ជាតិ
កូរ៉េ ចង់បង្កើតរោងចក្រកែច្នៃស្វាយចន្ទីនៅកម្ពុជា ក្នុងទំហំ៧៥០០តោន
07, Aug 2023 , 4:09 pm        
រូបភាព
ភ្នំពេញ៖ កូរ៉េ ចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែងនៅកម្ពុជា ដែលមានសមត្ថភាពផលិត៧៥០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះ ត្រូវបានគេរំពឹងជោគជ័យ ដោយសារកម្ពុជាមានវត្ថុធាតុដើមគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រកែច្នៃនានា។ 



នាពេលថ្មីៗនេះ សមាគមស្វាយចន្ទីកម្ពុជា បានជួបជាមួយសមាគមធនធានកសិឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស (AOAA) ដើម្បីពិភាក្សាពីលទ្ធភាពបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ក្រោមកិច្ចសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម។ ក្នុងនោះ តំណាងកម្ពុជា បានបង្ហាញទីតាំងសក្ដានុពលដែលអាចបង្កើតរោងចក្រមួយចំនួន ទៅកាន់ភាគីកូរ៉េ ព្រមទាំងប្រាប់ទិន្នន័យផ្សេងៗពាក់ព័ន្ធនឹងការដាំដុះ, ស្ថានភាពកសិករផងដែរ។  
  

កិច្ចពិភាក្សារវាង សមាគមស្វាយចន្ទីកម្ពុជា , ក្រសួងពាណិជ្ជកម្ម និងសមាគមធនធានកសិឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស (AOAA)  នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។ រូបភាព៖ ក្រសួងពាណិជ្ជកម្ម 

ក្នុងឱកាសនោះ លោក Heo Jang តំណាង AOAA បានលើកឡើងថា កន្លងទៅការនាំចេញស្វាយចន្ទីរបស់កម្ពុជាភាគច្រើនមិនទាន់បានកែច្នៃ ដែលនាំឱ្យបាត់បង់នូវតម្លៃបន្ថែម។ ដូច្នេះ លោកចង់សិក្សាភូមិសាស្រ្តសមស្របសម្រាប់សាងសង់រោងចក្រ ដែលអាចកែច្នៃវត្ថុធាតុដើមរហូតដល់៧៥០០​​តោនក្នុងមួយឆ្នាំ។ លោក រំពឹងថា នៅពេលមានរោងចក្រហើយ ស្វាយចន្ទីកម្ពុជានឹងទទួលបានតម្លៃបន្ថែម សម្រាប់ការនាំចេញទៅទីផ្សារពិភពលោក។
 
ចំណែក កញ្ញា សឿន សុទ្ធនីតា លេខាសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងដែរថា ចក្ខុវិស័យរបស់កម្ពុជា គឺចង់ដើរតួនាទីសំខាន់ក្នុងនាមជាអ្នកផលិត និងកែច្នៃគ្រាប់ស្វាយចន្ទីទៅកាន់ពិភពលោក។ ដូច្នេះ សមាគមស្វាគមន៍ចំពោះគម្រោងវិនិយោគិនរបស់កូរ៉េ ដែលចង់បង្កើតរោងចក្រកែច្នៃស្វាយចន្ទីកម្ពុជា។ 
 
កញ្ញា បន្តថា ប្រសិន បើអាចអូសទាញឱ្យមានការវិនិយោគកាន់តែច្រើន វានឹងអាចបង្កើតការងារ និងចំណូលដល់ពលរដ្ឋក្នុងមូលរដ្ឋាន ជាពិសេស ជួយបង្កើនតម្លៃបន្ថែមដល់ស្វាយចន្ទីកម្ពុជា។  
 
កម្ពុជាសង្ឃឹមថា នឹងមានរោងចក្រកែច្នៃស្វាយចន្ទីកាន់តែច្រើន និងការវិនិយោគទុនពីបណ្ដាប្រទេសនានា នៅលើពិភពលោក។ ការរំពឹងបែបនេះ ដោយសារកម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីច្រើន គ្រាប់ល្អ និងឆ្ងាញ់ជាងគេមួយនៅលើពិភពលោក។ ​នេះជាការលើកឡើងរបស់ កញ្ញា សឿន សុទ្ធនីតា។ 
 
កញ្ញាប្រាប់ដូច្នេះ ៖«ពួកយើង ចង់ដើរតួនាទីសំខាន់នៅលើទីផ្សារអន្តរជាតិ ក្នុងនាមជាអ្នកផលិតផង កែច្នៃផង និងនាំចេញស្វាយចន្ទីផង ព្រោះថាក​ម្ពុជាជាប្រទេសដែលផលិតស្វាយ ចន្ទី​ល្អជាងគេ ហើយក៏ច្រើនជាងគេលើពិភពលោក»។ 
 
បន្ថែមពីលើនេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា​ ប្រាប់សារព័ត៌មានថ្មីៗតាមតេឡេក្រាមថា លោកសាទរចំពោះគម្រោងវិនិយោគិនរបស់កូរ៉េ សម្រាប់វិស័យស្វាយចន្ទី។ ថ្វីដ្បិត តែនេះជាការពិភាក្សា ប៉ុន្តែប្រធានសមាគមស្វាយចន្ទីរូបនេះ ដាក់ក្ដីរំពឹងជោគជ័យខ្ពស់ ព្រោះថាកម្ពុជាមានវត្ថុធាតុដើមដ៏ច្រើន ដែលវិនិយោគិនមិនគួរមើលរំលង។ 
 
បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីប្រមាណ៧០ម៉ឺនហិកតា ដែលអាចផលិតចេញជាគ្រាប់ចន្លោះពី៦០ម៉ឺនតោន ទៅ១លានតោនក្នុងមួយឆ្នាំ។ លោក ស៊ីឡុត ប្រាប់ដូច្នេះថា៖«ពិតណាស់ វាជាការសិក្សា ប៉ុន្តែការសិក្សានេះ ខ្ញុំមើលទៅដូចជាសង្ឃឹម៥០ភាគរយដែរ។ យើងនឹងជូនគាត់ (វិនិយោគិនកូរ៉េ) ទៅមើលតាមសហគ្រាសធនតូច និងមធ្យម និងជូនគាត់សមុទ្រចន្ទី ដើម្បីឱ្យគាត់ដឹងហើយមានទំនុកចិត្ត ថាយើងមានវត្ថុធាតុដើមគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ដល់រោងចក្ររបស់គាត់»។ 
 
យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា ឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាផលិតសា្វយចន្ទីនៅ ៦១ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាជាង៥៧ម៉ឺនតោន ស្មើទឹកប្រាក់ ៧៨៥លានដុល្លា ថយចុះ ១៣ភាគរយ ធៀបរយៈពេលដូចគ្នា ទៅនឹង២០២២៕ 
 

Tag:
 ស្វាយចន្ទី
  សមាគមស្វាយចន្ទីកម្ពុជា
  អួន ស៊ីឡុត
© រក្សាសិទ្ធិដោយ thmeythmey.com