អន្តរជាតិ
ហ្វីលីពីនថា កប៉ាល់ចិនប្រើកាណុងបាញ់ទឹកដាក់នាវាខ្លួននៅសមុទ្រចិនខាងត្បូង
06, Aug 2023 , 6:19 pm        
រូបភាព
ហ្វីលីពីន បានចោទឆ្មាំឆ្នេរសមុទ្ររបស់ចិនពីការរារាំងដំណើរ និងការបាញ់ទឹកលើកប៉ាល់ផ្គត់ផ្គង់យោធារបស់ខ្លួននៅសមុទ្រចិនខាងត្បូង។ ទីក្រុងម៉ានីលចាត់ទុករឿងនេះជាសកម្មភាពហួសហេតុ។

ជាថ្មីម្ដងទៀត ចិនបានធ្វើឱ្យហ្វីលីពីនក្ដៅស្លឹកត្រចៀកដោយសារតែបញ្ហាសមុទ្រចិនខាងត្បូង។ យោធាហ្វីលីពីនបញ្ជាក់នៅថ្ងៃទី៦ ខែសីហាថា នាវាឆ្មាំសមុទ្រចិននៅថ្ងៃទី៥ ខែសីហា បានប្រើកាណុងបាញ់ទឹកលើកប៉ាល់ហ្វីលីពីនក្នុងបេសកកម្មផ្គត់ផ្គង់សម្ភារៈ ដោយមិនយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់មនុស្សនៅលើប៉ាល់ និងបំពានច្បាប់អន្តរជាតិថែមទៀត។
 
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន យោធាហ្វីលីពីបន្តថា ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតតំបន់ Thomas Shoal ដែលទីក្រុងម៉ានីលហៅថា Ayungin Shoal ។ តំបន់ថ្មប៉ប្រះនេះ មានទាហានហ្វីលីពីនមួយចំនួនតូចរស់។
 
«យើងអំពាវនាវឱ្យឆ្មាំសមុទ្រចិន និងគណៈកម្មការយោធាមជ្ឈិមចិន ធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន និងទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ ដើម្បីបញ្ចៀសការគណនាខុស និងគ្រោះថ្នាក់ដែលនឹងធ្វើដល់អាយុជីវិតមនុស្ស»។ យោធាហ្វីលីពីនបញ្ជាក់បែបនេះ។
 
ឯឆ្មាំសមុទ្រហ្វីលីពីនវិញ ហៅសកម្មភាពរបស់ចិនជាការរំលោភលើច្បាប់ រួមទាំងអនុសញ្ញាអន្តរជាតិចំនួនពីរ និងសេចក្តីសម្រេចពីតុលាការពិភពលោក។
 
ដូចដឹងស្រាប់ ចិនទាមទារអធិបតេយ្យភាពលើស្ទើរតែស្រុងនៅសមុទ្រចិនខាងត្បូង ទោះត្រូវបានអន្តរជាតិច្រានចោលក្ដី។ ម៉ាឡេស៊ី វៀតណាម ព្រុយណេ តៃវ៉ាន់ និងហ្វីលីពីន ក៏ទាមទារចំណែកផ្សេងៗគ្នាដែរ។
 
បន្ទាប់ពីឧបទ្ទវហេតុនេះ ក្រសួងការបរទេសអាម៉េរិកអះអាងថា ការគំរាមកំហែងម្តងហើយម្តងទៀតរបស់ចិនចំពោះស្ថានភាពបច្ចុប្បន្ននៅសមុទ្រចិនខាងត្បូង ជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយទីក្រុងវ៉ាស៊ីនតោនឈរជាមួយសម្ព័ន្ធមិត្តហ្វីលីពីនក្នុងការប្រឈមមុខនឹងសកម្មភាពដ៏គ្រោះថ្នាក់បែបនេះ៕
 

Tag:
 ហ្វីលីពីន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com