ជាតិ
លោក ហ៊ុន ម៉ានី៖«អ្នកបន្តវេន បានត្រៀមខ្លួនរួចជាស្រេច…»
07, Aug 2023 , 3:51 pm        
រូបភាព
ដោយ: រត្តញូ
លើសពីប្អូនប្រុសដែលគាំទ្របងប្រុស លោក ហ៊ុន ម៉ានី ប្រើតួនាទីជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាមួយរូប ដើម្បីសាទរលោក ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ចាត់តាំងជានាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៧ខែសីហានេះ។ ព្រះរាជក្រឹត្យនេះបញ្ជាឱ្យលោក ហ៊ុន ម៉ាណែត រៀបចំសមាសភាពគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលអាណត្តិទី៧។

 
សេចក្ដីអបអររបស់លោក ហ៊ុន ម៉ានី អធិប្បាយអំពីការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា ដែលជាការផ្ទេរអំណាចស្ទើរតែទាំងដុលនៅក្នុងក្របខណ្ឌរដ្ឋាភិបាល ពីមនុស្សជំនាន់មុន មកអ្នកបន្តវេនដែលជាយុវជន។ 
 
នៅលើទំព័រហ្វេសប៊ុក លោក ហ៊ុន ម៉ានី សរសេរយ៉ាងដូច្នេះ៖« ការផ្ទេរអំណាចដែលបានប្រព្រឹត្តទៅនាពេលនេះ ពិតណាស់ គឺជាការបន្តនិរន្តរភាព និងការប្រព្រឹត្តទៅជាប្រកតីនៃស្ថាប័នកំពូលរបស់ជាតិដោយរលូនក្នុងសុខសន្តិភាព។»។ លោក ម៉ានី សរសេរបន្តទៀតថា៖« គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ដែលត្រូវដឹកនាំរាជរដ្ឋាភិបាល បានឈ្វេងយល់ច្បាស់ពីសារសំខាន់ និងភាពចាំបាច់នៃការបន្តវេន និងបានរៀបចំកិច្ចការនេះតាំងពីមុនស្រេចទៅហើយ។ អ្នកបន្តវេនរបស់គណបក្សសុទ្ធតែបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលអម្រែកនៃការទទួលខុសត្រូវដ៏ធំមួយនេះ។»។
 
យោងតាមការអត្ថបទនៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី ដដែល លោក ម៉ានី បានបង្ហាញសេចក្តីជឿជាក់យ៉ាងខ្លាំងថា លោកនាយករដ្ឋមន្ត្រីថ្មី ហ៊ុន ម៉ាណែត នឹងដឹកនាំកម្ពុជាឆ្ពោះទៅមុខយ៉ាងស្វាហាប់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com