កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី៖ ស៊ុយអែត ទម្លាក់ក្រុមការពារជើងឯកអាម៉េរិក នៅវគ្គ១៦ក្រុម
07, Aug 2023 , 2:59 pm        
រូបភាព
ក្រុមការពារតំណែងជើងឯកនារីអាម៉េរិកបានធ្លាក់ចេញពីការប្រកួតព្រឹត្តិការណ៍ Women’s World Cup 2023 ក្រោយត្រូវបានក្រុមនារីស៊ុតអែតទម្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីរងបរាជ័យដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ក្នុងលទ្ធផល ៥-៤។



បន្ទាប់ពីក្លាយជាក្រុមឈ្នះជើងឯក២លើកជាប់គ្នា អំឡុងក្រោមការដឹកនាំរបស់លោកស្រី Jill Ellis ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩ ក្រុមអាម៉េរិកនាបច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក Vlatko Andonovski រងបរាជ័យ ក្រោមថ្វីជើងក្រុមជើងស៊ុយអែត ក្នុងការប្រកួតវគ្គ១៦ក្រុម ដែលធ្វើឡើងក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី នៅថ្ងៃទី៦ ខែសីហា។
 
ក្រុមអាម៉េរិកឆ្លងកាត់ការប្រកួតនៅវគ្គចែកពូលក៏ហាក់បីមិនសូវជាបង្ហាញទម្រង់លេងបានល្អ ដោយឆ្លងកាត់ ៣ប្រកួតពួកគេរកបានជ័យជម្នះត្រឹមតែ ១ប្រកួតលើក្រុមនារីវៀតណាម នឹងស្មើ ២ប្រកួតទល់ក្រុមនារីព័រទុយហ្កាល់ និងនារីហូឡង់ក្នុងជំនួបពូល E។ 
 
ហូឡង់ជាក្រុមជើងខ្លាំងមួយស្ថិតក្នុងពូល G ដោយឆ្លងកាត់ការប្រកួតចំនួន ៣លើកពួកគេបានឈ្នះលើគូប្រកួតក្នុងពូលទាំងអស់ ដោយរកបាន ៩ពិន្ទុក្នុងដៃ ក្រោយឈ្នះលើក្រុមនារីអាហ្សង់ទីន, អាហ្វ្រិកខាងត្បូង និង អ៊ីតាលី។
 
«យើងពិតជារីករាយនៅពេលនេះ ខ្ញុំមិនដឹងឡើយថាយើងអាចរៀបចំក្រុមបានល្អរហូតអាចស្ថិតក្នុងការប្រកួតនេះបានបន្តទៀត។ យើងបានលេងការប្រកួតល្អបំផុតរបស់យើង យើងបានបង្ហាញពីការខិតខំរបស់យើង រហូតដល់ការបន្ថែមម៉ោង និងការស៊ុតបាល់កាត់សេចក្តី ហើយយើងបានឈ្នះ។»។ នេះបើតាមសម្តីប្រធានក្រុមស៊ុយអែតកីឡាការិនី Magda Eriksson ក្នុងកិច្ចសម្ភាសជាមួយនឹងវិទ្យុមួយក្រោយចប់ការប្រកួត។
 
អាម៉េរិក បានបង្ហាញភាពខ្លាំងអំឡុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៩ ក្នុងប្រទេសបារាំង ជាពេលដែលពួកគេបានឈ្នះពានរង្វាន់លើកទី៤ ក្នុងប្រវត្តិសាស្ត្រ។ ក្រុមនារីអាម៉េរិកបានបំបាក់ក្រុមនារីហូឡង់លទ្ធផល ២-០ ក្នុងទីក្រុង Lyon ដែលជាទីកន្លែងរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ។
 
មកដល់ពេលនេះការប្រកួតព្រឹត្តិការណ៍ Women’s World Cup 2023 រកឃើញក្រុមចំនួន ៤ ហើយដែលឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ដោយក្នុងនោះរួមមានក្រុមនារី ហូឡង់​, ជប៉ុន, អេស្ប៉ាញ និងស៊ុយអែត ខណៈការប្រកួតរវាង ៤គូ ផ្សេងទៀតដើម្បីដណ្តើមកៅអីវគ្គ៨ក្រុម នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់៕
 

Tag:
 Women’s World Cup 2023
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com