ជាតិ
កូនផ្សោតមួយក្បាលងាប់ដោយសារជាប់មង នៅខេត្តកណ្ដាល
10, Aug 2023 , 10:29 am        
រូបភាព
កូនផ្សោតដែលងាប់ដោយសារជាប់មង នៅភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល។ រូបភាព៖ Theara Kpc
កូនផ្សោតដែលងាប់ដោយសារជាប់មង នៅភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល។ រូបភាព៖ Theara Kpc
ភ្នំពេញ៖ កូនផ្សោតញីមួយក្បាលទៀតបានងាប់ ដោយសារជាប់មងអ្នកនេសាទ នៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។ ផ្សោតនេះ មានអាយុប្រហែល២ខែ ទម្ងន់​១៤,៤គីឡូក្រាម និងប្រវែង១,០១ម៉ែត្រ។



រដ្ឋបាលជលផល បានបញ្ជាក់នៅថ្ងៃទី៩ ខែសីហាថា នៅរដូវទឹកឡើង សត្វផ្សោតតែងតែផ្លាស់ទីចេញពីអន្លង់ដើម្បីតាមហ្វូងត្រីដែលជាចំណី។ តាមការស្រាវជ្រាវលក្ខណៈជីវសាស្ត្រ កូនផ្សោតរស់នៅជាមួយមេ និងបៅដោះរយៈពេល១ឆ្នាំ។ ដូច្នេះកូនផ្សោតដែលប្រទះឃើញងាប់នៅពេលនេះ ទំនងជាបានផ្លាស់ទីតាមមេរបស់វា ឬជាមួយផ្សោតផ្សេងទៀត ពីទន្លេមេគង្គលើ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងស្ទឹងត្រែង មកខេត្តកណ្តាល ហើយត្រូវជាប់មងងាប់។ 
 
គិតត្រឹមឆ្នាំ២០២២ កម្ពុជានៅសល់សត្វផ្សោតប្រមាណ៩២ក្បាល រស់នៅក្នុងទន្លេមេគង្គ ក្នុងភូមិសាស្រ្តខេត្តក្រចេះ និងស្ទឹងត្រែង នៃតំបន់ «គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ» ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ដោយឡែកនៅ២០២៣នេះ មានសត្វផ្សោត៥ក្បាលហើយបានងាប់ និងកើតថ្មីចំនួន៥ក្បាល។ 
 
រដ្ឋបាលជលផល បានអំពាវនាវដល់ប្រជា​នេសាទនៅតាមដងទន្លេ ជួយឃ្លាំមើល និងចូលរួមការពារសត្វផ្សោត ដែលជារតនៈសម្បត្តិធម្មជាតិមានជីវិតដ៏ពិសិដ្ឋរបស់កម្ពុជា និងពិភពលោក។ ​​ប្រសិន​ពលរដ្ឋ ឬអ្នកនេសាទ ប្រទះឃើញសត្វផ្សោតជាប់មង ត្រូវផ្ដល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីអន្តរាគមន៍​ដោះលែងជាបន្ទាន់៕ 
 

Tag:
 រដ្ឋបាលជលផល
  ផ្សោត
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com