ជាតិ
សាលារៀនដែលទឹកលិចនៅរតនគិរីនិងកំពង់ធំ បើកដំណើរការវិញហើយ
06, Aug 2023 , 7:59 pm        
រូបភាព
អាជ្ញាធរខេត្តរតនគិរី ចុះពិនិត្យស្ថានភាពទឹកលិចតាមមូលដ្ឋានកាលពីថ្ងៃទី៣សីហា។ រូបពី ព័ត៌មានខេត្តរតនគិរី
អាជ្ញាធរខេត្តរតនគិរី ចុះពិនិត្យស្ថានភាពទឹកលិចតាមមូលដ្ឋានកាលពីថ្ងៃទី៣សីហា។ រូបពី ព័ត៌មានខេត្តរតនគិរី
ភ្នំពេញ៖ លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុជន និងកីឡា អះអាងថា សាលរៀនចំនួន៧ នៅខេត្តរតនគិរី និងកំពង់ធំ ដែលបានផ្អាកបណ្តោះអាសន្នដោយសារជំនន់ទឹកភ្លៀង បានបើកដំណើការជាធម្មតាវិញហើយ។

កាលពីថ្ងៃទី២សីហា សាលារៀនចំនួន៧ ផ្អាកដំណើការជាបណ្តោះអាសន្តដោយសារជំនន់ទឹកភ្លៀង។ សាលាទាំងនោះ មាន៦សាលានៅក្នុងខេត្តរតនគិរី និង១សាលាទៀត គឺនៅខេត្តកំពង់ធំ។ លោក រស់ ​សុវាចា ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី៦ សីហាថា សាលាខាងលើ អាចដំណើរការបានធម្មតាវិញហើយ។ 
 
អ្នកនាំពាក្យក្រសួងអប់រំ លើកឡើងថា ការលិចទឹកក្នុងសាលា គឺដូចឆ្នាំកន្លងមកដែរ ហើយមន្ទីរតាមបណ្ដាខេត្ត បានចេញវិធានការដោះស្រាយ ដោយឱ្យសិស្សានុសិស្សប្ដូរទៅរៀននៅសាលារៀន ដែលមានទីតាំងសុវត្ថិភាព រួមទាំងយន្តការគាំទ្រការសិក្សាផ្សេងៗផងដែរ។
 
ជុំវិញករណីលិចទឹកតាមសាលារៀន ក្រសួងអប់រំ បន្តយកចិត្តទុកដាក់កម្រិតខ្ពស់ តាមដានស្ថានភាពធម្មជាតិ ដោយយោងទៅលើការព្យាករណ៍ឧតុនិយមផ្លូវការ និងទិដ្ឋភាពផ្ទាល់នៅមូលដ្ឋាន។ ក្រសួងអប់រំ ក៏មានក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយវិស័យអប់រំ ដែលបន្តកិច្ចសហការណ៍ជាមួយគ្រប់ភាគីពាក់ព័ន្ធដូចឆ្នាំកន្លងមកដែរ។ ជាពិសេស ក្រសួងបានសហការជាមួយគណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីត្រៀមលក្ខណ:អន្តរាគមន៍ទៅលើកត្តាចាំបាច់តាមលទ្ធភាពជាក់ស្តែង។ 
 
អ្នកនាំពាក្យក្រសួងអប់រំ បន្ថែមថា ក្រសួង នៅតែបន្តស្វាគមន៍កិច្ចសហការណ៍វិជ្ជមាន ពីសំណាក់គ្រប់ភាគីពាក់ព័ន្ធលើវិធានការទប់ស្កាត់ និងការឆ្លើយតបលើបញ្ហានានា ជុំវិញជំនន់ទឹកភ្លៀងនេះ។ 
 
ជាមួយគ្នាដែរ អ្នកនាំពាក្យរូបនេះ អំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតានិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនការប្រុងប្រយ័ត្ននារដូវភ្លៀងនេះ ក្នុងការបន្តថែទាំសុខភាពនិងរក្សាសុវត្ថិភាព៕ 
 

Tag:
 សង្គម
  ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com