អន្តរជាតិ
នាយករដ្ឋមន្រ្តីសិង្ហបុរី អបអរលោកហ៊ុន ម៉ាណែត ដែលត្រូវចាត់តាំងជានាយករដ្ឋមន្រ្តី
07, Aug 2023 , 3:29 pm        
រូបភាព
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំង និងប្រមុខរដ្ឋាភិបាលសិង្ហបុរី លោក លី សៀនឡុង។ រូបភាព Facebook ហ៊ុន ម៉ាណែត និង AFP
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំង និងប្រមុខរដ្ឋាភិបាលសិង្ហបុរី លោក លី សៀនឡុង។ រូបភាព Facebook ហ៊ុន ម៉ាណែត និង AFP
លោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បានអបអរសាទរលោក ហ៊ុន​ ម៉ាណែត ក្រោយព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់ចាត់តាំងរូបលោកជានាយករដ្ឋមន្រ្តី។ ទន្ទឹមនេះ មេដឹកនាំសិង្ហបុរី ក៏បានចាត់ទុកសម្តេចហ៊ុន សែន ជាមេដឹកនាំដែលខិតខំធ្វើការ ដើម្បីនាំសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជាផង។ 

 
ព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី តាម​រយៈព្រះរាជក្រឹត្យចុះថ្ងៃទី​៧ ខែសីហា បាន​ត្រាស់បង្គាប់​ចាត់តាំង​លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧នៃ​រដ្ឋសភា។
 
នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី​ សៀនឡុង បានអបអរលោក ហ៊ុន​ ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧នៃរដ្ឋសភា។ 
 
ក្នុងលិខិតអបអរសាទរចុះថ្ងៃទី២៦ ខែកក្កដា និងត្រូវបានចេញផ្សាយដោយក្រសួងការបរទេសសិង្ហបុរីនៅថ្ងៃទី៧ ខែសីហា លោក លី បានកត់សម្គាល់ទំនាក់ទំនងប្រកបដោយមិត្តភាព និងយូរអង្វែង ជាមួយនឹងការកើនឡើងនៃទំនាក់ទំនងទ្វេភាគី ចាប់តាំងពីឆ្នាំ២០១៨ នៅពេលដែលលោក ហ៊ុន ម៉ាណែត ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធី Lee Kuan Yew Exchange Fellow​ លើកទី៦៤។ 
 
ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលសិង្ហបុរី ក៏បានបញ្ជាក់ផងដែរពីការបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ជំនួយបច្ចេកទេស និងការដោះដូររវាងយោធា និងយោធា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ក្នុងនាមជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក នៅក្នុងពេលកន្លងមក។ 
 
បន្ថែមពីនេះ លោក លី រំពឹងជួបលោក ហ៊ុន ម៉ាណែត ដោយផ្ទាល់ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅក្រុងហ្សាការតា ក្នុងខែកញ្ញា។ 
 
នៅក្នុងលិខិតមួយទៀត ចេញនៅថ្ងៃទី២៦ ខែកក្កដាដដែល នាយករដ្ឋមន្រ្តីសិង្ហបុរី បានចាត់ទុកជ័យជម្នះរបស់បក្សប្រជាជនកម្ពុជា (CPP) ជាការគាំទ្រដ៏ច្បាស់លាស់មួយ ក្រោមការដឹកនាំ និងចក្ខុវិស័យរបស់សម្តេច ហ៊ុន សែនសម្រាប់អនាគតកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CNA។ 
 
ដោយចាត់ទុកជាមេដឹកនាំដែលកាន់តំណែងបានយូរជាងគេបំផុតមួយ លោកលី បានសរសើសម្តេច ហ៊ុន សែនថា បានខិតខំធ្វើការយ៉ាងខ្លាំងនាំសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនប្រទេសកម្ពុជា។ មេដឹកនាំសិង្ហបុរីរូបនេះ ក៏បានអរគុណសម្តេចហ៊ុន សែន ដែលបានគាំទ្រលើការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសិង្ហបុរីផង៕
 

Tag:
 សិង្ហបុរី
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com