ជាតិ
អុកស្វាមចង់ឃើញពលរដ្ឋទទួលបានការគាំពារសង្គមកាន់តែប្រសើរ
06, Aug 2023 , 4:39 pm        
រូបភាព
អ្នកចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ គណនេយ្យភាពសង្គមក្នុងប្រព័ន្ធគាំពារសង្គម នាថ្ងៃទី៦ សីហា ឆ្នាំ២០២៣ នៅសណ្ឋាគារសោមាទេវី។
អ្នកចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ គណនេយ្យភាពសង្គមក្នុងប្រព័ន្ធគាំពារសង្គម នាថ្ងៃទី៦ សីហា ឆ្នាំ២០២៣ នៅសណ្ឋាគារសោមាទេវី។
 សៀមរាប៖ អង្គការអុកស្វាម (OXFAM) ប្រចាំកម្ពុជា​ បានមើលឃើញពីអត្ថប្រយោជន៍នៃការប្រើប្រាស់ ប្រព័ន្ធគាំពារសង្គមរបស់រដ្ឋ ដែលនឹងជួយឱ្យពលរដ្ឋរស់នៅប្រកបដោយបរិយាបន្ន និងការកសាងគណនេយ្យភាពសង្គម។

នាយិកាអង្គការអុកស្វាមប្រចាំប្រទេសកម្ពុជាលោកស្រី ភាណ សោភ័ណ បានលើកឡើងថា កម្ពុជាបានអនុវត្តប្រព័ន្ធគាំពារសង្គមក្រោយគេបន្ដិច បើធៀបនឹងប្រទេសដទៃ។ យ៉ាងណាលោកស្រី​បញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម, បេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) និងមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ) ជាដើម បានផ្តួចផ្តើមដាក់ឱ្យអនុវត្តគោលនយោបាយ និងរបបគាំពារសង្គមមួយចំនួន ជាពិសេសប.ស.ស ដែលផ្តល់អត្ថប្រយោជន៍ច្រើនដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។ លោកស្រីបន្ថែមថា គោលនយោបាយនេះ កម្មករនិយោជិតអាចទទួលបាននូវសេវាថែទាំសុខភាព និងត្រូវបានគាំពារ ពីគ្រោះថ្នាក់ការងារ ដែលមានសារសំខាន់ចំពោះសុខុមាលភាព និងភាពធន់របស់ពួកគេ។ 
 


លោកស្រី ភាណ សោភ័ណ ក៏បានលើកពីរបាយការណ៍របស់បេឡាជាតិរបបសន្ដិសុខសង្គមឆ្នាំ២០២០ ដែលបង្ហាញថា កម្មការិនីកាត់ដេរសរុប៨ម៉ឺននាក់ បានទទួលប្រាក់ឧបត្ថម្ភមាតុភាពពីរដ្ឋាភិបាល ដែល​មានទឹកប្រាក់សរុបប្រមាណ ៧,៩លានដុល្លារអាមេរិក។ បន្ថែមពីនេះ របាយការណ៍របស់​ក្រុមប្រឹក្សាជាតិគាំពារសង្គមឆ្នាំ២០២២ បង្ហាញថា កម្មការិនីប្រមាណ៣០ម៉ឺននាក់ ដែលធ្វើការក្នុង សេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលបានសម្រាលកូនក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ (ចន្លោះខែមករា ឆ្នាំ២០១៨ ដល់ខែមីនា ឆ្នាំ២០២២) ទទួលបានអត្ថប្រយោជន៍ជាជំនួយសាច់ប្រាក់ប្រមាណជា ៣០.១លានដុល្លារអាមេរិក។ ហើយកំឡុងពេលកម្ពុជាផ្ទុះឡើងនូវជំងឺកូវីដ១៩ គឺឆ្នាំ២០២០ មានពលរដ្ឋពីគ្រួសារក្រីក្រ និងងាយរងគ្រោះប្រមាណជាង៥លានគ្រួសារ ទទួលបានអត្ថប្រយោជន៍ និងការគាំពារសង្គមតាមរយៈប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ)។ នេះសបញ្ជាក់ឱ្យឃើញថា កម្ពុជាបាននិង​កំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវ ឆ្ពោះទៅរកការកសាងភាពធន់និងបរិយាបន្ននៅក្នុងប្រព័ន្ធគាំពារសង្គម របស់កម្ពុជា។​ នេះជាការលើកឡើងរបស់លោកស្រី ភាណ សោភ័ណ។
 


ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកវិទ្យាស្ថានជាតិសង្គមជាតិ លោក ឈួរ សុបញ្ញា លើកឡើងថា រាជរដ្ឋាភិបាលមានសុឆន្ទៈខ្ពស់ក្នុងការដាក់ចេញនូវក្របខណ្ឌគោលនយោបាយគាំពារសង្គម ប៉ុន្តែអ្វីជាតម្រូវការ គឺលទ្ធផលនៃអ្នកទទួលផលទទួលបានកម្រិតណា និងភាពឆ្លុះបញ្ចាំង​របស់ភាគី​ពាក់ព័ន្ធ​​ជាដើម។ បន្ថែមពីនេះ លោក ឈួរ សុបញ្ញា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាប់ផ្តើម​បង្កើតប្រព័ន្ធគាំពារសង្គម ពីឆ្នាំ២០០៥មក ប៉ុន្តែមានបញ្ហាខ្លះទើបធ្វើឱ្យការដាក់ចេញ​នូវប្រព័ន្ធ​គោលនយោបាយ​នៅពេលនោះមិនទាន់ល្អ ទើបតែធ្វើឱ្យការអនុវត្តគោលនយោបាយនេះអាច​ដំណើរការបាន និងសរសេរក្របខណ្ឌបាននៅឆ្នាំ ២០១៦-២០២៥។ 
 


សូមបញ្ជាក់ថា អង្គការអុកស្វាមបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «យន្តការគណនេយ្យភាពសង្គម ក្នុងប្រព័ន្ធគាំពារសង្គម» ដែលមានអ្នកពាក់ព័ន្ធចូលរួមប្រមាណ១៣០នាក់។ សិក្ខាសាលានាថ្ងៃទី៦ សីហា មានគោលបំណងធំៗរួមមាន ពង្រីកវិសាលភាព និងចំណេះដឹងរបស់តំណាងកម្មករនិយោជិត និងសហគមន៍ស្ដីពីយន្តការគណនេយ្យភាពសង្គម និងសារសំខាន់ក្នុងការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាបន្ននៅកម្ពុជា។ ស្វែងយល់ពីការយល់ឃើញ និងការអនុវត្តប្រចាំថ្ងៃរបស់តំណាង កម្មករនិយោជិត និងសហគមន៍ស្ដីពីយន្តការគណនេយ្យភាពសង្គម។ និងពង្រឹងកិច្ចសហការគ្នារវាង ស្ថាប័នរដ្ឋ អង្គការអុកស្វាម អង្គការដៃគូ និងតំណាងកម្មករនិយោជិត និងសហគមន៍ដើម្បីលើកកម្ពស់ ប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន៕
 

 


 
 
 
 

Tag:
 អុកស្វាមកម្ពុជា
  OXFAM
© រក្សាសិទ្ធិដោយ thmeythmey.com