ជាតិ
ពលរដ្ឋជាង១ពាន់គ្រួសារក្នុងខេត្តសៀមរាបកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
05, Aug 2023 , 4:39 pm        
រូបភាព
អាជ្ញាធរចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនាពេលកន្លងមក។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប
អាជ្ញាធរចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនាពេលកន្លងមក។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ ជំនន់ទឹកភ្លៀងបាននិងកំពុងបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន ពិសេសស្រែចម្ការ ដែលត្រូវជន់លិច។ តំបន់ខ្លះនៅខេត្តសៀមរាបក៏បានជន់លិចដែរ តែមិនទាន់ដល់កម្រិតធ្ងន់ធ្ងរនៅឡើយ។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានចុះពិនិត្យមើលស្ថានភាព​ជំនន់ទឹកភ្លៀង​តាមតំបន់មួយចំនួន ខណៈទឹកភ្លៀងបានបង្អុរធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា។ តាមការចុះផ្សាយរបស់រដ្ឋបាលខេត្ត សៀមរាប ក្រុមមន្រ្តីបានចុះមើលស្ថានភាពទឹកនៅស្រុកក្រឡាញ់ អង្គរជុំ និងស្រុកវ៉ារិន ដែលជាភូមិសាស្រ្ត មានជំនន់ទឹកភ្លៀងខ្លាំងជាងគេនាពេលកន្លងមក។
 
រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា គិតពីថ្ងៃទី២២ កក្កដា ដល់ថ្ងៃទី៣ សីហា ជំនន់ទឹកភ្លៀងបាន​ប៉ះពាល់ដល់​ប្រជាពលរដ្ឋក្នុងស្រុកចំនួន៥ រួមមាន ស្រុកសូទ្រនិគម បន្ទាយស្រី វ៉ារិន អង្គរជុំ និងក្រឡាញ់ ដែលសរុបមានចំនួន ១,៣២៧គ្រួសារ។ ក្នុងនោះប៉ះពាល់ស្រូវសរុប ១,៣០៥ហិកតា ស្មើនឹង ១,២៨៥គ្រួសារ លិចបរិវេណផ្ទះកម្រិតស្រាល ៤២ខ្នង ស្មើនឹង ៤២គ្រួសារ លិចបរិវេណសាលារៀន ២កន្លែង លិចផ្លូវប្រវែង ៣,១០៨ម៉ែត្រ និងខូចខាតប្រវែង ៩៧៨ម៉ែត្រ លិចស្ពាន ៨កន្លែង និងខូចប្រវែង ៣៨ម៉ែត្រ លិចខ្នងទំនប់ប្រវែង ១៥ម៉ែត្រ និងខូចប្រវែង ១៥ម៉ែត្រផងដែរ៕
 
 
 
 

Tag:
 ជំនន់ទឹកភ្លៀងសៀមរាប២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com