ជាតិ
យុវជន យល់ថា ការរៀនជំនាញវិជ្ជាជីវៈ ចំណេញពេល និងឆាប់មានការងារធ្វើ
06, Aug 2023 , 9:19 am        
រូបភាព
(ស្ដាំ) និស្សិត ប៊ន សុផាត់ និស្សិត នូ ផាន់នី (កណ្ដាល) និងនិស្សិត សឿន ភក្ដី (ឆ្វេង)
(ស្ដាំ) និស្សិត ប៊ន សុផាត់ និស្សិត នូ ផាន់នី (កណ្ដាល) និងនិស្សិត សឿន ភក្ដី (ឆ្វេង)
សៀមរាប៖ យុវជនកាន់តែច្រើន បានងាកមករៀនជំនាញវិជ្ជាជីវៈ ដូចជាផ្នែកអគ្គិសនី រថយន្ត និងគ្រឿងអេឡិកត្រូនិកជាដើម។ ពួកគេយល់ថា រៀនឆាប់ចេះ និងមានទីផ្សារការងារល្អ។

ប៊ន សុផាត់ ជានិស្សិតទើបបញ្ចប់ថ្នាក់បរិញ្ញាបត្ររងផ្នែកវិស្វកម្មសំណង់ស៊ីវិល នៃវិទ្យាស្ថានជាតិពហុ​បច្ចេកទេស​​អង្គរ។ សុផាត់ បានចូលហ្វឹកហាត់ការងារតាំងពីរៀនឆ្នាំទី១ និងកំពុងបំពេញការងារក្នុង​ក្រុមហ៊ុនឯកជនមួយកន្លែង ដែលចុះម៉ៅការសំណង់តាមខេត្តរាជធានីផ្សេងៗ។ ទោះសិក្សាបានពីរឆ្នាំ តែយុវជន សុផាត់ មានជំនឿចិត្តខ្ពស់លើបទពិសោធន៍ការងារដែលមាន និងចំណេះដឹងដែលរៀនពី សាលា។ 
 
«តាមសមត្ថភាពអាចធ្វើ ​ចូល៨០ទៅ៩០ភាគរយព្រោះបានចូលធ្វើការជាមួយក្រុមហ៊ុន​តាំងពី​ចូលរៀនឆ្នាំទី១។ ក្នុងនោះជាមួយក្រុមហ៊ុនក្នុងគម្រោងផ្លូវ៣៨ខ្សែក្រុងសៀមរាប និងគម្រោងខាង​បាត់ដំបង់ជាមួយខាងADBជាដើម»។ នេះជាការបញ្ជាក់ពីយុវជន សុផាត់។
 
យុវជន សុផាត់ ក៏បានលើកទឹកចិត្តដល់យុវជនដទៃទៀតដែលរៀនបានតិច និងមិនបាន​ចប់បាក់ឌុបជាដើមដោយសារកត្តាជីវភាព និងផ្សេងៗកុំអាលអស់សង្ឃឹម គឺត្រូវចូលរៀនជំនាញវិជ្ជាជីវៈ​ដែលខ្លួនស្រឡាញ់ ដើម្បីបានជំនាញមួយសម្រាប់ខ្លួនឯងនាពេលអនាគត។ សុផាត់ បន្ថែមថា៖​«ប្រសិនប្អូនៗបោះបង់​ការសិក្សា រៀនទាប អាចមករៀនជំនាញបច្ចេកទេស ដោយសាលា​មានផ្តល់​អាហារូបករណ៍ ការឧបត្ថម្ភចាប់ពីC1 ដល់បរិញ្ញាបត្រ ហើយសាលានឹងផ្តល់ឱកាសការងារ មិនបាច់​ចំណាកស្រុកទៅក្រៅទេ»។
 
ចំណែកលោកស្រី នូ ផាន់នី បច្ចុប្បន្នជាមន្រ្តីបម្រើការងារនៅអគ្គិសនីសៀមរាប។ ទើបទទួលសញ្ញាបត្រ​បរិញ្ញាបត្ររងអគ្គិសនី ស្រ្តីរូបនេះបញ្ជាក់ថា ស្រ្តីក៏អាចរៀនជំនាញអគ្គិសនីបានដែរ ហើយជំនាញមិន​ប្រកាន់​​ភេទទេ សំខាន់យើងមានគោលដៅមួយពិតប្រាកដ។ ក្នុងបទសម្ភាសជាមួយ​សារព័ត៌មានឌីជីថលថ្មីៗនៅចុងខែ កក្កដា លោកស្រី ផាន់នី ពន្យល់ដូច្នេះថា៖«ជំនាញនេះនារីមានតិច និងចង់លើកទឹកចិត្តនារីកាន់តែច្រើន ចូលរៀនផ្នែកហ្នឹងដើម្បីលើកកម្ពស់ផ្នែកនេះសម្រាប់នារី»។
 
ក្រៅពីពេញចិត្តរៀនជំនាញអគ្គិសនី លោកស្រី ផាន់នី បញ្ជាក់ថា ខ្លួនក៏ទទួលបានការលើកទឹកចិត្តពី គ្រួសារផងដែរ។ ដ្បិតអីពួកគេយល់ថា ជំនាញនេះមានទីផ្សារល្អ គ្រប់ទីកន្លែងសុទ្ធតែមានតម្រូវការភ្លើង ដូច្នេះវត្តមានស្រ្តីក៏នឹងជួយអភិវឌ្ឍន៍វិស័យនេះកាន់តែល្អប្រសើរផងដែរ។ លោកស្រី ផាន់នី បន្ថែមថា៖« ជំនាញនេះសំខាន់សម្រាប់ទីផ្សារ បច្ចុប្បន្នប្រជាជនត្រូវការភ្លើងច្រើន។​ សូមឱ្យមានការជំរុញ​​លើកទឹកចិត្ត​​អំពីអ្នកជុំវិញខ្លួន សង្គមឱ្យនារីចូលរៀនអគ្គិសនីច្រើន ជាការល្អសម្រាប់​សង្គម មិនមែនបុរសធ្វើបាន នារីធ្វើមិនបាននោះទេ»។ 
 
មន្រ្តីគ្រប់គ្រងកិច្ចសន្យានៃអគ្គិសនីសៀមរាបរូបនេះ ក៏បានបង្ហាញក្ដីមោទកភាពសម្រាប់ខ្លួនឯងផងដែរ​ដែលបានរៀនជំនាញនេះ ពិសេសអរគុណសាលា​ដែលមានវគ្គសិក្សាជាច្រើនសម្រួលដល់សិស្សក្រីក្រ និងអ្នករៀនបានទាប ឱ្យពួកគេបានចូលរៀន និងការឧបត្ថម្ភផ្សេងៗ។
 
ងាកទៅយុវជន សឿន ភក្តី នោះវិញ ក៏ទើបបញ្ចប់ថ្នាក់បរិញ្ញាបត្ររងផ្នែកវិទ្យាសាស្រ្ត និងព័ត៌មានវិទ្យា  ឬហៅថា IT ពីវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរផងដែរ។ ភក្ដីយល់ថា សាលានេះផ្តល់ឱកាសល្អ សម្រាប់យុវជន ពិសេសអ្នកសិក្សាបានតិច បោះបង់ការសិក្សាជាដើម ព្រោះសាលានេះទទួលសិស្សឱ្យ រៀនមិនគិតពីកម្រិតថ្នាក់ឡើយ។ 
 
ដូចយុវជនដទៃទៀតដែរ ភក្ដី មើលឃើញពីសារសំខាន់នៃជំនាញវិជ្ជាជីវៈ។ ភក្ដី លើកឡើងដូច្នេះថា៖« តាមសព្វថ្ងៃជំនាញវិជ្ជាជីវៈមានសក្ដានុពលខ្លាំង ព្រោះកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍យើងត្រូវការអ្នក ជំនាញកាន់តែច្រើនកាន់តែល្អ។ ខ្ញុំលើកទឹកចិត្តដល់ពួកគាត់ [យុវជន] ខិតខំសិក្សា និងស្វែងរក​សាលារៀន​​ឱ្យបានច្រើន ព្រោះគេផ្តល់ឱកាសយើងច្រើនសព្វថ្ងៃ»៕
 
 
 
 
 
 
 
 
 
 

Tag:
 ជំនាញវិជ្ជាជីវៈ
  វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com