាន​ឈុត​មួយ​ទៀត វគ្គ​រលូត​កូន​។ ឈុត​ហ្នឹង​ខ្ញុំ​ត្រូវ​អង្គុយ​នៅ​លើ​ពូក​ហ្នឹង​ ជិត​៣​ម៉ោង​គឺយូរ​មែនទែន។ ខ្ញុំ​មិន​អាច​រើ​ខ្លួន​បាន​ទេ ដើម្បី​កុំ​ឱ្យ​ខុសរ៉ាក់គ័រ (​ខុស​សកម្មភាព ឬ​ខុស​ទីតាំង​ប្លង់​)។ ដោយ​សារ​ឈុត​នេះ​មាន​ឈាម​ ប្រសិន​ខ្ញុំ​បម្រាស​ វា​ខុស​រ៉ាក់​គ័រ​ហើយ​ ឈាម​ហ្នឹង​វា​ប្រឡាក់​ពូក​ទៀត ព្រោះ​យើង​មិន​អាច​ដូរ​ពូក​៣ឬ​៤​ដង​បាន​ទេ ដូច្នេះ​ឈុត​នេះ​លំបាក​មែនទែន​»។ នេះ​ជា​ការ​ត្អូញ​ត្អែរ​របស់​ អេឡា។
  
អ្នក​ទស្សនាដើរ​ចេញ​ពី​រោង​កុន ក្រោយ​មើល​រឿង​ ខ្មោច​ចូល​ ចប់​
 
ចំពោះ​ឈុត​ដែល​នាង​ពេញ​ចិត្ត​បំផុត​វិញ​ គឺ​ឈុត​ដែល​នាង​ច្រៀង​ជា​មួយ​តួឯក​ប្រុស​ មុន​ពេល​តួឯក​ប្រុស​ លា​ភរិយា​ចេញ​ទៅ​ធ្វើ​សង្គ្រាម​។ ឈុត​នេះ​ធ្វើ​ឱ្យ​នាង​ក្ដុក​ក្ដួល ព្រោះ​បុរស​ម្នាក់បាន​​លះ​បង់​គ្រួសារ ​ទៅ​ធ្វើ​​ សង្គ្រាម​​ ដើម្បី​ជាតិ​មាតុភូមិ។
 
ស្រីពៅ និយាយ​ទាំង​ទឹក​មុខ​ស្រងូត​៖«​ដូចក្នុង​រឿង​គាត់​និយាយ​អ៊ីចឹង គាត់​ទៅ​ធ្វើ​សង្គ្រាម​ មិន​មែន​ដើម្បី​បង្កើត​សង្គ្រាម​ទេ គឺ​ធ្វើ​សង្គ្រាម​ដើម្បី​រំលត់​សង្គ្រាម​ ដើម្បី​ឱ្យ​ប្រទេស​ស្ងប់​ស្ងាត់​។ វា​ពិត​ជា​បាន​ប៉ះ​អារម្មណ៍​ខ្ញុំ​។ អ្វី​ៗ​ត្រូវ​រលាយ​ទាំង​អស់​ នៅ​ពេល​មាន​សង្គ្រាម​ សុភមង្គល​គ្រួសារ​ក៏​​គ្មាន​ទៀត​ដែរ​»។
 
តាម​រយៈ​រឿង​នេះ កញ្ញា​ស្នើរ​សុំ​ឱ្យ​មាន​ការ​រួប​រួម​គ្នា ទាំង​កម្រិត​ប្រទេស​​កម្ពុជា និង​ពិភព​លោក ព្រោះ​​នៅ​ពេល​មាន​សង្គ្រាម​ នឹង​​​មាន​ការ​បែក​បាក់ ទាំង​គ្រួសារ បង​ប្អូន ញាតិ​មិត្ត​ ហើយ​គ្រប់​យ៉ាង​ក៏​​រលាយ​។ 
 
វិល​មក​លោក លៀក លីណា វិញ​។ អ្នក​គ្រប់គ្រង​ទូទៅ​នៃ​ផលិត​កម្ម​ LD Picture បាន​បញ្ជាក់​ថា ផលិត​កម្ម​របស់​ខ្លួន​​តែង​​បាន​ដាក់​គោល​ដៅ ​នាំ​ភាព​យន្ត​ខ្មែរ​ទៅ​​ទី​ផ្សារ​ក្រៅ​ប្រទេស ជា​លក្ខណៈ​ផ្លូវ​ការ​​​ក្នុង​ការ​ចែក​ចាយ​។​ បាន​ន័យ​ថា​មាន​ក្រុម​ហ៊ុន ចាំ​ចែក​ផ្សាយ​ត្រឹម​ត្រូវ​ មិន​មែន​ទៅ​ជួយ​រោង​ភាព​យន្ត​គេ​ដើម្បី​ចាក់​បញ្ចាំង​ឡើយ​។
  

 
កន្លង​មក​ផលិត​កម្ម​នេះ​បាន​នាំ​យក​ភាព​យន្ត​ខ្មែរ ចេញ​ទៅ​ទី​ផ្សារ​ក្រៅ​ប្រទេស​បាន​ដោយ​ជោគ​ជ័យ​ផង​ដែរ គឺ​​រឿង “នាឡិកា​ដាស់វិញ្ញាណ” ​(The Clock)​។ ក្រៅ​ពី​នោះ ផលិត​កម្ម​ខាង​លើ​បាន​ត្រៀម​ ភាព​យន្ត​មួយ​ចំនួន​ទៀត ដែល​មាន​ទាំង​ទើប​បញ្ចប់​ការ​ថត និង​បន្ត​ថត​នៅ​ខែ​ខាង​មុខបន្ត​បន្ទាប់​​ទៀត​​​។ ក្នុង​​ភាព​យន្ត​មួយ ផលិត​កម្ម LD បាន​អញ្ជើញ​​​​តួ​សម្ដែង​ភូមាមួយ​រូប​ តួថៃ២​រូប​​ដែល​ល្បី​ខ្លាំង តួវៀតណាម រួម​ទាំង​តួសម្ដែង​ធំៗ​របស់​ខ្មែរ​​​សម្ដែង​ផង​ដែរ​។ រឿង​នេះ​​បាន​ត្រៀម​នាំ​ចេញ ​ទៅក្រៅ​ប្រទេស​យ៉ាង​ច្បាស់​លាស់ ដោយ​​បាន​ភ្ជាប់​ទំនាក់​ទំនង​រួច​រាល់​ហើយ។ លោក​ថារឿង”​ខ្មោច​ចូល” ក៏​​អាច​នាំ​ចេញ​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស​បានដែរ ប៉ុន្តែ​ត្រូវ​ការ​ការ​គាំ​ទ្រ​ពី​ក្នុង​ស្រុក​សិន។
 
«​ធម្មតា​រឿង ទាល់តែ​យើង​ចាក់​ខ្លាំង​ក្នុង​ស្រុក​សិន​ ទើប​គេ​មើល​ឃើញ​ថា ប្រជា​ជន​យើង​គាំ​ទ្រ​ខ្លាំង រឿង​ហ្នឹង​វា​ល្អ​ហើយ ទើប​​គេទទួល​ស្គាល់​ដែរ​។ រឿង ​”នាឡិកា​ដាស់​វិញ្ញាណ” ក្នុង​ស្រុក​គាំ​ទ្រ​ខ្លាំង​ហើយ ពេល​នាំ​ចេញ​ទៅ​ក្រៅ​ គេ​ទទួល​ស្គាល់​​។ គេ​មិន​មែន​ចេះ​តែ​យក​ទេ ទាល់​តែ​រឿង​យើងល្អ​ដែរ​ ទើប​គេ​ទទួល​​។ រឿង​មាន​គុណ​ភាព​ល្អ ​​អ្នក​ណា​ក៏​ធ្វើ​បាន​ដែរ ប៉ុន្តែ​មាន​អ្នក​គាំទ្រ​ឬ​អត់​? 
 
សូម​បញ្ជាក់​ថារឿង “​ខ្មោច​ចូល​” ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី​២៧​ ខែ​កក្កដា ឆ្នាំ​២០២៣​នេះ នៅ​គ្រប់​រោង​កុន​ទាំង​អស់​៕
 
 

Tag:
 សិល្បៈ​
  ភាពយន្ត
  កុន
 
© រក្សាសិទ្ធិដោយ thmeythmey.com