ជាតិ
លោក សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ទទួលមរណភាពក្នុងអាយុ៨១ឆ្នាំ
07, Aug 2023 , 5:38 pm        
រូបភាព
លោក សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលមរណភាព កាលពីថ្ងៃសុក្រទី៤ ខែសីហា ក្នុងជន្មាយុ៨១ឆ្នាំ ដោយរោគាពាធ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ។

 
នាថ្ងៃទី៧ ខែសីហា នេះ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានក្រាបបង្គំទទួលព្រះរាជសាររំលែកទុក្ខ និងកម្រងផ្កាព្រះរាជទាន នៃព្រះករុណាព្រះមហាក្សត្រដើម្បីសម្តេច ដឹកនាំគណៈប្រតិភូក្រសួងព្រះបរមរាជវាំង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក សំ ព្រហ្មនា ផង។
 
ក្នុងសាររំលែកទុក្ខជូនទៅដល់ លោក សំ ព្រហ្មនី ដែលជាកូនប្រុសរបស់លោក សំ ព្រហ្មនា សម្តេច ហ៊ុន សែន បានចាត់ទុកមរណភាពលោក សំ ព្រហ្មនា ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជនមួយរូប ដែលលះបង់ កម្លាំងកាយ ចិត្តនិងបញ្ញាស្មារតី ចូលរួមចំណែកការពារការគោរពរដ្ឋធម្មនុញ្ញ ការបកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់នានា ការលើកកម្ពស់នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ដើម្បីការពារឯករាជ្យ អធិបតេយ្យ បូរណភាព ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា»។ 
 
ពិធីបុណ្យសព ប្រព្រឹត្តទៅពីថ្ងៃទី៤ ខែសីហា រហូតដល់ថ្ងៃទី៨ ខែសីហា ដែលជាថ្ងៃត្រូវរំកិលសពឆ្ពោះទៅកាន់ទីបញ្ចុះសព ស្ថិតនៅវត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាអង្គភាពនានា បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោក សំ ព្រហ្មនា ជាបន្តបន្ទាប់។
 
លោក សំ ព្រហ្មនា ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញា កាលពីឆ្នាំ២០១៦។ កើតនៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៤៥ នៅរាជធានីភ្នំពេញ លោកបានរៀនចប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
 
ពីឆ្នាំ១៩៦៦ ដល់ឆ្នាំ១៩៦៧ លោកធ្វើជាគ្រូបង្រៀននៅសាលាបឋមសិក្សា ខេត្តកណ្តាល ហើយបន្តក្លាយជានិស្សិតសាស្ត្រាចារ្យនៅមហាវិទ្យាល័យគរុកោសល្យភ្នំពេញដល់ឆ្នាំ១៩៦៨។
 
 
ពីឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧២ លោកជាសាស្ត្រាចារ្យនៅខេត្តរតនគិរី តាកែវ និងភ្នំពេញ មុនបន្តការងារជាសាស្ត្រាចារ្យបរិញ្ញានៅវិទ្យាល័យឥន្ទ្រទេវី (ឆ្នាំ១៩៧៣), សាស្ត្រាចារ្យមធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យឥន្ទ្រទេវីដដែល (ឆ្នាំ១៩៧៤), ជាសិក្សាភិរក្សទី១ (នាយករងទី១) នៅវិទ្យាល័យជម្ពូវ័ន (ឆ្នាំ១៩៧៥)។
 
ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៦ លោកជាអ្នកនិពន្ធ និងរៀបរៀងសៀវភៅសិក្សាក្រសួងអប់រំ ហើយឡើងជាអនុប្រធានគ្រឹះស្ថានបោះពុម្ពផ្សាយ នៅឆ្នាំ១៩៨៦, ជាអនុប្រធានគណៈគ្រប់គ្រងមន្ទីរ ពីឆ្នាំ១៩៨៨ ដល់ឆ្នាំ១៩៨៩ និងជានាយកសាលាជាន់ខ្ពស់កម្មាភិបាលគ្រប់គ្រងអប់រំ ពីខែកញ្ញា ឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩០។
 
ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៣ លោកជាអនុប្រធាននាយកដ្ឋានទេសចរណ៍ ហើយឡើងជាអនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រោមរាជរដ្ឋាភិបាលបណ្តោះអាសន្ន។
 
នៅក្រសួងទេសចរណ៍ លោកកាន់តំណែងជាអនុរដ្ឋលេខាធិការពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០៣ ហើយឡើងជារដ្ឋលេខាធិការពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៣។ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ លោកជាទីប្រឹក្សារដ្ឋាភិបាល និងបង្រៀននៅសាលាភូមិន្ទរដ្ឋបាល មុនកាន់មុខងារជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ រហូតដល់ឆ្នាំ២០២៣ នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com