កីឡាអន្តរជាតិ
អន្តរជាតិ
Man City ចុះកិច្ចសន្យាយកខ្សែការពារ Gvardiol ពីក្រុម RB Leipzig
06, Aug 2023 , 5:39 pm        
រូបភាព
ខ្សែការពារសញ្ជាតិក្រូអាស៊ី Josko Gvardiol បានផ្លាស់ទៅចូលរួមជាមួយនឹងក្រុម Manchester City នៃក្របខណ្ឌ Premier League ដោយផ្ទេរពីក្រុម RB Leipzig ជាមួយកិច្ចសន្យារយៈពេល ៥ឆ្នាំ។ នេះបើតាមក្រុមម្ចាស់ជើងឯក Man City ប្រកាសនាថ្ងៃទី៥ ខែសីហា។

តាមរយៈប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស Gvardiol បានចុះកិច្ចព្រមព្រៀងផ្ទេរដែលមានតម្លៃ ៩០លានអឺរ៉ូ (៩៩លានដុល្លារ) ដោយតម្លៃនេះបានធ្វើឱ្យខ្សែការពារវ័យ ២១ឆ្នាំ បានក្លាយជាខ្សែការពារទី២ ដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ Premier League បន្ទាប់ពី Harry Maguire។ Maguire បានចុះកិច្ចសន្យាផ្ទេរតម្លៃ ៨០លានផោន (១០១,៩៨លានដុល្លារ) ទៅ Manchester United ក្នុងឆ្នាំ ២០១៩។
 
កីឡាករ Gvardiol គឺជាកីឡាករទី២ ដែលលោក Pep Guardiola បានចុះកិច្ចសន្យាក្នុងទីផ្សារដោះដូរ បន្ទាប់ពីបាននាំយកកីឡាករខ្សែបម្រើសញ្ជាតិក្រូអាស៊ី Mateo Kovacic ពីក្រុម Chelsea រដូវកាលនេះ។ ក្រុមមេឃខៀវបានឈ្នះពាន Champions League លើកដំបូងកាលពីខែមិថុនាកន្លងទៅ ព្រមទាំងឈ្នះពានរង្វាន់ Premier League និង FA Cup ហើយជាក្រុមនៅអង់គ្លេសទី២ ដែលឈ្នះពាន ៣ មួយរដូវកាល។
 
សម្រាប់ Gvardiol ការផ្លាស់មកទឹកដីអង់គ្លេស រូបគេថាជាក្តីស្រម៉ៃដែលធ្លាប់បានគិតពីមុនមក។ Gvardiol បាននិយាយដូច្នេះថា ៖« ខ្ញុំតែងតែមានក្តីស្រម៉ៃថាថ្ងៃណាមួយនឹងបានចូលលេងនៅក្នុងប្រទេសអង់គ្លេស ហើយពេលនេះ ជាមួយនឹងក្រុម Manchester City បន្ទាប់មួយរដូវកាលរួចពួកគេបានផ្តល់កិត្តិយសសម្រាប់ខ្ញុំ។ មនុស្សគ្រប់គ្នាបានឃើញ Manchester City រដូវកាលមុន ពួកគេគឺជាក្រុមដ៏ខ្លាំងមួយក្នុងពិភពលោក […] ខ្ញុំទទួលបានឱកាសធ្វើការងារជាមួយនឹងលោក Pep Guardiola គឺជារឿងដ៏អស្ចារ្យ។»។
 
Gvardiol បានចូលរួមជានឹងក្រុម Leipzig ដោយផ្លាស់ពីក្រុម Dinamo Zagreb ក្នុងឆ្នាំ ២០២០ ហើយបានបង្ហាញខ្លួន ៨៧ប្រកួតសម្រាប់ក្លិបស្ថិតក្នុងក្របខណ្ឌ Bundesliga ចាប់តាំងពីឆ្នាំ ២០២១ និងបានជួយក្រុមឈ្នះពានរង្វាន់ German Cup លើកដំបូងនិងបានឈានជើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League។
 
រដូវកាលមុន Leipzig បានបញ្ចប់ចំណាត់ថ្នាក់លេខ ៣ ក្នុងក្របខណ្ឌ Bundesliga ចំណែកនៅក្រុមជម្រើសជាតិក្រូអាស៊ី បានបង្ហាញខ្លួនចំនួន ២១ប្រកួតតនឹងបានជួយក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ ៣ នៅ World Cup 2022៕
 

Tag:
 Manchester City
  RB Leipzig
© រក្សាសិទ្ធិដោយ thmeythmey.com