ជាតិ
សាលាបឋមសិក្សាអូរតាសេក រងផលប៉ះពាល់ដោយសារទឹកជំនន់
08, Aug 2023 , 6:59 pm        
រូបភាព
សាលាបឋមសិក្សាអូរតាសេក
សាលាបឋមសិក្សាអូរតាសេក
ដោយ:
កំពង់ធំ៖ លោក ឡេង សីហា នាយកសាលាបឋមសិក្សាអូរតាសេក លើកឡើងថា ជំនន់ទឹកភ្លៀង ឆ្នាំ២០២៣ នេះ ប៉ះពាល់ខ្លាំងដល់ការសិក្សារបស់សិស្ស ។ សាលាបឋមសិក្សាអូរតាសេក ស្ថិតក្នុងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។



លោក ឡេង សីហា បានបន្ថែមថា សាលារៀន នៅតំបន់ដាច់ស្រយាលមួយ រងផលប៉ះពាល់ខ្លាំងពីជំនន់ទឹកភ្លៀង។ «គ្រោះទឹកជំនន់នេះវាបានកើតឡើងពីរឆ្នាំហើយ កាលពីឆ្នាំ២០២២ ជួបប្រទះនៅចុងឆ្នាំយើងបានបិទសាលាហើយរៀននៅតាមផ្ទះជាលក្ខណៈបណ្តុំរយៈពេល ២០ថ្ងៃជាង។ ឥឡូវនេះយើងជួបប្រទះម្តងទៀតនៅពាក់កណ្តាលឆ្នាំ ហើយការបិទសាលាប្រមូលសិស្សរៀន នៅតាមបណ្តុំនឹងមានរយៈពេលវែង»។ លោក ឡេង សីហា ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗ។
  
លោក ឡេង សីហា នាយកសាលាបឋមសិក្សាអូរតាសេក

នាយកសាលាបឋមសិក្សាអូរតាសេករូបនេះ ក៏បានបែងចែកការបង្រៀនដល់សិស្សជាក្រុម នៅតាមផ្ទះដែរ តែលោកយល់ថា ការបង្ហាត់សិស្សលក្ខណៈបណ្តុំតាមផ្ទះនេះ មិនមានប្រសិទ្ធភាពដូចនៅក្នុងសាលារៀនឡើយ។ «ការបង្រៀននៅតាមបណ្តុំគ្រាន់តែជាការបង្រៀនមួយបណ្តោះអាសន្នដោយសារយើងទ័ល តែឱ្យមានប្រសិទ្ធភាពដូចនៅសាលារៀនគឺបានត្រឹម៧០ភាគរយប៉ុណ្ណោះទេ ដោយសារយើងខ្វះសម្ភារៈ និងកត្តាបរិស្ថាន»។ នេះបើតាមលោក សីហា ដែលបានបែងចែកលោកគ្រូ អ្នកគ្រូបង្រៀនជា៥ក្រុម។
 
គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ទឹកជំនន់ស្ថិតនៅក្នុងតំបន់អូតាសេក ឃុំកំពង់គោ ស្រុកកំពង់ស្វាយ នៅតែមិនទាន់ធូរស្បើយ។ នាយកសាលាបឋមសិក្សាអូរតាសេក ព្រួយបារម្ភចំពោះការអូសបន្លាយពេលយូរនៃគ្រោះទឹកជំនន់ឆ្នាំនេះ។
 
 ក្រៅពីនេះលោកគ្រូនាយកសាលាក៏សំណូមពរទៅដល់អាណាព្យាបាល ឱ្យជួយជំរុញបុត្រធីតារបស់ខ្លួន ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ តាមលទ្ធភាពដែលអាចធ្វើទៅបាន។ លោក សីហា ក៏រំពឹងថា ក្រោយទឹកស្រកអស់ អាជ្ញាធរខេត្តនឹងជួយអភិវដ្ឍន៍ផ្លូវមួយខ្សែ មានប្រវែង ៤៥០ម៉ែត្រ ចន្លោះពីភូមិខ្សាច់ជីរស់ ទៅតំបន់អូរតាសេក៕
 

Tag:
 គ្រោះធម្មជាតិ
 ឡេង សីហា
© រក្សាសិទ្ធិដោយ thmeythmey.com