កីឡាអន្តរជាតិ
អន្តរជាតិ
FA អូស្ត្រាលី ៖ Women’s World Cup កំពុងឈានដល់ការបំបែកកំណត់ត្រានៃអ្នកចូលទស្សនា
05, Aug 2023 , 5:39 pm        
រូបភាព
លោក James Johnson នាយកប្រតិបត្តិសមាគមបាល់ទាត់អូស្ត្រាលី FA ថ្ងៃទី៤ ខែសីហា និយាយថាព្រឹត្តិការណ៍ Women’s World Cup 2023 នឹងក្លាយជាការប្រកួតដែលមានអ្នកចូលរួមទស្សនាច្រើនជាងគេបង្អស់ ហើយកំពុងតែឈានដល់ការបំបែកកំណត់ត្រាចាស់ ដែលកាន់កាប់ដោយប្រទេសកាណាដា កាលឆ្នាំ ២០១៥។

នាយកប្រតិបត្តិដដែលរូបនេះ បានអះអាងទៀតថា ភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Women’s World Cup នឹងជាផ្លូវសម្រាប់ប្រទេសអូស្ត្រាលី រៀបចំការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោកបុរស World Cup នៅពេលក្រោយៗទៀត។
 
«បន្តិចទៀតនឹងមានមនុស្សច្រើនប ន្ថែមទៀតចូលរួមទស្សនាការប្រកួត ហើយច្រើនជាងការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោកស្រ្តីដទៃទៀត។»។ នេះបើតាមសម្តីលោក Johnson បាននិយាយក្នុងសន្និសីទកាសែតមួយក្រោយបញ្ចប់ការប្រកួតវគ្គចែកពូល ដែលធ្វើឡើងក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ជាសហម្ចាស់ផ្ទះរៀបចំការប្រកួត។
  


អ្នកគាំទ្រការប្រកួតប្រមាណជាង ១,២លាននាក់បានចូលរួមទស្សនាការប្រកួត ហើយបានធ្វើឱ្យអ្នករៀបចំមានក្តីរំពឹងថា កំណើននេះនឹងកើនឡើងដល់ ១,៩​លាននាក់ នៅពេលបញ្ចប់ការប្រកួតទាំងស្រុង នៅថ្ងៃទី២០ ខែសីហា។
 
នាយកប្រតិបត្តិ FA បានបន្ថែមដូច្នេះថា ៖ «គោលដៅរបស់យើងគឺចំនួនអ្នកទស្សនាប្រមាណ ១,៥លាននាក់ ហើយយើងនឹងឆ្លងកាត់វា។ ចំនួនអ្នកទស្សនាដ៏ច្រើននេះនឹងអាចក្លាយរឿងរ៉ាវមួយ ដែលត្រូវបានឮពីមនុស្សគ្រប់គ្នាលើពិភពលោក ដែលជាចំនួនបំបែកកំណត់ត្រាមួយ។»។
 
ការប្រកួតព្រឹត្តិការណ៍ Women’s World Cup 2023 ជាការប្រកួតបង្ហាញពីមុខមាត់ថ្មីមួយ ដែលមានប្រទេសចំនួន ២ អូស្ត្រាលី និងនូវែលសេឡង់ ធ្វើជាសហម្ចាស់ផ្ទះ និងមានរចនាសម្ព័ន្ធការប្រកួតថ្មីដោយបង្កើនចំនួនក្រុមដល់ ៣២ក្រុមលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ៕
 

Tag:
 Women’s World Cup 2023
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com