កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូបង្វឹកអង់គ្លេសថា កីឡាករផ្លាស់ទៅអារ៉ាប៊ីសាអូឌីត មិនប៉ះពាល់ដល់ការតស៊ូមតិ របស់អ្នកស្រលាញ់ភេទដូចគ្នាឡើយ
05, Aug 2023 , 3:19 pm        
រូបភាព
 
លោក Gareth Southgate បាននិយាយថា ការសម្រេចចិត្តរបស់កីឡាករ ផ្លាស់ទៅកាន់ក្លិប Al-Ettifaq ស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត មិនប៉ះពាល់ដល់មុខតំណែងជាអ្នកការពារសិទ្ធិតស៊ូមតិ សម្រាប់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា LGBTQ+ឡើយ។

កីឡាករវ័យ ៣៣ឆ្នាំ Henderson បានចូលរួមជាមួយក្លិប Al-Ettifaq ជាមួយកិច្ចសន្យារយៈពេល ៣ឆ្នាំ ក្រោយរួមរស់រយៈពេល ១២ឆ្នាំ ជាមួយនឹងក្រុម Liverpool កាលពីខែមុន។ ការផ្លាស់ទៅកាន់អារ៉ាប៊ីសាអូឌីត ដែលជាទីកន្លែងប្រកាន់លើការស្រលាញ់ភេទដូចគ្នា ដែលត្រូវបានចាត់ទុកថាខុសច្បាប់ ខណៈ Henderson ជាកីឡាករអង់គ្លេសម្នាក់ ដែលតែងតែគាំទ្រដល់ការស្រលាញ់ភេទដូចគ្នា LGBTQ+។
 
សេចក្តីថ្លែងការណ៍ មួយរបស់ក្រុមអ្នកគាំទ្រ LGBTQ+ នៅក្នុងប្រទេសអង់គ្លេសបាននិយាយថា ខ្សែបម្រើ Henderson «បាត់បង់ការគោរពពីមនុស្សជាច្រើន ដែលបានផ្តល់តម្លៃ និងការទុកចិត្តលើគាត់»។
 
នាកិច្ចសម្ភាសមួយក្នុងកម្មវិធី TalkSPORT លោក Gareth Southgate បានលើកឡើងអំពីការផ្ទេររបស់ កីឡាករវ័យ ៣៣ឆ្នាំ ថាមិនប៉ះពាល់ដល់ការតស៊ូមតិសម្រាប់អ្នកស្រលាញ់ភេទដូចគ្នាឡើយ។
 
«វាមិនមែនជារឿងសម្រាប់ខ្ញុំដែលត្រូវវិនិច្ឆ័យបុគ្គលណាម្នាក់ឡើយ ថាតើពួកគេនៅក្នុងបាល់ទាត់ ឬនៅក្នុងឧស្សាហកម្មផ្សេងទៀតទេ។ ខ្ញុំមិនគិតឡើយថារូបគេនឹងផ្លាស់ប្តូរនូវអ្ វីដែលរូបគេធ្លាប់បានធ្វើនឹងជឿជាក់លើ ដូច្នេះយើងកំពុងតែស្ថិតនៅក្នុងពិភពដ៏ស្មុកស្មាញមួយ […] ការផ្លាស់ទៅទឹកដីអារ៉ាប៊ីសាអូឌីត មិនប៉ះពាល់ដល់តំណែងអ្នកតស៊ូមតិសម្រាប់អ្នកស្រលាញ់ភេទដូចគ្នា LGBTQ+ របស់ Henderson ឡើយ នេះគ្រាន់តែពួកគេមានទស្សនៈខ្លាំងចំពោះរឿងនេះតែប៉ុណ្ណោះ។»។ លោក Southgate បាននិយាយបែបនេះ។
 
មកដល់ពេលបច្ចុប្បន្ននេះក្របខណ្ឌ ​Saudi Pro League បានប្រមូលយកកីឡាករល្បីៗពីតំបន់អឺរ៉ុបប្រមាណជាង ២០នាក់ ដោយបានចាយប្រាក់ជាង ៥០០លានដុល្លារ ត្រឹមរយៈពេល ២ខែចុងក្រោយ។ 
 
កីឡាករដែលបានផ្លាស់ទៅរួមមានម្ចាស់ពាន Ballon d’Or ១សម័យ Karim Benzema, និងម្ចាស់ពានរង្វាន់ World Cup 2018 កីឡាករ N’Golo Kante។ មិនត្រឹមតែប៉ុណោះលោក Steven Gerrard ក៏បានទៅដឹកនាំក្រុម Al-Ettifaq ផងដែរ៕
 

Tag:
 Jordan Henderson
  Gareth Southgate
© រក្សាសិទ្ធិដោយ thmeythmey.com