អន្តរជាតិ
ចុះត្រួតពិនិត្យរោងចក្រផលិតអាវុធ មេដឹកនាំកូរ៉េខាងជើងប្ដេជ្ញាពង្រឹងការត្រៀមខ្លួនធ្វើសង្រ្គាម
06, Aug 2023 , 2:59 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទស្សនារោងចក្រសព្វាវុធសំខាន់ៗរបស់ប្រទេសរួមទាំងរោងចក្រផលិតប្រព័ន្ធកាំភ្លើងធំ និងយានសម្រាប់បាញ់កាំជ្រួចមីស៊ីលផ្លោងដែលអាចបំពាក់នុយក្លេអ៊ែរ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ប្រមុខដឹកនាំទីក្រុងព្យុងយ៉ាង ក៏សន្យានឹងពន្លឿនកិច្ចខិតខំប្រឹងប្រែងផលិតកម្មសព្វាវុធ និងការត្រៀមខ្លួនសម្រាប់សង្គ្រាមថែមទៀត ស្របពេលដែលភាពតានតឹងនៅឧបទ្វីបកូរ៉េនៅតែមានខ្ពស់។

ការត្រួតពិនិត្យរយៈពេល៣ថ្ងៃគិតត្រឹមថ្ងៃទី៥ ខែសីហា បានកើតឡើងនៅពេលអាម៉េរិក និងកូរ៉េខាងត្បូងត្រៀមធ្វើសមយុទ្ធរួមគ្នាជុំបន្ទាប់ដែលគ្រោងធ្វើនៅចុងខែនេះ។ ភាពតានតឹងនៅឧបទ្វីបកូរ៉េនៅតែស្ថិតនៅកម្រិតខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយសារការសាកល្បងអាវុធបស់កូរ៉េខាងជើង និងសមយុទ្ធយោធារួមគ្នារវាងអាម៉េរិក និងកូរ៉េខាងត្បូង ដែលកូរ៉េខាងជើងចាត់ទុកជាការត្រៀមឈ្លានខ្លួន។ 
 
អំឡុងទស្សនកិច្ចនៅរោងចក្រផលិតប្រព័ន្ធកាំភ្លើងធំខ្នាតធំ លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់លើការទទួលខុសត្រូវ និងភារកិច្ចសំខាន់ៗរបស់រោងចក្រក្នុងការត្រៀមខ្លួនជាស្រេចសង្គ្រាមរបស់កូរ៉េខាងជើង។ បើតាម KCNA លោក គីម បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រោងចក្រដែលប្រើវិធីសាស្រ្តវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដើម្បីបង្កើនគុណភាពសម្បកគ្រាប់ និងបង្កើនល្បឿនផលិត ប៉ុន្តែលោកក៏អំពាវនាវឱ្យអភិវឌ្ឍ និងផលិតសំបកប្រភេទថ្មីដែរ។
 
នៅឯរោងចក្រផលិតឡានដើម្បីបាញ់និងដឹកជញ្ជូនមីស៊ីលផ្លោងវិញ មេដឹកនាំកូរ៉េខាងជើងរូបនេះ ចាត់ទុកការបង្កើនការផ្គត់ផ្គង់ឡាននេះ ជាអាទិភាពចម្បងសម្រាប់យោធា។ លោក គីម​ ក៏ទៅត្រួតពិនិត្យ
 នៅរោងចក្រផលិតម៉ាស៊ីនសម្រាប់កាំជ្រួចប្រដេញ និងយន្តហោះគ្មានមនុស្សបើក និងរោងចក្រផលិតអាវុធតូចមួយកន្លែងទៀត។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង ក៏បញ្ចេញរូបថតលោក គីម សាកល្បងកាំភ្លើងវែងផងដែរ។ 
 
មិនមានព័ត៌មានលម្អិតអ្វីច្រើនពីដំណើរទស្សនកិច្ចនេះឡើយ ប៉ុន្តែអ្នកជំនាញខ្លះជឿថា វាក៏អាចពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការយោធាជាមួយទីក្រុងមូស្គូជុំវិញការផ្គត់ផ្គង់កាំភ្លើងធំ និងគ្រាប់រំសេវផ្សេងទៀតដែលលោកខាងលិចធ្លាប់សង្ស័យកន្លងមក។
 
នៅចំពោះមុខការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ទីក្រុងព្យុងយ៉ាងបានបង្កើនទំនាក់ទំនងជាដៃគូសំខាន់មានទីក្រុងមូស្គូ និងទីក្រុងប៉េកាំងជាដើម។ កាលពីខែមុន មន្ត្រីជាន់ខ្ពស់រុស្ស៊ី និងចិន បានធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងដើម្បីចូលរួមពិធីអបអរទិវាជ័យជម្នះដែលជាខួបបញ្ចប់សង្រ្គាមកូរ៉េ៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com