កីឡាអន្តរជាតិ
អន្តរជាតិ
Messi រកបាន២គ្រាប់បន្ថែមជួយ Inter Miami ឈ្នះ Dallas ឡើងវគ្គ១/៤ League Cup
07, Aug 2023 , 12:20 pm        
រូបភាព
Lionel Messi រកបាន២គ្រាប់បន្ថែមទៀត ដើម្បីជួយសង្គ្រោះ Inter Miami រហូតវាយបកយកឈ្នះក្រុម FC Dallas ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ៥-៣ បន្ទាប់ពីការប្រកួតបញ្ចប់ក្នុងលទ្ធផលស្មើ ៤-៤។ ឈ្នះទាំងប្រផិតប្រផើយ Inter Miami បន្តទៅវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ League Cup។



ការប្រកួតស្មើត្រឹមលទ្ធផល ៤-៤ ត្រឹមរយៈពេល ៩០នាទី ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ Messi រកបានគ្រាប់បាល់ ២គ្រាប់ ដោយកីឡាករម្ចាស់ពាន World Cup រូបនេះបានស៊ុតបើកឆាកសម្រាប់ Inter Miami តាំងពីនាទី៦ ប៉ុន្តែក្រុម FC Dallas បានវាយបកវិញរហូតដល់ទៅ ៣គ្រាប់ក្រោយ Messi រកបានគ្រាប់ដំបូង។ 
 
Inter Miami ព្យាយាមរកគ្រាប់បាល់តាមមកវិញ រហូតដល់នាទី៦៥ កីឡាករ Benjamin Cremaschi តែយ៉ាងណាការបង្កកំហុសស៊ុតបាល់ចូលទីខ្លួនឯងពីសំណាក់កីឡាករ Robert Taylor ធ្វើឱ្យ FC Dallas កាន់តែមានគ្រាប់បាល់នាំមុខ។ ទោះយ៉ាងណាការខំប្រឹងរបស់ Inter Miami ជាពិសេស Messi មិនធ្វើឱ្យក្រុមធ្លាក់ចេញពីការប្រកួតដោយងាយៗឡើយ ដោយនៅនាទី៨០ ក្រុម Miami វាយសម្រុករហូតធ្វើឱ្យកីឡាករ Marco Farfun ភ្លាត់ស្នៀតចូលទីខ្លួនឯង ហើយនៅនាទី៨៥ Messi បានស៊ុតបាល់ពិន័យ Freekick តាមស្មើ ៤-៤ សង្គ្រោះក្តីសង្ឃឹមរបស់ Miami។
 
ឆ្លងកាត់ការប្រកួតចំនួន ៤ប្រកួត ក្នុងពានរង្វាន់ League Cup ដែលជាពានរង្វាន់ប្រជែងរវាងក្រុមស្ថិតក្នុងលីគ Major League Soccer និង Liga MX របស់ប្រទេសម៉ិកស៊ិក ខ្សែប្រយុទ្ធម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យកាលបន្តរកបានគ្រាប់បាល់ចំនួន ៧គ្រាប់ពីការបង្ហាញខ្លួន ៤លើកដូចគ្នា។
 
ពេលបង្ហាញខ្លួនដំបូងទល់ក្រុម Cruz Azul ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរកបានគ្រាប់បាល់ ១គ្រាប់ពីការស៊ុតបាល់ពិន័យ Freekick ដូចគ្នាដើម្បីជួយយកជ័យជម្នះដល់ Inter Miami មុនពេលយកឈ្នះលើក្រុម Atlanta United លទ្ធផល ៤-០ ដែលជាពេលរូបគេរកបាន ២គ្រាប់កាលពីខែកក្កដា។ ដើមខែសីហា​ Messi រកបាន ២គ្រាប់បន្ថែមពីការប្រកួតយកឈ្នះលើក្រុម Orlando City លទ្ធផល ៣-១។
 
ក្រុម​ Inter Miami នឹងត្រូវទទួលស្វាគមន៍ក្រុមដែលឈ្នះការប្រកួតរវាងក្រុម Charlotte FC ទល់នឹងក្រុម Houston Dynamo នៅថ្ងៃទី១៤ ខែសីហា ក្នុងកីឡដ្ឋាន DRV PNK សម្រាប់ជំនួបវគ្គ ៨ក្រុមចុងក្រោយ៕
 

Tag:
 Lionel Messi
  Inter Miami
© រក្សាសិទ្ធិដោយ thmeythmey.com