ជាតិ
ឡៅ ពេជ្រ ពីស្រ្តីដែលខ្លាចខ្សែភ្លើងក្លាយជាអ្នកជំនាញតបណ្ដាញភ្លើងក្នុងអគារ
06, Aug 2023 , 9:59 pm        
រូបភាព
ឡៅ ពេជ្រ ពេលកំពុងបំពេញការងារតបណ្ដាញភ្លើងនៅក្នុងអាគារ។
ឡៅ ពេជ្រ ពេលកំពុងបំពេញការងារតបណ្ដាញភ្លើងនៅក្នុងអាគារ។
សៀមរាប៖ កញ្ញា ឡៅ ពេជ្រ ទើបបញ្ចប់វគ្គជំនាញតបណ្ដាញក្នុងអគារពីវិទ្យាស្ថានជាតិ​ពហុបច្ចេក​ទេស​អង្គរ ដែលជាសេនាធិការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ។ បច្ចុប្បន្ន ពេជ្រ បានក្លាយអ្នកជំនាញ​ភ្លើង​​ ខណៈពីមុនគេជាក្មេងស្រីមួយរូបដែលខ្លាចខ្សែភ្លើង។

មានវ័យ២៧ឆ្នាំ ឡៅ ពេជ្រ ជាអ្នកភូមិព្នៅ សង្កាត់សំបួរ ក្រុងសៀមរាប។ នាងរៀនបានត្រឹមថ្នាក់ទី១១ និងមានឱកាសចូលរៀនជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ តាមការណែនាំពីមិត្តភក្ដិ។ ក្នុងសំដីសំដៅទន់ភ្លន់ ពេជ្រ ប្រាប់ថា នាងចូលរៀនជំនាញតបណ្ដាញភ្លើងក្នុងអគារ ក្នុងកម្រិតវគ្គC2 រយៈពេលមួយឆ្នាំ និងគ្រោងបន្តមួយកម្រិតទៀត។ សព្វថ្ងៃ នាងកំពុងបំពេញការងារ នៅក្នុងក្រុមហ៊ុន​ម៉ៅការ​ឯកជនមួយកន្លែង និងមានប្រាក់ខែសមរម្យ។ 
 
ឡៅ ពេជ្រ ពីស្រ្តីដែលខ្លាចខ្សែភ្លើងក្លាយជាអ្នកតបណ្ដាញភ្លើងក្នុងអគារ

ជំនាញវិជ្ជាជីវៈជួយឱ្យ ពេជ្រ មានក្ដីសង្ឃឹម និងបំពេញក្ដីស្រមៃដែលធ្លាប់មានកន្លងមក។ នាងធ្លាប់អស់​សង្ឃឹម ក្រោយសម្រេចឈប់រៀនត្រឹមថ្នាក់ទី១១ នៅឆ្នាំ២០១៣ ដោយសារកត្តាជីវភាព។ នាងរំលឹកថា «ពីមុនមានអារម្មណ៍ថាស្ដាយដែរ ដោយសារគ្រួសារយើងខ្វះខាត យើងរៀនអត់បានចប់ដូចគេ ហើយការងារ​​ក៏អត់ល្អដូចគេដែរ ប្រាក់ខែក៏បានតិចតួច»។ 
 
ក្រោយឈប់រៀន ពេជ្រ បានចេញធ្វើការជាអ្នករត់តុ ដោយទទួលប្រាក់ខែដំបូងចំនួន៦០ដុល្លារ។ កំឡុងពេលធ្វើការនោះ ពេជ្រ បានស្គាល់មិត្តភក្ដិ និងណែនាំនាងឱ្យចូលរៀនជំនាញនៅ​សាលាបច្ចេកទេស​ជាមួយគ្នា។ ជាកូនទី៥ក្នុងចំណោមបងប្អូន៦នាក់ ពេជ្រ បានឈប់ធ្វើការជាអ្នករត់តុនៅឆ្នាំ ២០១៩ ក្រោយចាប់ផ្តើមចុះកម្មសិក្សាជំនាញតបណ្ដាញភ្លើង។ «ខាងសាលាបានរកការងារឱ្យយើង ប្រាក់ខែរៀងគួរសមជាងមុនដែរ ពេលចុះស្ដារដំបូងបាន ១៨០ដុល្លារ»។ នេះជាការបញ្ជាក់របស់ ពេជ្រ។ 
 
ជំនាញវិជ្ជាជីវៈបានក្លាយជាក្ដីសង្ឃឹមថ្មីសម្រាប់យុវតី ពេជ្រ ដែលពីមុនមើលមិនឃើញពី​អនាគតរបស់ខ្លួន។ ពេជ្រ យល់ថា ទោះនាងទៅដល់ទីណា ជំនាញដែលនាងខំប្រឹងរៀន​នៅជាប់នឹងខ្លួនគេជានិច្ច ដែលអាចប្រើប្រាស់សម្រាប់រកចំណូលក្នុងសេដ្ឋកិច្ចគ្រួសារបាន។  នាងបន្ថែមថា៖« ជំនាញវិជ្ជាជីវៈ ផ្តល់សារសំខាន់ខ្លាំងណាស់សម្រាប់យុវជន ព្រោះឥឡូវប្រទេសជាតិ​កំពុងជឿនលឿន គេត្រូវការអ្នកជំនាញច្រើន ហើយរៀនមួយយូរទេ រយៈពេលខ្លី»។ នាងបន្តថា៖« ទោះរៀនមិនចប់បាក់ឌុបក៏អាចរៀនបាន។ ខ្ញុំមានមោទនភាពសម្រាប់ខ្លួនឯង ពីមុនធ្លាប់តែស្រមៃ មិននឹកស្មានថាខ្លួនឯងបានឈរដល់​ចំណុចហ្នឹង ហើយអរគុណសាលាដែលឱ្យខ្ញុំចូលរៀន និងមានការងារធ្វើសមរម្យ»៕
 
 
 
 

Tag:
 អគ្គិសនី
  ជំនាញវិជ្ជាជីវៈ
© រក្សាសិទ្ធិដោយ thmeythmey.com