ជាតិ
មន្រ្តីបសុព្យាបាល ឱ្យពលរដ្ឋថែទាំសត្វចិញ្ចឹម ដោយប្រុងប្រយ័ត្ន នារដូវវស្សា ដើម្បីបង្ការពីជំងឺផ្សេងៗ
05, Aug 2023 , 8:19 pm        
រូបភាព
មន្រ្តីចុះអប់រំកសិករថែទាំសត្វចិញ្ចឹមនាពេលកន្លងមក។ រូបភាពពីលោក ព្រំ វិច
មន្រ្តីចុះអប់រំកសិករថែទាំសត្វចិញ្ចឹមនាពេលកន្លងមក។ រូបភាពពីលោក ព្រំ វិច
សៀមរាប៖ ជាធម្មតានៅរដូវវស្សាដែលមានភ្លៀងធ្លាក់ជោកជាំ សត្វចិញ្ចឹមងាយនឹងកើតជំងឺណាស់។ មន្រ្តីពេទ្យសត្វ ស្នើឱ្យពលរដ្ឋថែទាំសត្វចិញ្ចឹមឱ្យបានល្អ ជៀសវាសកើតជំងឺឆ្លងផ្សេងៗ។

ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តសៀមរាប លោក ព្រំ វិច បានឱ្យដឹងថា ជាទូទៅនារដូវវស្សានេះសត្វគោក្របី ភាគច្រើនមានជំងឺអុតក្ដាម និងសាទឹក។ ក្រៅពីនេះ សត្វទាំងនោះតែងមានជំងឺរាគ ដោយសារចំណីខ្លះ ដូចជាស្មៅមានពពួកផ្សិតទុំនៅជាដើម។ លោក ព្រំ វិច សុំឱ្យពលរដ្ឋថែទាំសត្វចិញ្ចឹម ដោយយកចិត្តទុកដាក់ ប្រសិនមានបញ្ហាណាមួយ​ដូចជាសត្វឈឺ ប្រញាប់រាយការណ៍ទៅភ្នាក់ងារពេទ្យសត្វនៅមូលដ្ឋាន ដើម្បីបង្ការឬសង្រ្គោះ បានទាន់ពេលវេលា។ 
 
យ៉ាងណាមិញ លោក ព្រំ វិច បញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហាជំងឺដែលកើត លើសត្វចិញ្ចឹម ពុំសូវផ្ទុះខ្លាំងទេនៅខេត្តសៀមរាប ព្រោះភ្នាក់ងារពេទ្យសត្វ ដែលមាន​ជាង២០០នាក់​ តាមបណ្ដាភូមិស្រុកទាំង១២ បានចុះផ្សព្វផ្សាយ និងចាក់វ៉ាក់សាំងដល់សត្វជាទៀងទាត់ ក្នុងមួយឆ្នាំ​២ដង។ លោកបន្ថែមថា ភ្នាក់ងារពេទ្យសត្វបានចុះអប់រំ ផ្សព្វផ្សាយដល់ពលរដ្ឋឱ្យយល់ពីបញ្ហានានា និងជំរុញឱ្យកសិករនាំសត្វចិញ្ចឹមមកចាក់ថ្នាំ តាមពេលវេលាបានកំណត់។ 

សត្វគោរបស់កសិករនៅខេត្តសៀមរាប។ រូបភាពពីលោក ព្រំ វិច

មន្រ្តីខាងលើបានបន្តពន្យល់ដល់ពលរដ្ឋដូច្នេះថា៖« សូមឱ្យកសិករ បើចង់ចិញ្ចឹមសត្វធ្វើ​ម៉េច​ត្រូវស្រឡាញ់វាដូចសមាជិកម្នាក់ក្នុងគ្រួសារដែរ កុំធ្វេសប្រហែសបោះបង់ចោល នោះលទ្ធផល​ក៏ដូចគ្នា​ដែរ កាលណាយើងស្រឡាញ់វា វាក៏ស្រឡាញ់យើងដែរ។ ទី២គិតគូរជម្រក កុំយកវាទៅចង​នៅវាលរហោដ្ឋាន ត្រូវមានជម្រកត្រឹមត្រូវ ជៀសវាងកន្លែងចងវា​​កុំសើមពេក កន្លែងដេកសំខាន់។ ចំណី នៅរដូវវស្សានេះ​វាខ្វះចំណីបន្ដិច ម្ចាស់ត្រូវរកចំណីបន្ថែម ដូចជាចំប៉ើង ស្មៅ ជ្រូតលាយជាមួយចំប៉ើង​បន្ថែមឱ្យវា»។ 
 
លោក ព្រំ វិច បន្ថែមថា ទឹកក៏សំខាន់ដែរសម្រាប់សត្វ មិនអាចឱ្យវាចេះតែផឹកបានទេ គឺត្រូវយកទឹកស្អាត ហើយចាក់វ៉ាក់សាំងតាមកម្មវិធីដែលភ្នាក់ងារពេទ្យសត្វបានផ្សព្វផ្សាយ៕
 
 
 

Tag:
 ពេទ្យសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com