កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី ៖ អេស្ប៉ាញបំបាក់ស្វ៊ីសចាស់ដៃ ៥-១ ដើម្បីឡើងវគ្គ ៨ក្រុមចុងក្រោយ
05, Aug 2023 , 4:59 pm        
រូបភាព
ក្រុមនារីអេស្ប៉ាញជាក្រុមដំបូងគេឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ក្រោយបំបាក់ក្រុមនារីស្វ៊ីសយ៉ាងចាស់ដៃក្នុងលទ្ធផល ៥-១ នាការប្រកួតនៃព្រឹត្តិការណ៍ Women’s World Cup 2023 ថ្ងៃទី៥ ខែសីហា។

ស្វ៊ីសអាចទប់ទល់រក្សាសំណាញ់ទីរបស់ខ្លួន ៣លើកជាប់គ្នាអំឡុងការប្រកួតនៅវគ្គចែកពូល ប៉ុន្តែពួកគេមិនអាចទប់ទល់នឹងការសម្រុកខ្លាំងរបស់ក្រុមនារីអេស្ប៉ាញបាន នៅការប្រកួតវគ្គ ១៦ក្រុមចុងក្រោយបាន។
 
៥គ្រាប់របស់អេស្ប៉ាញកើតឡើងដោយកីឡាការិនី Aitana Bonmati Conca ចំនួន ២គ្រាប់នៅនាទី៥ និងនាទី៣៦ វគ្កទីមួយដូចគ្នា។ ត្រឹមវគ្គទីមួយអេស្ប៉ាញលត់ស្វ៊ីសដល់ទៅ ៤គ្រាប់ ។



ក្រៅពីកីឡាការិនី Bonmati រកបាន ២គ្រាប់ម្នាក់ឯង កីឡាការិនី Alba Maria Redondo Ferrer រកបាន ១គ្រាប់នៅនាទី១៧ និងកីឡាការិនី Laia Codina Panedas នៅទី៤៥ ហើយគ្រាប់បាល់ទី៥ កើតឡើងនៅនាទី៧០ ដោយកីឡាការិនី Jennifer Hermoso Fuentes។ ស្វ៊ីសរកបាន ១គ្រាប់នៅនាទី១១ ជាការស៊ុតបាល់ចូលទីខ្លួនឯងរបស់កីឡាការិនី Panedas។
 
ជ័យជម្នះរបស់អេស្ប៉ាញ លើស្វ៊ីសធ្វើកើតឡើងក្រោមក្រសែភ្នែករបស់អ្នកគាំទ្រប្រមាណ ៤៣,២១៧នាក់ ដែលជាកំណត់ត្រាសម្រាប់កាប្រកួតបាល់ទាត់ ដែលមានអ្នកចូលទស្សនាច្រើនបំផុតក្នុងប្រទេសនូវែលសេឡង់។
 
ក្រុមនារីស្វ៊ីសដែលមានកម្រិតលេខ ២០លើពិភពលោក កាលពីឆ្នាំ ២០១៥ នៃព្រឹត្តិការណ៍ World Cup ពួកគេក៏បានធ្លាក់ចេញត្រឹមវគ្គ ១៦ក្រុមនេះដូចគ្នាផងដែរ។ អេស្ប៉ាញឆ្លងកាត់មកវគ្គ ១៦ក្រុមនេះ បានយកឈ្នះការប្រកួតក្នុងពូលរបស់ខ្លួន ២ប្រកួតដោយឈ្នះលើក្រុម Costa Rica និង Zambia ដោយសរុបគ្រាប់បាល់បានចំនួន ៨គ្រាប់ តែប្រកួតចាញ់ក្រុមនារីជប៉ុន ៤-០។
 
អេស្ប៉ាញនឹងត្រូវរង់ចាំក្រុមដែលឈ្នះការប្រកួតរវាងក្រុមនារីហូឡង់ទល់នឹងក្រុមនារីអាហ្វ្រិកខាងត្បូង នៅវគ្គ ៨ក្រុមចុងក្រោយ ខណៈដែលក្រុមទាំងពីរត្រូវប្រជែងគ្នានៅវគ្គ ១៦ក្រុមជាមុនសិន៕
 

Tag:
 Women’s World Cup 2023
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com