ជាតិ
លោក វ៉ាង យី នឹងជួបពិភាក្សាដោយឡែកជាមួយសម្ដេច ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត
10, Aug 2023 , 4:04 pm        
រូបភាព
លោក ហ៊ុន ម៉ាណែត ចាប់ដៃលោក វ៉ាង យី នាជំនួបនៅភ្នំពេញកាលពីខែសីហា ឆ្នាំ២០២២។ រូបថត Xinhua
លោក ហ៊ុន ម៉ាណែត ចាប់ដៃលោក វ៉ាង យី នាជំនួបនៅភ្នំពេញកាលពីខែសីហា ឆ្នាំ២០២២។ រូបថត Xinhua
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នឹងមកទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី១២ និង១៣ សីហា។ ក្នុងដំណើរទស្សនកិច្ចនេះលោក វ៉ាង យី នឹងជួបពិភាក្សាដោយឡែកជាមួយសម្ដេច ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អាណត្តិទី៧។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រកាសព័ត៌មាននៅថ្ងៃទី១០ សីហា។



ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា លោក វ៉ាង យី ជួបជាមួយសម្ដេច ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នេះ នឹងពិភាក្សាគ្នាជុំវិញបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី និងពហុភាគី ដែលឆ្លុះបញ្ចាំងអំពីវិស័យអទិភាព។ ក្រៅពីនេះ រដ្ឋមន្រ្តីការបរទេសចិន ក៏ចូលក្រាបបង្គុំគាល់ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រដែរ។
 
ក្នុងដំណើរទស្សនកិច្ចដដែលនេះ លោក វ៉ាង យី នឹងជួបដោយឡែកជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។ ក្នុងជំនួបនេះ ភាគីទាំងពីរ នឹងជជែកគ្នាអំពីទិដ្ឋភាពចម្រុះនៃកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌទ្វេរភាគី និងពហុភាគី ដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
 
ដំណើរទស្សនកិច្ចនេះ ស្របពេលប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពរវាងកម្ពុជានិងចិន។ ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកបន្ថែមទៀតក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ, ពង្រឹងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ ,លើកកម្ពស់ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ។ នេះបើតាមក្រសួងការបរទេសកម្ពុជា។
 
តាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning លោកវ៉ាង យី សមាជិកការិយាល័យនៃបក្សកុម្មុយនីស្តចិន នឹងបំពេញទស្សនកិច្ច នៅសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា តាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសប្រទេសទាំងបី។ លោកវ៉ាង នឹងចាប់ផ្តើមបំពេញទស្សនកិច្ចនៅប្រទេសបីនេះ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែសីហា។

អត្ថបទទាក់ទង
 

Tag:
 ហ៊ុន សែន
  ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com