កីឡាអន្តរជាតិ
អន្តរជាតិ
លើកពាន Community Shield គ្រូ Arsenal រំភើបដែលឈ្នះក្រុមខ្លាំងលើលោក
07, Aug 2023 , 11:39 am        
រូបភាព
ក្រុម Arsenal បានយកឈ្នះ Manchester City ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រក្នុងលទ្ធផល ៤-១ ដើម្បីគ្រងជើងឯកពានរង្វាន់បើករដូវកាលថ្មី ​Community Shield នាថ្ងៃទី៦ ខែសីហា។ លោក Mikel Arteta បានបង្ហាញក្តីរំភើប ដោយក្រុមរបស់ខ្លួនកអាចយកឈ្នះក្រុមខ្លាំងកម្រិតកំពូលពិភពលោក។



ជំនួបស្ថិតក្នុងកីឡដ្ឋាន Wembley បានបញ្ចប់ទៅត្រឹមរយៈពេល ៩០នាទី ដោយលទ្ធផលស្មើ ១-១ បន្ទាប់ពីកីឡាករ Fabio Vieira រកបានគ្រាប់បាល់តាមស្មើសម្រាប់ក្រុមកាំភ្លើងធំ ហើយបានបញ្ចប់ការខិតខំរបស់ក្រុមមេឃខៀវដែលបានបើកការនាំមុខនៅនាទី៧៧ ដោយការស៊ុតរបស់កីឡាករ Cole Palmer។ ក្រុមកាំភ្លើងធំឈ្នះការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៤-១ ក្រោយបញ្ចប់ការប្រកួតលទ្ធផល ១២០នាទីស្មើ ១-១។

ការប្រកួតពានរង្វាន់ Community Shield ជាញឹកញយត្រូវបានគេចាត់ទុកថាជាពានរង្វាន់មិត្តភាពមួយពីសំណាក់អ្នកគាំទ្រមួយចំនួន។ ប៉ុន្តែក្រុមនីមួយៗ បានបង្ហាញការលេងដោយអស់ពីសមត្ថភាព ការប៉ះទង្គិចគ្នាទៅវិញទៅមក ការប្រជែងបាល់ខ្លាំងក្លា ប្រៀបបានជាការប្រជែងពានរង្វាន់ដ៏ខ្លាំងក្លារវាងក្រុមទាំងពីរដូចទៅនឹងរដូវកាលមុន។
  

 
យ៉ាងណាក្រោយបំបាក់ក្រុមខ្លាំងដែលឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាលកាលពីរដូវកាលមុន លោក Mikel Arteta មិនអាចលាក់ភាពរីករាយបានបន្ទាប់ពីកូនក្រុមបានផ្តួល Man City ដើម្បីលើកពាន Community Shield ឆ្នាំ ២០២៣។
 
«វាពិតជាអារម្មណ៍ដ៏អស្ចារ្យ ខ្ញុំមិនដឹងឡើយថាទទួលបានភាពល្អប្រសើរក្នុងការពាននៅក្នុងកីឡដ្ឋាន Wembley ទល់នឹងក្រុមដ៏ល្អក្នុងពិភពលោក។»។ លោក Arteta បាននិយាយបែបនេះក្រោយបញ្ចប់ការប្រកួត។
 
ជ័យជម្នះលើក្រុមការពារជើងឯកលីគកំពូលអង់គ្លេស Premier League  គ្រូ Arsenal សរសើរដ៏ភាពខ្លាំងនៃអ្នកចាំទី Aaron Ramsdale ដែលបានជួយសង្គ្រោះបាល់ នៅវគ្គស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្របានយ៉ាងល្អ។
 
សម្រាប់ភាពខ្លាំងរបស់ក្រុមរហស្សនាមកាំភ្លើងធំ លោក Pep Guardiola ក៏បានបង្ហាញពីក្តីបារម្ភរបស់លោកដូចគ្នាមុនការប្រកួត។ ចំពោះភាពល្អប្រសើរនៃការត្រៀមខ្លួននៃក្រុម Arsenal ខណៈក្រុមមេឃខៀវរបស់ Guardiola មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ត្រៀមខ្លួន ក្រោយបញ្ចប់ការប្រកួតយ៉ាងមរមាញឹកនៅរដូវកាលចាស់៕
 

Tag:
 Community Shied
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com