អន្តរជាតិ
បក្សភឿថៃ សារភាពពីការលំបាកក្នុងការបង្កើតរដ្ឋាភិបាល
06, Aug 2023 , 11:59 am        
រូបភាព
មេដឹកនាំរងបក្សភឿថៃ Phumtham Wechayachai (ឆ្វេង) ដើរជាមួយលោក Chonlanan Srikaew ដែលជាមេបក្ស និងលោក Prasert Jantararuangtong អគ្គលេខាធិការបក្ស។ រូបថត AFP
មេដឹកនាំរងបក្សភឿថៃ Phumtham Wechayachai (ឆ្វេង) ដើរជាមួយលោក Chonlanan Srikaew ដែលជាមេបក្ស និងលោក Prasert Jantararuangtong អគ្គលេខាធិការបក្ស។ រូបថត AFP
បក្សភឿថៃ ដែលបច្ចុប្បន្នកំពុងដឹកនាំការបង្កើតរដ្ឋាភិបាលចម្រុះថ្មី បានទទួលស្គាល់ថា បេសកកម្មរបស់ខ្លួនពិតជាលំបាក ទោះជាបក្សកំពុងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីជម្នះវិបត្តិនយោបាយក្រោយការបោះឆ្នោតខែឧសភាក្ដី។

លោក Phumtham Wechayachai មេដឹកនាំរងបក្សភឿថៃ និយាយនៅថ្ងៃទី៥ ខែសីហា ថា វិបត្តិ​នយោបាយសព្វថ្ងៃ​កើត​ចេញ​ពី​​កំណត់​នៃ​ការ​បង្កើត​រដ្ឋាភិបាល ការ​កំណត់​ផ្លូវ​ច្បាប់​ទាក់ទង​​រដ្ឋធម្មនុញ្ញ រចនាសម្ព័ន្ធ​គ្រប់គ្រង​ដែល​មាន​បញ្ហា​របស់​ប្រទេស និង​បញ្ហាផ្សេងៗ​គ្នាជាច្រើនទៀត។
 
"ស្ថានភាពនេះធ្វើឱ្យការបង្កើតរដ្ឋាភិបាលមិនងាយស្រួលទេ ហើយយើងជាគណបក្សដឹកមុខ ត្រូវតែរឹងមាំលើគោលជំហរ និងភាពជាអ្នកដឹកនាំ បើមិនដូច្នេះទេ យើងនឹងមិនអាចដោះស្រាយប្រកបដោយប្រសិទ្ធភាពជាមួយនឹងភាពខុសគ្នាក្នុងចំណោមសម្ព័ន្ធភាពចម្រុះ ហើយអូសប្រទេសចេញពីវិបត្តិឡើយ។» លោក Phumtham បញ្ជាក់បែបនេះ។
 
បបច្ចុប្បន្ន បក្សភឿថៃ កំពុងព្យាយាមបង្កើតរដ្ឋាភិបាលថ្មីជំនួសបក្សឆ្ពោះទៅមុខដែលជាបក្សឈ្នះការបោះឆ្នោតខែឧសភា។ កន្លងមក បក្សទាំង២ រួមនឹងបក្ស៦ទៀត ក៏ព្យាយាមបង្កើតរដ្ឋាភិបាលដែរ ប៉ុន្តែត្រូវបានរារាំងដោយព្រឹទ្ធសភាដោយសារគោលនយោបាយរបស់បក្សឆ្ពោះទៅមុខ។ រដ្ឋធម្មនុញ្ញថៃដែលត្រូវបានព្រាងដោយយោធា តម្រូវឱ្យសភាទាំង២ រួមគ្នាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។
 
បើតាមមេដឹកនាំបក្សភឿថៃរូបនេះ បក្សរបស់លោក ប្ដេជ្ញាចិត្តអនុវត្តតាមគោលនយោបាយដែលបានសន្យាអំឡុងការឃោសនារកសំឡេងឆ្នោតដើម្បីភាពល្អប្រសើររបស់ប្រជាជន ដោយមិនដាក់បន្ទុកបន្ថែមដល់ស្ថានភាពសព្វថ្ងៃឡើយ។ តែលោក Phumtham ក៏ចង់បានការសហការពីភាគីទាំងអស់ដើម្បីជំរុញឱ្យប្រទេសទៅជាប្រក្រតី៕
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com