ជាតិ
អាជ្ញាធរបំភ្លឺករណីមិនបារស្លែក្នុងស្ទឹងសៀមរាប
06, Aug 2023 , 2:32 pm        
រូបភាព
សៀមរាប៖ មហាជនបានរិះគន់ និងបង្ហាញការមិនពេញចិត្តទៅនឹងសោភ័ណភាពស្ទឹងសៀមរាប ដោយពួកគេចោទជាសំណួរ ពាក់ព័ន្ធនឹងកង្វះការថែទាំរបស់រដ្ឋបាលខេត្តសៀមរាប។

ដើម្បីបំភ្លឺដល់មហាជនករណីខាងលើនេះ រដ្ឋបាលខេត្តតាមរយៈសេចក្ដីបំភ្លឺចុះថ្ងៃទី៦ សីហា បានពន្យល់ថា ស្ទឹងសៀមរាបកំពុងស្ថិតក្នុងគម្រោងស្ដារជំហានទី២ ដែលគម្រោងអនុវត្តមានរយៈពេល​ជិត៣ឆ្នាំ។ គម្រោងនេះតម្រូវឱ្យបិទចរន្តទឹកហូរបង្ការផលប៉ះពាល់ដល់ការអនុវត្តគម្រោង។ 
 
«ជាមួយនឹងការអនុវត្តគម្រោងខាងលើតាមផែនការដែលគ្រោងទុក គម្រោងត្រូវបិទចរន្តទឹកហូរទាំងស្រុង ទាំងចរន្តទឹកហូរចូល និងចរន្តទឹកហូរចេញ ដើម្បីជៀសវាងមានផលប៉ះពាល់ដល់​ការអនុវត្តគម្រោង​នេះ»។ នេះជាខ្លឹមសារនៃសេចក្ដីបំភ្លឺខាងលើ។ 
 


រដ្ឋបាលខេត្តបន្តពន្យល់ថា កន្លងមក រដ្ឋបាលក្រុង​បានស្ដារស្ទឹង​​តាមផែនការការងារហើយដែរ ប៉ុន្តែដោយសារហេតុផលខាងលើនេះ ធ្វើឱ្យតម្រូវការស្ដារ មានទំហំធំ ជាហេតុធ្វើឱ្យការស្ដារបានតែនៅតាមចំណុចមួយចំនួនប៉ុណ្ណោះ។ យ៉ាងណា រដ្ឋបាលខេត្ត បញ្ជាក់ថា នឹងយកបញ្ហានេះពិនិត្យជាមួយក្រុមការងារអនុវត្តគម្រោង ដើម្បីពិនិត្យលទ្ធភាពក្នុងការ​កាត់បន្ថយផលប៉ះពាល់ និងការស្ដារឱ្យបានច្រើនប្រសើរជាងពេលបច្ចុប្បន្ន។ 
 
សូមបញ្ជាក់ថា តាមការបញ្ជាក់របស់រដ្ឋបាលខេត្តសៀមរាប គម្រោងស្ដារស្ទឹងសៀមរាបជំហានទី២ មានប្រវែងសរុប ៤,៦គីឡូម៉ែត្រ ចាប់ពីចំណុចស្ពានក្រវ៉ាត់ក្រុងរហូតដល់ចុងស្រុក។ គម្រោងនេះទទួល បានឥណទានសម្បទានពីធនាគារអាហរណ៍នីហរណ៍សាធារណរដ្ឋកូរ៉េ ដោយផ្តោតលើការស្ដារ និងការរៀបចំសោភ័ណភាពស្ទឹង បញ្ចៀសការជន់លិចក្រុងសៀមរាប។ គម្រោងនេះអនុវត្តរយៈពេល ២ឆ្នាំ ៨ខែ ចាប់ផ្តើមពីខែ មីនា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com