សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ធនាគារកណ្ដាលអាម៉េរិកអាចបន្តដំឡើងអត្រាការប្រាក់ ដើម្បីបន្ថយអតិផរណា
07, Aug 2023 , 1:59 pm        
រូបភាព
រូបភាពពី AFP ។
រូបភាពពី AFP ។
ធនាគារកណ្តាលអាម៉េរិក (Fed) ទំនងជានឹងបន្តដំឡើងអត្រាការប្រាក់នាពេលខាងមុខ ដើម្បីធានាការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការរក្សាអតិផរណានៅកម្រិត ២ភាគរយ។

 
ទេសាភិបាលធនាគារកណ្តាលអាម៉េរិកលោកស្រី Michelle Bowman បានលើកឡើងពីលទ្ធភាពនៃការដំឡើងអត្រាការប្រាក់បន្តទៀតដើម្បីបន្ថយអតិផរណា ភ្លាមៗបន្ទាប់ពីអ្នកបង្កើតគោលនយោបាយបានដំឡើងអត្រាការប្រាក់ ០,២៥ភាគរយកាលពីចុងខែកក្កដា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០១។
 
លោកស្រី Michelle Bowman បានគាំទ្រការសម្រេចចិត្តរបស់គណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ (FOMC) ដែលជាអ្នកធ្វើគោលនយោបាយរបស់ Fed  ដើម្បីបង្កើនអត្រាការប្រាក់ក្នុងខែកក្កដា ដោយផ្អែកលើទិន្នន័យកំណើនសេដ្ឋកិច្ចរឹងមាំ និងកម្រិតអតិផរណា ។
 
បើតាមលោកស្រី Michelle Bowman ការដំឡើងអត្រាការប្រាក់បន្ថែមទំនងអាចនាំអតិផរណាឱ្យធ្លាក់ចុះដល់គោលដៅ ២ភាគរយរបស់ FOMC ។ លោកស្រីបានផ្តោតលើសញ្ញានៃការថយចុះចំណាយរបស់អ្នកប្រើប្រាស់ ដែលជាសញ្ញាបង្ហាញថា ទីផ្សារការងារកំពុងធូររលុង។
 
ក្រសួងការងារអាម៉េរិកទើបតែបានបញ្ចេញទិន្នន័យ កំណើនការងារចំនួន ១៨៧ពាន់កន្លែងនៅខែកក្កដា និង១៨៥ពាន់កន្លែងនៅខែមិថុនា។  យ៉ាងណាមិញ កំណើនប្រាក់ឈ្នួលនៅតែមានស្ថិរភាពក្នុងកម្រិត ០,៤ភាគរយដែលកើនឡើង ៤,៤ភាគរយបើធៀបនឹងខែកក្កដាឆ្នាំមុន។
 
សម្រាប់ការព្យាកររបស់អ្នកបង្កើតគោលនយោបាយ Fed ដែលបានចេញផ្សាយនៅខែមិថុនាបានបង្ហាញថា អត្រាការប្រាក់របស់ Fed នឹងមានទៅដល់អត្រា ៥,៦ភាគរយនៅចុងឆ្នាំនេះ។
 
ចំណែកអតិផរណារបស់អាម៉េរិកបានធ្លាក់ចុះដល់ ៣ភាគរយខែមិថុនា បន្ទាប់ពីឡើងដល់ ៩ភាគរយកាលពីពាក់កណ្តាលឆ្នាំមុន ដែលជាសញ្ញាមួយបង្ហាញពីភាពវិជ្ជមាន។ ប៉ុន្តែវានៅតែត្រូវការពេលវេលា ដើម្បីឱ្យប្រាកដថាអតិផរណានឹងនៅកម្រិតមួយដែលមាននិរន្តរភាព៕
 

Tag:
 Fed
  អត្រាការប្រាក់
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com