ជាតិ
លទ្ធផលបោះឆ្នោតផ្លូវការ៖ បក្សប្រជាជនបានអាសៈ១២០ ខណៈហ៊្វុនស៊ិនប៉ិចបាន៥
05, Aug 2023 , 12:00 pm        
រូបភាព
លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយរដ្ឋមន្ត្រី រីឯព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នឹងក្លាយជាអ្នកតំណាងរាស្ត្រ។
លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយរដ្ឋមន្ត្រី រីឯព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នឹងក្លាយជាអ្នកតំណាងរាស្ត្រ។
ភ្នំពេញ៖ លទ្ធផលនៃការបោះឆ្នោតនីតិកាលទី៧ កាលពីថ្ងៃទី២៣កក្កដា គណបក្សប្រជាជនកម្ពុជា (CPP) ទទួលបានអាសនៈចំនួន១២០ ខណៈគណបក្សហ៊្វុនស៊ិនប៉ិចបាន៥។ នេះបើតាមការប្រកាសលទ្ធផលទ្ធផលផ្លូវការ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៥សីហា។

ដូចគ្នានឹងលទ្ធផលបឋម និងបណ្ដោះអាសនដែរ គណបក្សប្រជាជន​ទទួលបានសន្លឹកឆ្នោតប្រមាណសរុបជិត៦,៤លាន​សំឡេង។ រីឯ ហ៊្វុនស៊ិនប៉ិចបានជិត៧២ម៉ឺនសំឡេង។ 
ក្នុងចំណោមសន្លឹកឆ្នោតក្នុងហិបជាង៨,២លាន សន្លឹកឆ្នោតបានការមានជិត ៧,៨លានសន្លឹក និងមិនបានការជាង៤៤ម៉ឺនសន្លឹក។ 
 
លទ្ធផលផ្លូវការ ដែលប្រកាសដោយ គ.ជ.ប គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន១២០អាសនៈក្នុងសភា។ រីឯហ៊្វុនស៊ិនប៉ិច ទទួលបាន៥អាសនៈ រួមមានភ្នំពេញ ១អាសនៈ កណ្តាល១ អាសនៈ កំពង់ធំ១ អាសនៈ ព្រៃវែង១អាសនៈ និងកំពង់ចាម១អាសនៈ។ ជាគណបក្សលំដាប់ទីពីរ ហ៊្វុនស៊ិនប៉ិច ដែលស្ថិតក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទទួលបានសំឡេងគាំទ្រសរុបជិត៧២ម៉ឺនសំឡេង។ 
 
ចំពោះ បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រនៃបក្សហ្វ៊ុនស៊ិនប៉ិច គឺមានព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ មណ្ឌលរាជធានីភ្នំពេញ, គង់ បណ្ដូល មណ្ឌលខេត្តកណ្ដាល, ញឿន រ៉ាដែន មណ្ឌលខេត្តកំពង់ចាម, ភឹម រ៉ុង មណ្ឌលខេត្តព្រៃវែង និង នាង ចាន់ណាក់ មណ្ឌលខេត្តកំពង់ធំ។
 
ជាមួយគ្នាដែរ លោក ហ៊ុន ម៉ាណែត នឹងកាន់តំណែងជានាយករដ្ឋមន្ត្រី ជំនួសសម្តេច ហ៊ុន សែន សម្រាប់ដឹកនាំរដ្ឋាភិបាលអាណត្តិទី៧ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក៏នឹងក្លាយជាតំណាង​រាស្ត្រមណ្ឌលរាជធានីភ្នំពេញផងដែរ។ គណបក្សចំនួន១៦ទៀត ដែលបានចូលរួមប្រកួតប្រជែង មិនទទួលបានសំឡេងគ្រប់គ្រាន់សម្រាប់កៅអីតំណាងរាស្ត្រនោះឡើយ។
 
លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីចាប់ពីថ្ងៃទី២២ សីហា
 
រដ្ឋសភា នឹងបើកកិច្ចប្រជុំដំបូងនាថ្ងៃទី២១ និងទី២២ ខែសីហា ហើយលោក ហ៊ុន ម៉ាណែត ក៏នឹងកាន់តំណែងនាយករដ្ឋមន្ត្រី បន្តពីសម្តេច ហ៊ុន សែន ចាប់ពីថ្ងៃទី២២ ខែសីហា ផងដែរ។
 
សម្តេច ហ៊ុន សែន នឹងបញ្ចប់តួនាទីជានាយករដ្ឋមន្ត្រីត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ហើយបើគិតចាប់តាំងពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ មកគឺនឹងមានរយៈពេល១៤០៩៩ថ្ងៃ ឬ៣៨ឆ្នាំ ៧ខែ ៨ថ្ងៃ៕ 
 
 
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com