អន្តរជាតិ
ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្ដរជាតិខុសគ្នាដូចម្ដេច?
07, Aug 2023 , 8:29 am        
រូបភាព
ធនាគារពិភពលោក (The World Bank) និងមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) ជាស្ថាប័នកំពូលអន្ដរជាតិពីរ។ មនុស្សភាគច្រើនភ័ណ្ឌអាចយល់ច្រលំអំពីមុខងារ និងភាពខុសគ្នារវាងស្ថាប័នទាំងពីរនេះ។ តើកត្តាអ្វីខ្លះដែលជំរុញឱ្យស្ថានប័នទាំងពីរនេះកើតមានឡើង? វាមានតួនាទីអ្វី?



ក្រោយពីសង្គ្រាមលោកលើកទី២បានបញ្ចប់ទៅ ប្រព័ន្ធហិរញ្ញវត្ថុរបស់អឺរ៉ុបគឺមានភាពច្របូកច្របល់។ ដោយហេតុនេះ នៅក្នុងឆ្នាំ១៩៤៤ អ្នកតំណាងមកពី៤៤ប្រទេសបានជួបប្រជុំគ្នានៅទីក្រុង Bretton Woords រដ្ឋ New Hamsphire អាម៉េរិក ដើម្បីពិភាក្សាអំពីវិធីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច និងកសាងប្រព័ន្ធរូបិយវត្ថុសកលដើម្បីធានានូវស្ថិរភាព និងទប់ស្កាត់អនាគត។
 
លទ្ធផលពីសន្និសីទមួយនេះបានបង្កើតឱ្យមាននូវធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្ដរជាតិ ដែលយើងបានស្គាល់ដូចសព្វថ្ងៃនេះ។ ប្រព័ន្ធហិរញ្ញវត្ថុបច្ចប្បន្ន​ក៏ត្រូវបានហៅជារឿយៗថាប្រព័ន្ធ Bretton Woods ថែមទៀត។
 
ធនាគារពិភពលោក ត្រូវបានបង្កើតឡើងក្រោមគោលបំណងផ្តល់ប្រាក់កម្ចី សម្រាប់ការកសាងឡើងវិញនៅអឺរ៉ុប ក្រោយសង្គ្រាម ដើម្បីជួយដល់ការអភិវឌ្ឍន៍រយៈពេលវែងនៅក្នុងតំបន់។ នាពេលបច្ចុប្បន្ន គោលបំណងរបស់ស្ថាប័ននេះ គឺដើម្បីបញ្ចប់ភាពក្រីក្រខ្លាំង និងលើកកម្ពស់វិបុលភាពរួមគ្នាជុំវិញពិភពលោកវិញ។
 
ដើម្បីសម្រចបានកិច្ចការរបស់ខ្លួន ធនាគារពិភពលោកបានចេញប្រាក់កម្ចី និងជំនួយដល់ប្រទេសដែលមានចំណូលទាប និងមធ្យម ដែលត្រូវបានគេចាត់ថ្នាក់ថាជាប្រទេសកំពុងអភិវឌ្ឍ។ ឧទាហរណ៍ថា ប្រសិនបើរដ្ឋាភិបាលប្រទេសមួយចង់សាងសង់ទំនប់ទឹកដែលមានតម្លៃរាប់ពាន់លានដុល្លារ ធនាគារពិភពលោកអាចជួយផ្តល់ថវិកា និងជំនួយបច្ចេកទេសបាន។
 
ជាក់ស្ដែង ធនាគារពិភពលោកបានជួយដល់ប្រជាជនឥណ្ឌាដែលរស់នៅក្នុងភាពក្រីក្រខ្លាំង ដោយការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស កែលម្អផ្លូវថ្នល់នៅតំបន់ជនបទ និងធានាឱ្យកុមារស្ទើរតែគ្រប់រូបបានចូលរៀននៅសាលាបឋមសិក្សា។
 
ដោយឡែកចំពោះ មូលនិធិរូបិយវត្ថុអន្ដរជាតិវិញគឺត្រូវបានបង្កើតឡើង ដើម្បីផ្តល់ប្រាក់កម្ចីក្នុងកាត់បន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសណាមួយ នៅពេលដែលបញ្ហាសេដ្ឋកិច្ចនោះ គំរាមកំហែងដល់ស្ថិរភាពហិរញ្ញវត្ថុសកលលោក។ នៅក្នុងមូលនិធិរូបិយវត្ថុអន្ដរជាតិ ប្រទេសសមាជិកទាំងអស់ត្រូវរួមចំណែកផ្តល់មូលនិធិ ហើយមូលនិធិនេះត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ប្រាក់កម្ចីដល់ប្រទេសដែលមានបញ្ហាដូចខាងលើ។
 
មូលនិធិរូបិយវត្ថុអន្ដរជាតិអាចដឹងអំពីបញ្ហាសេដ្ឋកិច្ចនៃប្រទេសណាមួយបានគឺដោយសារតែប្រទេសដែលបានចូលរួមទាំងអស់បានអនុញ្ញាតឱ្យស្ថាប័ននេះត្រួតពិនិត្យគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ពួកគេ។ ជាក់ស្ដែង មូលនិធិរូបិយវត្ថុអន្ដរជាតិធ្លាប់ធ្វើអន្តរាគមន៍ក្នុងវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨ ដែលបានធ្វើឱ្យសេដ្ឋកិច្ចរបស់ EU ធ្លាក់ចុះ។
 
គួរឱ្យកត់សម្គាល់ថា កាលពីពេលទើបបង្កើតស្ថាប័នដំបូង ធនាគារពិភពលោកបានផ្តោតលើការកសាងឡើងវិញអឺរ៉ុបខាងលិច។ អាស្រ័យហេតុនេះ អាម៉េរិកក្នុងនាមជាប្រទេសដែលបានរួចផុតពីសង្រ្គាម ត្រូវបានស្ថិតនៅតួនាទីជាអ្នកដឹកនាំធនាគារពិភពលោក។ ដោយហេតុផលនេះ អឺរ៉ុបបានជ្រើសរើសដឹកនាំមូលនិធិរូបិយវត្ថុអន្ដរជាតិជំនួសវិញ។
 
នាពេលបច្ចុប្បន្ន ប្រធានរបស់ធនាគារពិភពលោកគឺ លោក អាចាយ បានហ្គា ដែលជាជនជាតិអាម៉េរិកដើមកំណើតឥណ្ឌា រីឯនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្ដរជាតិវិញគឺ លោកស្រី Kristalina Georgieva ដែលជាជនជាតិប៊ុលហ្ការី៕

Tag:
 IMF
© រក្សាសិទ្ធិដោយ thmeythmey.com