អន្តរជាតិ
អ៊ុយក្រែនថា ការចរចានៅអារ៉ាប៊ីសាអូឌីតមានផ្លែផ្កា ប៉ុន្តែរុស្ស៊ីថាទទួលបរាជ័យ
07, Aug 2023 , 11:09 am        
រូបភាព
កិច្ចប្រជុំក្រុង Jeddah នៅអារ៉ាប៊ីសាអូឌីត។ រូបភាព Saudi Gazette
កិច្ចប្រជុំក្រុង Jeddah នៅអារ៉ាប៊ីសាអូឌីត។ រូបភាព Saudi Gazette
មន្រ្តីជាន់ខ្ពស់អ៊ុយក្រែន នៅថ្ងៃទី៦ ខែសីហា បានហៅកិច្ចចរចា​ស្វែងរកសន្តិភាពនៅអ៊ុយក្រែនក្នុងក្រុង Jeddah អារ៉ាប៊ីសាអូឌីត ទទួលបានផ្លែផ្កាយ៉ាងខ្លាំង ខណៈភាគីរុស្ស៊ីចាត់ទុកកិច្ចចរចាមួយនេះ មិនទទួលបានជោគជ័យក្នុងការគាំទ្រអ៊ុយក្រែន។

 
មន្រ្តីជាន់ខ្ពស់មកពីប្រទេសជិត ៤០ មានដូចជាចិន អាម៉េរិក អ៊ុយក្រែន ឥណ្ឌា បានចូលរួមកិច្ចប្រជុំថ្នាក់ទីប្រឹក្សាសន្តិសុខជាតិ និងមន្រ្តីផ្សេងទៀតនៅក្រុង Jeddah អារ៉ាប៊ីសាអូឌីត ដែលបានបិទបញ្ចប់នៅថ្ងៃទី៦ ខែសីហា ដើម្បីជជែកពីផែនការដោះស្រាយសន្តិភាពនៅអ៊ុយក្រែន ដែលមានសង្រ្គាមអូសបន្លាយជាច្រើនខែមកហើយ។ 
 
ជុំវិញកិច្ចប្រជុំនេះ លោក Andriy Yermak នាយក​ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​ បានបញ្ជាក់ថា កិច្ចប្រជុំនេះ ទទួលបានលទ្ធផលយ៉ាងខ្លាំង រួមទាំងបានជជែកពីការកសាងសន្តិភាពនៅអ៊ុយក្រែនឡើងវិញ។ 
 
«យើងមានកិច្ចសន្ទនាប្រកបដោយផ្លែផ្កាលើគោលការណ៍សំខាន់ៗ និងសន្តិភាពរយៈពេលយូរអង្វែង ត្រូវបានកសាង»។ មន្រ្តីជាន់ខ្ពស់អ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៦ ខែសីហា ដោយបន្តថា ប្រទេសទាំងអស់ បានបន្តបង្ហាញពីការប្តេជ្ញា ក្នុងការគោរពគោលការណ៍ច្បាប់អន្តរជាតិ និងអធិបតេយ្យ រួមទាំងមិនបំពានបូរណភាពដែនដីរបស់ប្រទេសដទៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ទន្ទឹមនេះ លោក Yermak ក៏បានបញ្ជាក់ផងដែរថា ការខ្វែងគំនិត ក៏បានលេចឡើងនៅក្នុងកិច្ចប្រជុំផងដែរ ហើយថែមចាត់ទុកកិច្ចសន្ទនាប្រកបដោយការបើកចំហ និងស្មោះត្រង់។ 
 
ក្នុងថ្ងៃដដែលនោះ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានអះអាងថា កិច្ចប្រជុំនៅក្នុង Jeddah អារ៉ាប៊ីសាអូឌីត ជាការបង្ហាញពីការប៉ុនប៉ងរបស់ប្រទេសលោកខាងលិច ក្នុងការបន្តភាពបាក់បែក និងជាកិច្ចខិតខំប្រកបដោយភាពបរាជ័យ ក្នុងការប្រមូលប្រទេសកំពុងអភិវឌ្ឍឱ្យគាំទ្រជំហររបស់លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ 
 
មុនរៀបចំនៅក្រុង Jeddah កិច្ចចរចាស្វែងរកសន្តិភាពអ៊ុយក្រែន ក៏ត្រូវបានរៀបចំនៅក្រុងកូប៉ិនហាក ដាណឺម៉ាក នៅក្នុងខែមិថុនាផង។ ប៉ុន្តែកាលនោះ ចិន ដែលជាប្រទេសជិតស្និទ្ធមួយរបស់រុស្ស៊ី មិនបានចូលរួមកិច្ចប្រជុំឡើយ៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  អារ៉ាប៊ីសាអូឌីត
 ​ ចិន
© រក្សាសិទ្ធិដោយ thmeythmey.com