ជាតិ
គណបក្សនយោបាយ នាំគ្នាទទួលស្គាល់លទ្ធផលបោះឆ្នោត
06, Aug 2023 , 5:09 pm        
រូបភាព
ពលរដ្ឋទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣កក្កដា ឆ្នាំ២០២៣។
ពលរដ្ឋទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣កក្កដា ឆ្នាំ២០២៣។
ភ្នំពេញ៖ ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មក បណ្ដាបក្សនយោបាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត បាននាំគ្នាប្រកាសទទួលយក។

នៅថ្ងៃទី៥សីហា គ.ជ.ប បានបង្ហាញលទ្ធផលផ្លូវការនៃការបោះការឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ថ្ងៃទី២៣កក្កដា គឺបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រលើសលប់ រហូតដល់១២០អាសនៈ។ ចំណែក បក្សហ៊្វុនស៊ិនប៉ិច ទទួល៥អាសនៈ ខណៈបក្សនយោបាយ១៦បក្សទៀត ពុំទទួលបានអាសនៈក្នុងរដ្ឋសភាឡើយ។ 
 
ក្រោយចេញលទ្ធផលផ្លូវការ បក្សប្រជាជនកម្ពុជា និងបក្សហ៊្វុនស៊ិនប៉ិច ក៏បានចេញសេចក្ដីថ្លែងការណ៍ ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជាពិនិត្យឃើញថា ដំណើរការបោះឆ្នោតប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានសណ្ដាប់ធ្នាប់ គ្មានអំពើហិង្សា និងការគំរាមកំហែងណាមួយឡើយ។ 
 
«គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិកទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលលទី៧ ដែល គ.ជ.ប បានប្រកាសនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ ហើយដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសន្លឹកឆ្នោតគាំទ្រចំនួន ៨២.៣០ភាគរយនៃសន្លឹកឆ្នោតបានការសរុប»។ បក្សប្រជាជនសរសេរបែបនេះ ក្នុងសេចក្ដីថ្លែងការណ៍ដែលចេញនៅថ្ងៃទី៥សីហា ហើយបានប្តេជ្ញាថា រដ្ឋាភិបាលថ្មីនីតិកាលទី៧ នឹងបង្កើតឡើងដ៏ឆាប់ៗខាងមុខ ដែលមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តពង្រឹងធ្លុងសាមគ្គីភាព។ 
 
ចំណែក បក្សហ្វ៊ុនស៊ិនប៉ិច ក៏ទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ដែរ ដោយចាត់ទុកដំណើរការបោះឆ្នោតនេះ ប្រព្រឹត្តទៅ ប្រកបដោយបរិយាកាសនយោបាយ ដែលអាចទទួលយកបាន។ «ដូច្នេះ គណបក្សហ្វ៊ុនស៊ិនប៉ិច សូមទទួលយកលទ្ធផលផ្លូវការ ដែលប្រកាសដោយ គ.ជ.ប»។ សេចក្ដីថ្លែងការណ៍ បក្សហ្វ៊ុនស៊ិនប៉ិចសរសេរបែបនេះ ហើយបង្ហាញជំហរទៅកាន់ប្រជារាស្ត្រថា នឹងយកសំឡេងគាំទ្រដែលទទួលបាន ទៅបម្រើ និងការពារប្រយោជន៍ជាតិ។ លើសពីនេះ គឺនឹងយកទុក្ខកង្វល់ និងបញ្ហាផ្សេងៗរបស់ប្រជារាស្ត្រ ឱ្យបានឮដល់រដ្ឋសភា។ 
 
ក្នុងចំណោម ១៦បក្សផ្សេងទៀត ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតអាណត្តិទី៧ ដែលពុំទទួលបានអាសនៈ ក៏បានចេញសេចក្ដីថ្លែងការទទួលស្គាល់លទ្ធផលផ្លូវការនៃការបោះឆ្នោតដូចគ្នាដែរ។ គណបក្សខ្មែររួបរួមជាតិ ពិនិត្យឃើញដំណើរការបោះឆ្នោតប្រពឹត្តទៅដោយ សន្តិវិធី គ្មានហិង្សា និងភាពចលាចលណាមួយកើតឡើងឡើយ។ បក្សនេះ ទទួលលទ្ធផ្លូវការ ដែលប្រកាសដោយ គ.ជ.ប ហើយក៏បង្ហាញការខកចិត្ត និងសោកស្ដាយ ដែលទទួលបានសំឡេងពុំគ្រប់គ្រាន់ ដើម្បីមានអាសនៈក្នុងរដ្ឋសភា។ 
 
យ៉ាងណា បក្សខ្មែររួបរួមជាតិ បានសំណូមពរទៅរដ្ឋាភិបាលថ្មី ដែលនឹងកើតចេញពីការបោះឆ្នោតនេះ ជួយជំរុញបន្ថែមទៀត លើការបើកចំហប្រជាធិបតេយ្យ ពង្រឹងសិទ្ធិមនុស្ស និងផ្សះផ្សារជាតិ។ ក្រៅពីនេះ មានបក្សសញ្ញាតិកម្ពុជា បក្សករិសករ ជាដើម ក៏បានចេញសេចក្ដីថ្លែងការណ៍ដែរ គឺព្រមទទួលយកលទ្ធផលដែល គ.ជ.ប ប្រកាស ហើយកោតសរសើរ គ.ជ.ប បំពេញតួនាទី និងភារកិច្ចប្រកបដោយវិជ្ជាជីវៈ៕ 
 
 
 
 
 
 
 
 
 
 
 

Tag:
 បោះឆ្នោយ
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com