ជាតិ
ក្រសួងសុខាភិបាល សម្រេចបិទហាង S88 Beauty ទាំង១១ទីតាំង នៅតាមបណ្ដារាជធានី-ខេត្ត
06, Aug 2023 , 11:21 am        
រូបភាព
S88 BEAUTY សាខានៅបាត់ដំបង។ រូបពី ហ្វេសប៊ុក S88 BEAUTY
S88 BEAUTY សាខានៅបាត់ដំបង។ រូបពី ហ្វេសប៊ុក S88 BEAUTY
ភ្នំពេញ៖ ក្រសួងសុខាភិបាល សម្រេចបិទមជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 BEAUTY ទាំង១១ទីតាំង នៅតាមបណ្ដារាជធានីខេត្ត ក្រោយផ្ដល់សេវាដល់អតិថិជន មានបញ្ហារហូតដល់ចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់។

ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនព័ត៌មានថា កន្លងមកក្រសួងបានអនុញ្ញាតឱ្យមជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 BEAUTY បើកដំណើរមួយទីតាំងប៉ុណ្ណោះ ស្របតាមនីតិវិធីស្នើសុំ។ ទីតាំងដែលបានស្នើសុំបើក គឺនៅម្ដុំផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ។ 
 
យ៉ាងណានាពេលថ្មីៗនេះ ក្រសួងបានរកឃើញ S88 BEAUTY បានបើកទីតាំងជាច្រើនកន្លែងទៀត ដោយគ្មានច្បាប់អនុញ្ញាត។ ការរកឃើញនេះ គឺដោយសារអតិថិជនរបស់ S88 BEAUTY ម្នាក់ដែលជាប្រពន្ធរបស់តារាកំប្លែង ចែម ចាន់រ៉ា ហៅនាយពែកមី មានបញ្ហាសុខភាពរហូតដល់ចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់។ 
 
ហេតុនេះ ក្រសួងសុខាភិបាលក៏សម្រេច បិទមជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 BEAUTY នៅម្ដុំផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ដែលក្រសួងធ្លាប់អនុញ្ញាតឱ្យបើកនាពេលកន្លងមក។ លើសពីនេះ សាខាមជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 BEAUTY ចំនួន១០ទីតាំង ដែលក្រសួងរកឃើញ ក៏ក្រសួងសម្រេចបិទដែរ។ សាខាទាំងនោះ មាន S88 BEAUTY នៅម្ដុំផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ, S88 BEAUTY នៅម្ដុំផ្លូវលេខ៤៤០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន, S88 BEAUTY នៅម្ដុំផ្លូវលេខ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ, S88 BEAUTY នៅម្ដុំផ្លូវលេខ១៤៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក, S88 BEAUTY នៅម្ដុំផ្លូវលេខ១១ សង្កាត់ព្រៃស ខណ្ឌដង្កោ និងS88 BEAUTY ក្នុងខេត្តព្រសីហនុ កំពត កំពង់ចាម សៀមរាប បាត់ដំបង។ 
 
ជាមួយគ្នាដែរ ក្រសួងសុខាភិបាលអះអាងថា កំពុងស្រាវជ្រាវរកទីតាំង S88 BEAUTY បន្ថែមទៀត ហើយនឹងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមច្បាប់៕ 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com