ជាតិ
អាស៊ាន
អាស៊ាន​មានអាយុ​៥៦​ឆ្នាំហើយ!
08, Aug 2023 , 10:49 am        
រូបភាព
​ត្រឹម​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២៣ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន (ASEAN) មាន​វ័យ ​៥៦​ឆ្នាំ​ហើយ​។ ឆ្លងតាម​ប្រវត្តិសាស្ត្រ​យូរអង្វែង​នេះ តំបន់​ដែលមាន​ប្រជាជន​ជាង​៦០០​លាន​នាក់​នេះ កំពុង​ដើរតួ​យ៉ាងសំខាន់​លើ​ឆាក​អន្តរជាតិ​។ មកទល់ពេលនេះ សមាគម​មួយ​នេះ មាន​សមាជិក​ពេញសិទ្ធិ​ចំនួន​ដប់​ប្រទេស និង​ដៃគូ​សន្ទនា​ជាច្រើន​ប្រទេស​ទៀត​។

 
​ចាប់តាំងពី​ការបង្កើត​នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​១៩៦៧ បាន​ឆ្លងកាត់​វិបត្តិ​ជាច្រើន ទម្រាំ​ក្លាយជា​អង្គការ​តំបន់​ដែលមាន​តួនាទី​ស្នូល និង​អាច​ទាក់ទាញ​មហាអំណាច​ពិភពលោក ដើម្បី​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​សន្តិសុខ និង​សេដ្ឋកិច្ច​។ 
 
ថ្ងៃនេះ​សារព័ត៌មាន​ថ្មីៗ​សូម​លើកយក​កាលបរិច្ឆេទ​នៃ​ការចូល​ជា​សមាជិក​អាស៊ាន​របស់​សមាជិក​ទាំ​ង ១០ ដើម្បី​រំលឹក​ខួប​នៃ​ការបង្កើត​អង្គការ​នេះ​៖  
 
១. ថៃ ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧
 
២. ម៉ាឡេស៊ី ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧
 
៣. សិង្ហ​បុរី ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧
 
៤. ហ្វីលីពីន ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧
 
៥. ឥណ្ឌូណេស៊ី ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧
 
៦. ព្រុយ​ណេ ដា​រូ​សា​ឡឹម ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៧ ខែមករា ឆ្នាំ​១៩៨៤
 
៧. វៀតណាម ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​១៩៩៥
 
៨. មី​យ៉ាន់​ម៉ា ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​១៩៩៧
 
៩. ឡាវ​ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​១៩៩៧
 
១០. កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៩៩។
 
នា​កិច្ច​ប្រជុំ​កំពូល​នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០២២ មេដឹកនាំអាស៊ាន យល់ព្រមគ្នាជាគោលការណ៍សម្រេចឱ្យទីម័រឡេស្តេ ចូលជាសមាជិកទី១១។ នេះបើតាមសេចក្តីថ្លែងការណ៍រួម មេដឹកនាំអាស៊ានសម្រេចផ្តល់ឋានៈទីម័រឡេស្តេ ជាប្រទេសសង្កេតការណ៍ និងអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។
 
បន្ថែមពីនេះអាស៊ាន ក៏បង្កើតជាផែនទីបង្ហាញផ្លូវ ផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យ សម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេ រួមទាំងផ្អែកលើសមិទ្ធផលសំខាន់នានា ដែលកំណត់ដោយរបាយការណ៍ នៃបេសកកម្មស្វែងរកការពិតនៃសសរស្តម្ភ ទាំង៣ របស់អាស៊ាន និងបានប្រគល់ភារកិច្ច ជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះហើយ ត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់ ឱ្យអនុម័ត ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។
 
ក្រោយទទួលបានឯករាជ្យពីឥណ្ឌូណេស៊ីនៅឆ្នាំ២០០២ ទីម័រឡេស្តេ ដែលមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានដាក់ពាក្យចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ជាផ្លូវការនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១១៕
 

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com