កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ Messi បង្កើតគេហទំព័រដែលបង្ហាញពីការស៊ុតគ្រាប់បាល់ចូលទីទាំងអស់របស់គេក្នុងអាជីព
06, Aug 2023 , 7:29 pm        
រូបភាព
អ្នកគាំទ្ររបស់ខ្សែប្រយុទ្ធ Lionel Messi បានបង្កើតគេហទំព័រថ្មីមួយ ដែលបង្ហាញពីការស៊ុតបាល់បញ្ចូលទីរបស់កីឡាករប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនទាំងអស់ ក្នុងអាជីពបាល់ទាត់។ ការបង្ហាញពីការស៊ុតបាល់បញ្ចូលទីទាំងអស់នោះ មានទាំងនៅក្លិប និងនៅក្រុមជម្រើសជាតិ។

Messi រកបានគ្រាប់បាល់ ក្នុងវិស័យបាល់ទាត់អាជីពចំនួន ៦៧២គ្រាប់ កាលនៅក្លិប Barcelona មុនពេលរកបាន ៣២គ្រាប់ឱ្យ Paris Saint Germain អំឡុងរយៈពេល ២រដូវកាល ដែលគេបានចំណាយនៅទឹកដីប្រទេសបារាំង។ កាលពីពេលថ្មីៗ Messi រកបាន ៥គ្រាប់ពីការបង្ហាញខ្លួន ៣លើកឱ្យក្រុម Inter Miami។
 
ម្ចាស់ពានរង្វាន់ World Cup 2022 ក៏រកបាន ១០៣គ្រាប់សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន នៅកម្រិតអន្តរជាតិ។ គ្រាប់បាល់ជាច្រើនរបស់កីឡាករវ័យ ៣៦ឆ្នាំ ភាគច្រើនសុទ្ធសឹងតែជាគ្រាប់បាល់ដ៏អស្ចារ្យបំផុត ដែលមិនសូវមានកីឡាករណាអាចធ្វើបានក្នុងពិភពបាល់ទាត់។
 
អ្នកគាំទ្រម្នាក់របស់កីឡាករខ្សែប្រយុទ្ធក្រុម Inter Miami បានរកឃើញគំនិតមួយដើម្បីជាភាពងាយស្រួលទៅកាន់អ្នកគាំទ្រដទៃផ្សេងទៀត ដោយគេបានបង្កើតគេហទំព័រថ្មីមួយ ដែលមានឈ្មោះថា Messiallgoals.com ដែលនឹងបង្ហាញពីការស៊ុតគ្រាប់បាល់ទាំងអស់របស់ Messi ក្នុងអាជីព។
 
គ្រាប់បាល់ល្អបំផុតរបស់ Messi រួមមានស៊ុតបាល់ទល់ក្រុម Getafe ក្នុងជំនួបពានរង្វាន់ Copa del Rey និងក្រុម Athletic Bilbao ក្នុងរដូវកាល ២០១៤-១៥ ដែលគេបានអូសបាល់ និងញ៉ាក់បាល់ទៅស៊ុតយ៉ាងល្អ។ ការស៊ុតបាល់ចូលក្រុម Bilbao ក្នុងក្របខណ្ឌ La Liga ក្នុងរដូវកាល ២០១២-១៣ និង UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់ Real Madrid ក្នុងឆ្នាំ ២០១០-១១ សុទ្ធតែជាគ្រាប់បាល់ដ៏ល្អរបស់គេ៕
 

Tag:
 Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com