ជាតិ
ស្ថានទូតកម្ពុជា ឱ្យពលរដ្ឋខ្មែរនៅតំបន់ Kyushu និង Shikoku បង្កើនការប្រុងប្រយ័ត្ន ព្យុះ Khanun
10, Aug 2023 , 12:29 pm        
រូបភាព
រូបភាព៖ ទីភ្នាក់ងារជាតិ ឧតុនិយមជប៉ុន
រូបភាព៖ ទីភ្នាក់ងារជាតិ ឧតុនិយមជប៉ុន
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អំពាវនាវឱ្យពលរដ្ឋខ្មែរ កំពុងរស់នៅ ធ្វើការ និងសិក្សា នៅផ្នែកនិរតីប្រទេសជប៉ុន ពិសេសតំបន់​ Kyushu និងតំបន់ Shikoku បង្កើនប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារមានព្យុះត្រូពិចខាន់ណុន (Khanun) កំពុងរំកិលទៅតំបន់នោះ។

 
ទីភ្នាក់ងារជាតិឧតុនិយមជប៉ុនបានចេញសេចក្ដីព្រមានពី ព្យុះ Khanun ដែលនឹងបង្កឱ្យមានភ្លៀងខ្លាំង នៅតំបន់​ Kyushu និងតំបន់ Shikoku និងផ្នែកជាប់មហាសមុទ្រប៉ាស៊ីហ្វិកផងដែរ។ លើសពីនេះ អាជ្ញាធរជប៉ុនក៏ បានព្រមានពីការរអិលបាក់ដី ទឹកជំនន់ ខ្យល់កន្ត្រាក់ និងទឹករលកខ្ពស់ៗ។ 
 
«សូមបងប្ងូនពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ ហើយតាមដាននិងស្ដាប់តាមការណែនាំរបស់អាជ្ញាធរ»។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូកកម្ពុជា ប្រចាំប្រទេសជប៉ុន ចេញថ្ងៃទី១០សីហា ដោយអំពាវនាវឱ្យពលរដ្ឋកម្ពុជាស្ដាប់ការណែនាំរបស់អាជ្ញាធរជប៉ុន ។
 
បើពលរដ្ឋខ្មែរទទួលព័ត៌មានថា មានពលរដ្ឋម្នាក់ណាម្នាក់រងផលប៉ះពាល់ ដោយសារគ្រោះធម្មជាតិនោះ អាចជូនដំណឹងបន្ទាន់ទៅហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia  in Japan ឬទាក់ទងលេខ ០៨០ ៤៦៨៩ ៩៣៧៤៕ 
 

Tag:
 ព្យុះ Khanun
© រក្សាសិទ្ធិដោយ thmeythmey.com