កីឡាអន្តរជាតិ
អន្តរជាតិ
លោក Redknapp ថាក្រុមបិសាចក្រហមនឹងគ្រងជើងឯក Premier League រដូវកាលថ្មី
06, Aug 2023 , 10:29 pm        
រូបភាព
លោក Harry Redknapp អតីតអ្នកដឹកនាំក្រុមមួយរូប បានពន្យល់អំពីភាពល្អប្រសើរនៃក្រុម Manchester United កំពុងធ្វើអំឡុងទីផ្សារដោះដូរ ព្រមទាំងបានអះអាងថាដំណើរការល្អរបស់ក្រុមបិសាចក្រហមនឹងអាចជួយក្រុមឈ្នះពាន Premier League ក្នុងរដូវកាល ២០២៣-២៤។

ក្រុម Manchester City នឹងរំពឹងការការពារតំណែងជើងឯក Premier League ។ ចំណែកក្រុម Arsenal ដែលដឹកនាំដោយលោក Mikel Arteta ក៏ជាក្រុមកំពុងតែមានភាពល្អប្រសើរខ្លាំងឡើង បន្ទាប់ពីរដូវកាលមុនពួកគេបានបញ្ចប់ចំណាត់ថ្នាក់លេខ ២ ដោយមានគម្លាតពិន្ទុត្រឹម ៥ពិន្ទុប៉ុណ្ណោះ ពីក្រុមជើងឯក។
 
ទោះជាយ៉ាងណាលោក Redknapp បានផ្តល់ការពន្យល់មួយដោយលើកឡើងថា Manchester United នឹងបញ្ចប់ការរង់ចាំរយៈពេល ១១ឆ្នាំរបស់ពួកគេ ក្នុងការឈ្នះពាន Premier League។ លោក Erik ten Hagអ្នកចាត់ការក្រុម Manchester United បានបង្ហាញការចាប់អារម្មណ៍ជាខ្លាំងអំឡុងពេលទីផ្សារដោះដូរ ហើយរាល់ការដោះដូររបស់ក្រុមសុទ្ធសឹងតែមានភាពវិជ្ជមានខ្លាំង ដែលថាកីឡាករថ្មីត្រូវស្ថិតក្រោមការដឹកនាំរបស់ Ten Hag នឹងល្អប្រសើរខ្លាំងឡើង។
  


«ខ្ញុំអាចនិយាយបង្ហើបបានថា Premier League នឹងនៅតែស្ថិតក្នុងទឹកដីទីក្រុង Manchester តែមិនមែនជាមួយក្រុមដែលគ្រប់គ្នាបានគិតនោះទេ។ Erik ten Hag ពិតជាធ្វើការងារបានយ៉ាងអស្ចារ្យសម្រាប់រដូវកាលដំបូងរបស់លោកជាមួយ Man United ហើយក្នុងទីផ្សារដោះដូររដូវកាលនេះ លោកក៏មានការដោះដូរបានយ៉ាងល្អថែមទៀត។ ខ្ញុំពិតជាចូលចិត្តការនាំយក Mason Mount ដែលជាខ្សែបម្រើដ៏ពូកែ ខណៈអ្នកចាំទីដ៏ល្អមួយក្នុងពិភពលោក Andre Onana។»។ លោក Redknapp បាននិយាយបែបនេះប្រាប់ទៅកាន់កាសែត The Sun។
 
លោក Redknapp អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសក៏បានលើកឡើងបន្ថែមពីការនាំយក Rasmus Hojlund បានចូលរួមក្រុមបានកាលពីពេលថ្មីៗនេះថា ក្រុមបិសាចក្រហមនឹងបញ្ចប់ភាពរាំងស្ងូតនៃការរកគ្រាប់បាល់របស់ខ្លួន​ក្រោយពួកគេរកបានខ្សែប្រយុទ្ធតាមក្តីបំណង។ Hojlund ផ្ទេរមក Man United តម្លៃ ៨២លានដុល្លារពីក្រុម Atalanta៕
 

Tag:
 Harry Redknapp
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com