កីឡាអន្តរជាតិ
អន្តរជាតិ
លោក Guardiola ៖ Arsenal កំពុងស្ថិតក្នុងភាពល្អប្រសើរខ្លាំងជាង Man City
05, Aug 2023 , 8:59 pm        
រូបភាព
ក្រុមកាំភ្លើងធំ Arsenal កំពុងតែមានប្រៀបខ្លាំងជាក្រុម Manchester City មុនជំនួបពានរង្វាន់បើករដូវកាលថ្មី Community Shield មក ដោយសារតែក្រុមមេឃខៀវរបស់លោក ឆ្លងកាត់ការប្រកួតច្រើនលើសលុប កាលពីរដូវកាលមុន ។

ក្រុមរហ័សនាមមេឃខៀវ កាលពីរដូវកាលមុនបានឆ្លងកាត់ការប្រកួតយ៉ាងមមាញឹកខ្លាំង ហើយក៏ជារដូវកាលមួយដ៏ជោគជ័យបំផុត សម្រាប់ពួកគេដែលអាចឈ្នះពានរង្វាន់ ៣ ដោយមាន Premier League, Champions League និង FA Cup។ 
 
តែយ៉ាងណាជាមួយនឹងកាលវិភាគដ៏ច្រើននេះហើយ បានធ្វើឱ្យការត្រៀមខ្លួនសម្រាប់រដូវកាលថ្មីរបស់ក្រុម Man City មានភាពថមថយនៃកម្លាំង នឹងមិនទទួលបានពេលវេលាគ្រប់គ្រាន់សម្រាក ក៏ដូចជាការស្វែងរកកីឡាករថ្មីមកចូលរួមក្រុមទាន់ពេលមុនរដូវកាលថ្មី ខណៈកីឡាករល្អៗធ្លាប់ជួយក្រុមមួយចំនួនបានចាកចេញ។ សម្រាប់ក្រុម Arsenal មិនសូវជាមានកាលវិភាគច្រើន ដូចក្រុមរបស់លោក Guardiola ហើយក្រុមក៏មានពេលវេលាគ្រប់គ្រាន់នាំយកកីឡាករជាច្រើនមកចូលរួមក្រុម និងត្រៀមខ្លួនបានល្អប្រសើរ។
 
«កាលៈទេសៈដែលយើងកំពុងស្ថិតនៅ​ គឺយើងបានបញ្ចប់រដូវកាលមុន ២សប្តាហ៍ក្រោយក្រុម Arsenal ហើយយើងបានចាប់ផ្តើមឡើងវិញនៅ ២សប្តាហ៍បន្ទាប់ ដូច្នេះយើងមិនស្ថិតក្នុងភាពល្អប្រសើរឡើយ។ យើងជួបបញ្ហាក្នុងការចាប់ផ្តើមឡើងវិញរាល់រដូវកាល តែវាមិនជាបញ្ហានោះទេ យើងសង្ឃឹមថាការតាំងចិត្តរបស់យើងកម្លាំងថាមពលនឹងជួយជំរុញយើងក្នុងពេលប្រកួតប្រជែង។»។ លោក Pep Guardiola បាននិយាយបែបនេះប្រាប់ទៅអ្នកកាសែត។
 
ម្ចាស់ពានរង្វាន់ Premier League និង Champions League ក្រុម Man City នឹងចាប់ផ្តើមការប្រកួតពានរង្វាន់ Community Shield ត្រៀមបើករដូវកាល ២០២៣​-២៤ ទល់ក្រុម Arsenal នៅថ្ងៃទី៦ ខែសីហា៕
 
 

Tag:
 Pep Guardiola
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com