ជាតិ
វិចារណកថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរបស់កម្ពុជា និង រាជរដ្ឋាភិបាលអាណត្តិទី៧ នៃព្រះរាជាណាចក្រកម្ពុជា
07, Aug 2023 , 10:18 am        
រូបភាព
កាលបរិច្ឆេទនៃការបង្កើតរដ្ឋាភិបាលអាណត្តិថ្មី (ទី៧) កាន់តែខិតមកដល់។ កម្ពុជានឹងមានឈ្មោះនាយករដ្ឋមន្ត្រីថ្មីគឺ លោក ហ៊ុន ម៉ាណែត ព្រមទាំងសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលសុទ្ធតែជាយុវជនបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងបរិបទនេះ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានសរសេរវិចារណកថាមួយរំឭកអំពីគុណបំណាច់មិនអាចកាត់ថ្លៃបានរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានគ្រងតំណែងជាប្រមុខរដ្ឋាភិបាលបានកម្ពុជា រហូតដល់ពេលនេះ ជាពេលដែលសម្តេចបានប្រកាសលាឈប់ពីការដឹកនាំរដ្ឋាភិបាល។ នៅក្នុងវិចារណកថានេះ មជ្ឈមណ្ឌលក៏បានកត់សម្គាល់ពីថាមភាព និងឆន្ទៈដឹកនាំរបស់អ្នកដឹកនាំបន្តវេនផងដែរ ដើម្បីបន្តដឹកនាំកម្ពុជាទៅរកភាពរុងរឿង។ សារព័ត៌មានថ្មីៗ សូមចុះផ្សាយវិចារណកថានេះទាំងស្រុងដូចខាងក្រោម៖

 
ក្នុងតំណែងជានាយករដ្ឋមន្ត្រីរយៈពេល ៣៨ឆ្នាំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកសាង និងបន្សល់ទុកស្នាដៃច្រើនរាប់មិនអស់ និងមិនអាចកាត់ថ្លៃបាន សម្រាប់កម្ពុជាសម័យបច្ចុប្បន្ន និងជាមូលដ្ឋានសម្រាប់កម្ពុជាទំនើបនាពេលអនាគត។ 
 
ការយកជីវិតជាដើមទុនចូលរួមនិងដឹកនាំរំដោះប្រជាជនខ្មែរពីការឈ្លានពានរបស់បរទេស និងការសម្លាប់រង្គាលរបស់ខ្មែរក្រហម ដោយឆ្លងកាត់ ១០៥សមរភូមិប្រយុទ្ធ រហូតពិការភ្នែកម្ខាង..., ការផ្តួចផ្តើមចរចាររកសន្តិភាពរវាងភាគីជម្លោះខ្មែរអស់រយៈពេល៤ឆ្នាំ រហូតសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីដំណោះស្រាយជម្លោះនៅកម្ពុជា..., ការបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃដែលសម្លាប់ខ្មែរគ្នាឯងរយៈពេល៣០ឆ្នាំនៅកម្ពុជា..., ការបង្រួបបង្រួមជាតិ ឯកភាពទឹកដី នាំសន្តិភាពពេញលេញ ដែលកម្ពុជាមិនធ្លាប់មានក្នុងរយៈពេលជាង៥០០ឆ្នាំ..., ការផ្តើមជម្នះ និងដឹកនាំកំណែទម្រង់របបសេដ្ឋកិច្ច និងនយោបាយកម្ពុជា ឱ្យកាន់តែរឹងមាំ កាន់តែធន់ និងរីកចម្រើន..., ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងនយោបាយកម្ពុជាចូលទៅកាន់ឆាកតំបន់ និងពិភពលោក..., ការកសាងចាក់គ្រឹះមូលដ្ឋានសេដ្ឋកិច្ច-សង្គម-នយោបាយ  កម្ពុជាបច្ចុប្បន្ន ជាមួយនឹងឯករាជ្យអធិបតេយ្យភាព ក្នុងមាគ៌ាឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០... ទាំងអស់នេះសុទ្ធតែត្រូវចារឹកជាប់ឈ្មោះ សម្តេចតេជោ ហ៊ុន សែន ពុំខានឡើយក្នុងនាមជាយុទ្ធជន, ជាមេបញ្ជាការ, ជាស្ថាបនិក, ជាប្រតិបត្តិករ, ជារដ្ឋមន្ត្រីការបរទេស, ជានាយករដ្ឋមន្ត្រី និងជាអគ្គមគ្គុទេសន៍ឯករបស់កម្ពុជា ។
 
ព្រះរាជាណាចក្រកម្ពុជា បានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្រ្តដ៏ល្វីងជូរចត់ និងរងការបំផ្លិចបំផ្លាញរាប់មិនអស់ ហើយបុគ្គលដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគូសវាសប្រវត្តិសាស្រ្ត នាំកម្ពុជាចូលក្នុងសម័យទំនើប គឺសម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ជាអ្នកស្នេហាសន្តិភាពពីកំណើត ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏ត្រូវបានទទួលស្គាល់ពីគ្រប់ភាគីថា ជាឥស្សរជននយោបាយដែលមានបេះដូងបើកទូលាយ ស្វាគមន៍តួអង្គទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមក្រោមម្លប់នៃសុខសន្តិភាពដើម្បីបុព្វហេតុភាពសុខដុមរបស់ប្រជាជនកម្ពុជា ឯកភាព និងការបង្រួបបង្រួមជាតិ។ ពេញមួយជីវិតនយោបាយរបស់ខ្លួន សម្តេចបានទទួលយកអតីតភាគីជម្លោះ អ្នកធ្លាប់ប្រព្រឹត្តិអាក្រក់សព្វបែបយ៉ាងមកលើរូបលោក ដោយមិនគិតពីអតីតកាល ហើយផ្តោតលើការរួបរួម ដើម្បីបុព្វហេតុសន្តិភាព និងវឌ្ឍនភាពជាតិមាតុភូមិ។
 
សមិទ្ធផលទាំងអស់នេះ គ្រាន់ជាការព្យាយាមបរិយាយជាឃ្លាដ៏សង្ខេបបំផុតតែប៉ុណ្ណោះ! ប៉ុន្តែគ្រប់មាត្រដ្ឋាននៃសមិទ្ធផលជាប្រវត្តិសាស្ត្រជាតិកម្ពុជាទាំងនេះ ទាំងទំហំ និងជម្រៅ បើរាប់ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ (ថ្ងៃដែលសម្ដេចតេជោ ចេញតស៊ូប្រឆាំងនឹងរបបខ្មែរក្រហមវិញ ដោយដើរចេញពីភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)) ដល់បច្ចុប្បន្ន សុទ្ធតែដិតដាមទៅដោយ ញើស ឈាម ទឹកភ្នែក ដានជើង ស្នាដៃ វោហាស័ព្ទ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងការបូជាមួយជីវិតយុវវ័យរបស់ សម្តេចតេជោ ហ៊ុន សែន ដែលស័ក្តិសមពេកណាស់ជា «រដ្ឋបុរសឆ្នើមរបស់កម្ពុជា»។
 
សម្តេចតេជោនាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការ ឈប់បន្តធ្វើជានាយករដ្ឋមន្ត្រី បើទោះណា សម្តេចតេជោ ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះដាច់ការក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី ២៣ កក្កដា ២០២៣ ក៏ដោយ។ សម្តេចតេជោ ថែមទាំងបានបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត (ដែលត្រូវបានគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបោះឆ្នោតជាឯកច័្ឆន្ទ នៅថ្ងៃទី ២៤ ធ្នូ ២០២១ ឱ្យធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត) នឹងក្លាយជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលអាណត្តិទី៧តែម្តង។ នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំយុវជនបន្តវេនប្រកបដោយសក្កានុពល បន្តបេសកកម្មរបស់រាជរដ្ឋាភិបាល ដើម្បីនាំកម្ពុជាឱ្យសម្រេចបានចក្ខុវិស័យ ស្របតាមគោលដៅអភិវឌ្ឍន៍របស់ខ្លួន ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ តាមការរំពឹងទុក សមាសភាពភាគច្រើននៃរាជរដ្ឋាភិបាលអាណត្តិទី៧ នឹងជាអ្នកដឹកនាំវ័យក្មេង ពោរពេញដោយកម្លាំង ថាមពល បញ្ញា និងបានឆ្លងកាត់បទពិសោធន៍ការងារក្នុងរាជរដ្ឋាភិបាលកម្ពុជាជាច្រើនអាណត្តិកន្លងមក។
 
ទំនុកចិត្ត និងជំនឿជាក់ពីសំណាក់ប្រជាពលរដ្ឋត្រូវបានឆ្លុះបញ្ចាំងតាមរយៈអត្រាអ្នកចេញទៅបោះឆ្នោតចំនួន ៨៤,៥៨% និងលទ្ធផលជាអត្រាគាំទ្រចំនួន ៨២,៣% ដល់គណបក្សប្រជាជនកម្ពុជា នៅក្នុងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧កន្លងទៅ។ ក្នុងន័យនេះ ការរៀបចំសមាសភាពថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិថ្មី នឹងជាការគិតគូរប្រកបដោយទស្សនៈវែងឆ្ងាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានាស្ថិរភាព និរន្តរភាព និងប្រសិទ្ធភាពស្ថាប័នជាតិ និងសេចក្តីសុខរបស់ប្រជាជន។ គណៈរដ្ឋមន្រ្តីថ្មី ដែលពោរពេញដោយសមត្ថភាព បទពិសោធន៍ និងការប្តេជ្ញាចិត្តខ្ពស់ ពិតជានឹងបន្តកេរដំណែល រក្សាសមិទ្ធផលនានាដែលបានកសាងដោយថ្នាក់ដឹកនាំជំនាន់មុន និងបង្កបង្កើតបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀត លើថ្នាលដែលត្រូវបានត្រួសត្រាយបានយ៉ាងល្អរួចហើយ។
 
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមចូលរួមសាទរ អបអរ ជាមួយប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន ចំពោះក្តីសង្ឈឹមដ៏ប្រាកដប្រជានេះ  និងត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត តាមលទ្ធភាពនិងសមត្ថភាពរបស់ខ្លួន ក្នុងបេសកកម្ម សម្រេចឱ្យចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសចំណូលខ្ពស់ សេដ្ឋកិច្ចមានភាពធន់, នយោបាយមានស្ថេរភាព, សង្គមមានភាពស៊ីវិល័យ, ប្រជាជនមានភាពសុខដុម...។ ដូច្នេះ     កម្ពុជានឹងស្ថិតស្ថេរជាប្រទេសទំនើប រឹងមាំ ទទួលបានការគោរព និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com