អន្តរជាតិ
ចិន បារម្ភពីការរាតត្បាតជំងឺលើដំណាំនិងសត្វក្នុងតំបន់ដែលរងគ្រោះដោយទឹកជំនន់
× រដ្ឋាភិបាលចិន បានព្រមានពីការរាតត្បាតនៃជំងឺដែលកើតលើដំណាំ និងសត្វ ស្របពេលទឹកជំនន់ចាប់ផ្ដើមស្រកចុះនៅខេត្តភាគខាងជើងប្រទេស ហើយទីក្រុងមួយចំនួនជួបប្រទះការលំបាកក្នុងការស្ដារការផ្គត់ផ្គង់ទឹកឡើងវិញ។
ខេត្តហឺប៉ីដែលមានព្រំប្រទល់ជាប់ជាមួយទីក្រុងប៉េកាំង ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ ខ្លាំងកាលពីសប្ដាហ៍មុន ហើយថែមទាំងរងការវាយប្រហារពីព្យុះទីហ្វុង Doksuri ។ ជំនន់ទឹកភ្លៀង បំផ្លាញដំណាំក្នុងរដូវស្លឹកឈើជ្រុះ និងសម្ភារៈកសិកម្មជាច្រើន។ កសិដ្ឋាននៅទូទាំងខេត្តហឺប៉ីត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជ្រូក និងចៀមជាច្រើនពាន់ក្បាលបានលង់ទឹកងាប់។
ស្របពេលដំណើការស្ដារឡើងវិញកំពុងធ្វើឡើង ចិនចាប់ផ្ដើមពីបារម្ភពីជំងឺឆ្លងលើសត្វនិងដំណាំវិញម្ដង។ រដ្ឋមន្ត្រីក្រសួងកសិកម្មចិន Tang Renjian បាននិយាយបន្ទាប់ពីការត្រួតពិនិត្យតំបន់រងផលប៉ះពាល់នាថ្ងៃទី៨ ខែសីហាថា អាជ្ញាធរមូលដ្ឋានត្រូវតែបង្កើនវិធានការដើម្បីការពារ និងគ្រប់គ្រងការផ្ទុះឡើងជំងឺដែលបង្កឡើងដោយសត្វងាប់ និងសត្វល្អិត។
«មន្ទីរកសិកម្ម និងជនបទគ្រប់លំដាប់ថ្នាក់គួរតែវាយតម្លៃឱ្យបានត្រឹមត្រូវអំពីស្ថានភាពគ្រោះ មហន្តរាយរបស់កសិករជួយកសិករដែលរងផលប៉ះពាល់ដោះស្រាយការលំបាកជាក់ស្តែង និងទប់ស្កាត់ភាពក្រីក្រដែលបណ្តាលមកពីគ្រោះមហន្តរាយ ឬត្រឡប់ទៅភាពក្រីក្រវិញ» ។ លោក Tang បញ្ជាក់បែបនេះរួចបន្តថា ការដាំស្រូវសាលីរដូវរងាមិនមានផលប៉ះពាល់អ្វីឡើយ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរដ្ឋចិន Xinhua បានរាយការណ៍ថា នៅតំបន់ជ័រចូវដែលជាទីតាំងរងគ្រោះខ្លាំងបំផុតក្នុងខេត្តហឺប៉ី ក្រុមការងារពាក់ឯកសណ្ឋានការពារ បានបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងតំបន់ដើម្បីការពារការរីករាលដាលនៃជំងឺ។
ការផ្គត់ផ្គង់ទឹកស្អាតត្រូវបានកាត់ផ្តាច់នៅតំបន់ជនបទមួយចំនួនដោយសារបំពង់បង្ហូរទឹក និងអណ្តូងត្រូវបានបំផ្លាញដោយសារទឹកជំនន់ដែលប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់។ ក្រសួងធនធានទឹកចិន បានប្រកាសការឆ្លើយតបជាបន្ទាន់ដើម្បី ស្តារការផ្គត់ផ្គង់ទឹកស្អាតឡើងវិញយ៉ាងឆាប់រហ័សរួមទាំងបង្កើនការផ្គត់ផ្គង់ និងការបញ្ជូនរថយន្តដឹកទឹកផងដែរ។
គិតត្រឹមថ្ងៃទី៩ ខែសីហា មនុស្សចំនួន៣៣នាក់ក្នុងក្រុងប៉េកាំងបានស្លាប់ ខណៈមនុស្ស១៨ នាក់ផ្សេងទៀតកំពុងបាត់ខ្លួនដោយសារឥទ្ធិពលព្យុះ Doksuri ៕
© រក្សាសិទ្ធិដោយ thmeythmey.com