ជាតិ
ក្រុមជំរំកាយរឹទ្ធិកម្ពុជាត្រូវជម្លៀសទៅ សេអ៊ូល ដោយសារព្យុះTyphoon Khanun
08, Aug 2023 , 4:16 pm        
រូបភាព
ក្រុមយុវជនកាយរឹទ្ធជាតិកម្ពុជានៅប្រទេសកូរ៉េ។ រូបពី ក្រសួងអប់រំ យុវជន និងកីឡា
ក្រុមយុវជនកាយរឹទ្ធជាតិកម្ពុជានៅប្រទេសកូរ៉េ។ រូបពី ក្រសួងអប់រំ យុវជន និងកីឡា
ភ្នំពេញ៖ ក្រុមជំរំកាយរឹទ្ធិកម្ពុជា ដែលចូលរួមការបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥នៅ ខេត្តប៊ូសាន នៃប្រទេសកូរ៉េខាងត្បូង ត្រូវបានជម្លៀសចេញ ទៅកាន់រដ្ឋធានីសេអ៊ូលវិញ ដោយសារព្យាករណ៍ឃើញថានឹងជួបព្យុះ Typhoon Khanun។

 
ក្រុមជំរំកាយរឹទ្ធិកម្ពុជា៤៧រូប បានធើ្វដំណើរតាមរថយន្ត ឆ្ពោះមករដ្ឋធានីសេអ៊ូល ប្រកបដោយសុវត្តិភាពហើយ តាមការណែនាំផ្ទាល់ពី លោក ហង់ ជួន ណារ៉ុន ប្រធានកាយរឹទ្ធជាតិកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុកក្រសួងអប់រំ។ 
 


រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានចេញសេចក្ដីប្រកាសព័ត៌មាន  ស្តីពីការព្យាករណ៍អាកាសធាតុពីការមកដល់ព្យុះ Typhoon Khanun ប្រភេទព្យុះកម្រិត-II ដែលមានល្បឿនខ្យល់លើសពី១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង នឹងទៅដល់ឆ្នេរខាងកើតខេត្តប៊ូសាន នៅថ្ងៃទី១០សីហា។ ដូច្នេះ ដើម្បីបញ្ចៀសគ្រោះអាសន្នធម្មជាតិ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចសង្គ្រោះបន្ទាន់។ 
 
គណៈកម្មការនេះ នឹងដឹកជញ្ជូនយុវជនកាយរឹទិ្ធទាំងអស់ ចេញពីជំរំ ទៅស្នាក់នៅតំបន់សុវត្ថិភាពក្នុងរដ្ឋធានីសេអ៊ូល។ ជាមួយគ្នាដែរ លោក ហង់ ជួន ណារ៉ុន ប្រធានកាយរឹទ្ធជាតិកម្ពុជា បានណែនាំឱ្យក្រុមការងារយកចិត្តទុកដាក់លើក្រុមយុវជនកាយរឹទ្ធិកម្ពុជា។ 
 


ក្រសួងបានឱ្យដឹងថា គណៈប្រតិភូយុវជនកាយរឹទិ្ធជាតិកម្ពុជា ដែលកំពុងស្នាក់នៅបោះជំរំចំនួន៤៧រូប បានធើ្វដំណើរតាមរថយន្តឆ្ពោះមករដ្ឋធានីសេអ៊ូលហើយ។ ក្រសួងថា ទោះបីមានការផ្លាស់ប្តូរទីតាំងស្នាក់នៅក្នុងជំរុំយ៉ាងក្តី ក៏គណៈកម្មការរៀបចំការបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ នៅតែបន្តឱ្យយុវជនកាយរឹទិ្ធអនុវត្តសកម្មភាពជាទម្រង់ក្រៅជំរំ (Off-side Activities)។ ការអនុវត្តសកម្មភាពជាទម្រង់ក្រៅជំរំ  មានទស្សនកិច្ចសិក្សា តាមទីកន្លែងផ្សេងៗ កម្មវិធីផ្លាស់ប្តូរវប្បធម៌ចម្រុះ ការសិក្សាស្វែងយល់ពីបច្ចេកវិទ្យាព័ត៌មាន និងកម្មវិធីបង្ហាញវប្បធម៌កូរ៉េ។ 
 
គម្រោងកម្មវិធីជំរំនេះ នឹងចាប់ផ្តើមបន្តអនុវត្តចាប់ពីថ្ងៃទី៩សីហា រហូតដល់ថ្ងៃទី១១សីហា ហើយពិធីបិទជំរំជាផ្លូវការនៅពហុកីឡដ្ឋានជាតិកូរ៉េ ក្នុងរដ្ឋធានីសេអ៊ូល៕ 


 

Tag:
 កាយរឹទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com