កីឡាអន្តរជាតិ
អន្តរជាតិ
Man United ចុះកិច្ចសន្យាយក Hojlund តាមបំណងក្នុងតម្លៃ ៨២លានដុល្លារ
06, Aug 2023 , 4:13 pm        
រូបភាព
ក្រុម Manchester United បានទទួលជោគជ័យក្នុងការផ្ទេរយកកីឡាករខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាក Rasmus Hojlund ពីក្រុម Atalanta ក្នុងតម្លៃប្រមាណ ៦៤លានផោន (៨២លានដុល្លារ) នាថ្ងៃទី៥ ខែសីហា។

ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ យល់ព្រមចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ ជាមួយក្រុមបិសាចក្រហមជាមួយនឹងជម្រើសបន្ថែមច្រើនរដូវកាលបន្តទៀត ខណៈដែលអ្នកចាត់ការក្រុមលោក Erik ten Hag ទទួលបានអ្វីដូចដែលលោកបានប្រាថ្នាចង់បានខ្សែប្រយុទ្ធសម្រាប់រដូវកាលថ្មី ២០២៣-២៤។
 
មិនត្រឹមតែមានតម្លៃត្រឹមតែ ៨២លានដុល្លារឡើយ តែសម្រាប់ Hojlund ក្រុមបិសាចក្រហមនឹងអាចត្រូវបូកបន្ថែមនូវប្រាក់តម្លៃ Add-on នៅក្នុងកិច្ចសន្យាដែលបានព្រមព្រៀងគ្នានោះ។
 
«គ្មានអ្វីជាអាថកំបាំងឡើយ ដែលខ្ញុំបានក្លាយជាអ្នកគាំទ្រក្លិបដ៏៏អស្ចារ្យមួយនេះ ចាប់តាំងពីខ្ញុំនៅតូចៗ ខ្ញុំក៏មានក្តីស្រម៉ៃចង់ដើរចេញពីទឹកដីប្រទេសអង់គ្លេសក្នុងនាមជាកីឡាករក្រុម Manchester United។ ខ្ញុំពិតជារីករាយចំពោះឱកាសដ៏អស្ចារ្យមួយនេះ ដើម្បីប្រែក្តីស្រម៉ៃខ្ញុំក្លាយជាការពិត ខ្ញុំនឹងផ្តល់នូវអ្វីដែលខ្ញុំមានសម្រាប់ក្លិបដែលបានទុកចិត្តលើខ្ញុំ។»។ Hojlund បាននិយាយបែបនេះនៅគេហទំព័រក្លិបបិសាចក្រហម។
 
ខ្សែប្រយុទ្ធ Hojlund ត្រូវបានដាក់ឱ្យបង្ហាញខ្លួនចំពោះអ្នកគាំទ្រក្រុមបិសាចក្រហមស្ថិតក្នុងកីឡដ្ឋាន Old Trafford មុនជំនួប Man United បានយកឈ្នះលើក្រុម ​RC Lens របស់បារាំងលទ្ធផល ៣-១ បន្ទាប់ពីការចុះកិច្ចសន្យាបានសម្រេច។
 
លោក Ten Hag បានបង្ហាញការចាប់អារម្មណ៍ខ្លាំងលើ Hojlund ក្នុងនាមជាកីឡាករគោលដៅធំបំផុត បន្ទាប់ក្រុម Man United បានរាយការណ៍ថាបដិសេធក្នុងការនាំយកខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane ពីក្រុម Tottenham Hotspur។
 
សម្រាប់ Hojlund ផ្ទាល់ក៏ត្រូវបានគេរាយការណ៍ដែរថា ក្រុមជើងខ្លាំងលីគកំពូលបារាំង Paris Saint Germain ក៏តាមប្រម៉ាញ់កីឡាករសញ្ជាតិដាណឺម៉ាក តែក្រុម Man United ជាអ្នកឈ្នះការប្រជែងនេះ។ សម្រាប់លោក Ten Hag បាននិយាយអំពីខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ ដូច្នេះថា ៖ « រូបគេគឺជាកីឡាករជួរមុខដ៏ពិតប្រាកដ ដោយផ្ទាល់ទៅកាន់គោលដៅ អ្នកប្រជែងដ៏ល្អ​ក៏ដូចជារាងកាយរឹងមាំ។ គេអាចរកគ្រាប់បាល់បាន ខ្ញុំគិតថាគេគឺជាជម្រើសមួយដ៏ធំ ហើយពេលនេះគឺស្រេចលើគេមុន ក្នុងការស្វែងរកនូវភាពខ្លាំងរបស់គេ ហើយយើងនឹងគាំទ្រគេ។»។
 
Hojlund កាលពីរដូវកាលមុនរូបគេរកបាន ១០គ្រាប់ ពីការបង្ហាញខ្លួន ៣២លើករាល់គ្រប់ការប្រកួតសម្រាប់ក្រុមស្ថិតក្នុងលីគអ៊ីតាលី ហើយបានជាប់ចិត្តទាក់ភ្នែកពីសំណាក់លោក Ten Hag៕
 
 
 

Tag:
 Manchester United
  Rasmus Hojlund
© រក្សាសិទ្ធិដោយ thmeythmey.com