អន្តរជាតិ
FAO៖ សន្ទស្សន៍​តម្លៃ​អង្ករ​ពិភពលោកហក់​ឡើង​ដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​ពេល​១២​ឆ្នាំកាលពីខែកក្កដា​
06, Aug 2023 , 9:29 pm        
រូបភាព
ទិន្នន័យអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បង្ហាញថា សន្ទស្សន៍​តម្លៃអង្ករបានកើនឡើង២,៨ភាគរយនៅក្នុងខែកក្កដា​ ដែលឈានដល់កម្រិតខ្ពស់​បំផុត​ក្នុង​រយៈពេល​ជិត១២ឆ្នាំ ដោយសារតម្លៃនៅក្នុងប្រទេសនាំចេញសំខាន់ៗបានកើនឡើងតាមតម្រូវការខ្ពស់ និងការរឹតត្បិតការនាំចេញរបស់ឥណ្ឌា។

សន្ទស្សន៍តម្លៃអង្ករទាំងអស់របស់ FAO ដែលតាមដានតម្លៃនៅក្នុងប្រទេសនាំចេញសំខាន់ៗជា​មធ្យម​មាន១២៩,៧ពិន្ទុក្នុងខែកក្កដាធៀបនឹង​១២៦,២ពិន្ទុសម្រាប់ខែមិថុនា។ FAO បញ្ជាក់ថា ពិន្ទុខែកក្កដា ជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកញ្ញាឆ្នាំ២០១១មក។
 
សន្ទស្សន៍តម្លៃម្ហូបអាហារពិភពលោកទាំងមូល ក៏បានកើនឡើងផងដែរនៅក្នុងខែកក្កដា ដែលជាការស្ទុះងើបឡើងវិញពីកម្រិតទាបក្នុងរយៈពេលពីរឆ្នាំចុងក្រោយ។
 
ឥណ្ឌាដែលជាប្រទេសនាំចេញអង្ករប្រមាណ៤០ភាគរយទៅកាន់ទីផ្សារពិភពលោកកាលពីខែមុន បានផ្អាកការនាំចេញអង្ករ​របស់ខ្លួនដើម្បីទប់ស្កាត់តម្លៃក្នុងស្រុកដែលបានកើនឡើង​ដល់កម្រិត​ខ្ពស់​ខ្លាំង​ដោយសារអាកាសធាតុមិនប្រក្រតីដែលគំរាមកំហែងដល់ផលិតកម្មស្បៀងមួយនេះ។
 
បន្ថែមពីនេះ បាតុភូតអាកាសធាតុ El Nino ដែលបង្កជាគ្រោះរាំងស្ងួត និងកង្វះទឹកភ្លៀងនឹង បង្កើន​សម្ពាធដល់ទិន្នផលដំណាំស្រូវ និងដំណាំកសិកម្មផ្សេងៗផងដែរក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍។
 
គួរបញ្ជាក់ថា ឥណ្ឌា ថៃ វៀតណាម កម្ពុជា និងប៉ាគីស្ថាន ជាប្រទេសនាំចេញអង្ករឈានមុខគេ ខណៈ​ចិន ហ្វីលីពីន បេណាំង សេណេហ្កាល់ នីហ្សេរីយ៉ា និង​ម៉ាឡេស៊ី ជា​អ្នក​នាំ​ចូលសំខាន់៕
 
 

Tag:
 អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com