ជាតិ
«នគរភ្នំឈើកាច់បាភ្នំ» ត្រូវបានរដ្ឋាភិបាលបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ​
05, Aug 2023 , 9:39 pm        
រូបភាព
«នគរភ្នំឈើកាច់បាភ្នំ» បានក្លាយជាតំបន់បេតិកភណ្ឌធម្មជាតិចាប់ពីថ្ងៃទី៣សីហា ឆ្នាំ២០២៣ តទៅ។ រូបថត៖ ក្រសួងបរិស្ថាន
«នគរភ្នំឈើកាច់បាភ្នំ» បានក្លាយជាតំបន់បេតិកភណ្ឌធម្មជាតិចាប់ពីថ្ងៃទី៣សីហា ឆ្នាំ២០២៣ តទៅ។ រូបថត៖ ក្រសួងបរិស្ថាន
រដ្ឋាភិបាល សម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ​«នគរភ្នំឈើកាច់បាភ្នំ» ដែលមានផ្ទៃដីសរុប១២៥,២៧៧៥ហិតកា(មួយរយម្ភៃប្រាំហិចតាម្ភៃប្រាំពីរអាចិតសិបប្រាំសង់ទីអា)​នាថ្ងៃទី៣សីហា ឆ្នាំ២០២៣​។ ការសម្រេចនេះ គឺធ្វើឡើងដើម្បីការពារ ថែរក្សានគរូបនីយកម្ម និងទីតាំងប្រវត្តិសាស្រ្តអតីតសម័យហ្វូណន«នគរភ្នំ»​ ដែលជាទឹកដីដំបូងបង្អស់របស់កម្ពុជា។​



ក្រៅពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ​«នគរភ្នំឈើកាច់បាភ្នំ»ហើយនោះ រដ្ឋក៏បានកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវតិ្តសាស្ត្រ ក្នុងតំបន់នេះចំនួន៩ទីតាំង ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំជើងភ្នំ ឃុំឈើកាច និងឃុំរោងដំរី ខេត្តព្រៃវែង ផងដែរ។ 
 
អនុក្រឹត្យស្តីពី«ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ «នគរភ្នំលើកាច់បាភ្នំ » បានបង្ហាញថា តំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រទាំង៩នោះមាន ១៖ ភ្នំបាភ្នំ មានផ្ទៃដី ១០១,៤១១៩ហិកតា(មួយរយមួយហិកតា សែសិបមួយអាដប់ប្រាំបួនសង់ទីអា)។ ២៖ ប្រាសាទអង្គច័ន្ទ មានផ្ទៃដីទំហំ០,៦៣៨៥ហិកតា(ហុកសិបបីអាប៉ែតសិបប្រាំសង់ទីអា), ៣៖ វត្តវិហារគុហ៍ មានផ្ទៃដី១,៣៦៤២ហិកតា (មួយហិកតាសាមសិបប្រាំមួយអាសែសិបពីរអាទីអា)។​
 
៤៖ វត្តវិហារធំ មានផ្ទៃដី ៣,១៤៥១ហិកតា(បីហិកតាដប់បួនអាហាសិបមួយសង់ទីអា), ៥៖ ព្រះបិទបាយ មានផ្ទៃដី ៨,០៦០៧ហិកតា(ប្រាំបីហិកតាប្រាំមួយអាប្រាំពីរសង់ទីអា), ៦៖ អ្នកតាមេសរ មានផ្ទៃដី០,៧៨១២ហិកតា(ចិតសិបប្រាំបីអាដប់ពីរសង់ទីអា),​ ៧៖ ស្រះស្រង់ មានផ្ទៃដី ១,៥៨១៦ហិកតា(មួយហិកតាហាសិបប្រាំបីអាដប់ប្រាំមួយសង់ទីអា), ៨៖ ភ្នំវត្តកំពូលភ្នំឈើកាច​ មានផ្ទៃដី២,៥២៦៤ហិកតា(ពីរហិកតាហាសិបពីរអា ហុកសិបបួនសង់ទីអា) និង៩៖ ជាមណ្ឌលមុនីស្ថានតាបសភ្នំតូច​ មានផ្ទៃដី៥,៧៦៧៩ហិកតា(ប្រាំហិកតាចិតសិបប្រាំមួយអាចិចសិបប្រាំបួនសង់ទីអា)។ 
 
រដ្ឋាភិបាលសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ «នគរភ្នំលើកាច់បាភ្នំ» ក្នុងគោលដៅការពារ ថែរក្សានគរូបនីយកម្ម និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ធម្មជាតិ និងទីតាំងប្រវត្តិសាស្រ្តអតីតសម័យហ្វូណន«នគរភ្នំ»​ ដែលជាទឹកដីដំបូងបង្អស់របស់កម្ពុជា និងការពារតួនាទីប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់គ្រប់ជំនាន់។
 
តំបន់បេតិកភណ្ឌធម្មជាតិនេះ ក៏ជួយការពារនូវសោភណភាព ទេសភាពធម្មជាតិ ទេសភាពវប្បធម៌ និងការពារទីសក្ការៈបូជាសម្រាប់បម្រើដល់ជំនឿ ការកម្សាន្ត ការទស្សនា ការអប់រំ និងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងប្រវត្តិសាស្ត្រ ដែលគ្រប់សកម្មភាពទាំងនេះ​ មិនបង្កការគំរាមកំហែងដល់បរិស្ថាន ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌។​​ 
 
លើសពីនេះ​ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ «នគរភ្នំលើកាច់បាភ្នំ» ក៏ដើម្បីផ្តល់សេវាធម្មជាតិ និងបេតិកភណ្ឌ​សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជា សាធារណជនក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការថែរក្សា ការការពារ និងការអភិវឌ្ឍជីវៈចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្ស។​
 
ចំពោះកិច្ចការងារនេះ​ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានសមត្ថកិច្ចរៀបចំ គ្រប់គ្រងតំបន់បេតិកភណ្ឌធម្មជាតិ និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រនគរភ្នំឈើកាច់បាភ្នំ ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដែលមានមន្ទីរបរិស្ថាន និងមន្ទីវប្បធម៌ និងវិចិត្រសិល្បៈ ជាលេខាធិការដ្ឋាន។ ក្រុមការងារអចិន្ត្រៃយ៍មានតួនាទីដឹកនាំ ថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍតំបន់បេតិកភណ្ឌធម្មជាតិ និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ នគរភ្នំលើកាចបាភ្នំ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធនមាន៕ 
 
 
 

Tag:
 តំបន់បេតិកភណ្ឌធម្មជាតិ​
  ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com