សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
លោក គីម ជុងអ៊ុន ដកតំណែងមេទ័ពកំពូលម្នាក់ ហើយប្រាប់ឱ្យរៀបចំសម្រាប់សង្រ្គាម
10, Aug 2023 , 4:39 pm        
រូបភាព
កូរ៉េខាងជើង បានដកតំណែងអគ្គសេនាធិការកងទ័ព ស្របពេលមេដឹកនាំកំពូល គីម ជុងអ៊ុន អំពាវនាវឱ្យបង្កើនការត្រៀមលក្ខណៈសម្រាប់លទ្ធភាពបង្កសង្គ្រាម។

 
បើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានតែងតាំងអនុប្រធានគណៈកម្មការយោធាមជ្ឈិមលោក Ri Yong-gil ឱ្យកាន់តំណែងជាអគ្គសេនាធិការ ជំនួសឧត្តមសេនីយ៍ Pak Su-il ។ មូលហេតុ​នៃ​ការ​បណ្តេញ​លោក Pak មិន​ត្រូវ​បាន​គេ​បង្ហាញ​ឲ្យ​ដឹង​ទេ។
 
ការសម្រេចចិត្តនេះត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការមជ្ឈិមយោធានៃបក្សពលករកូរ៉េ។ លោក គីម និងបណ្តាមេបញ្ជាការយោធាកំពូល​បានពិភាក្សាអំពីផែនការឆ្លើយតបសត្រូវផងដែរ។
 
ក្នុងកិច្ចប្រជុំនេះ មេដឹកនាំកូរ៉េខាងជើង បានស្នើឱ្យពង្រឹងការត្រៀមលក្ខណៈសម្រាប់ហានិភ័យនៃសង្គ្រាម រួមទាំងការពង្រីកសមត្ថភាពផលិតអាវុធ និងការបណ្តុះបណ្តាលជាបន្តបន្ទាប់ជាមួយនឹងអាវុធទំនើបចុងក្រោយបំផុត។ 
 
កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យរោងចក្រផលិតអាវុធ កាលពីថ្ងៃទី៣​ ដល់ថ្ងៃទី៥ ខែសីហា។ មេដឹកនាំកូរ៉េខាងជើងរូបនេះ បានទៅទស្សនាកន្លែងផលិតយន្តហោះគ្មានមនុស្សបើក (UAVs) គ្រាប់រ៉ុក្កែតដ៏ធំទំនើប និងឧបករណ៍បាញ់បង្ហោះចល័តដែលប្រើដើម្បីបាញ់មីស៊ីលផ្លោង។
 
ការត្រួតពិនិត្យរបស់លោកគីម នៅរោងចក្រអាវុធធ្វើឡើងស្របពេល កូរ៉េខាងត្បូង និងអាម៉េរិក កំពុងរៀបចំធ្វើសមយុទ្ធយោធាដ៏សំខាន់មួយនៅក្នុងខែសីហានេះ។ កូរ៉េខាងជើង បានចាត់ទុកសមយុទ្ធរបស់ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន ជាការត្រៀមខ្លួនសម្រាប់សង្រ្គាមឈ្លានពានខ្លួន ហើយថែមទាំងព្រមានចាត់វិធានការសងសឹកថែមទៀត។
 
កាល​ពី​ចុង​ខែ​មុន ទីក្រុង​ព្យុងយ៉ាង​បាន​ប្រារព្ធ​ពិធី​ព្យុហយាត្រា​យោធា​ដ៏​ធំ​មួយ​ដើម្បី​ប្រារព្ធ​ទិវា​ជ័យ​ជំនះ ដែល​ជា​ខួប​លើក​ទី ៧០ នៃ​ការ​បញ្ចប់​សង្គ្រាម​កូរ៉េ។ ប្រទេស​នេះ​បាន​បង្ហាញ​មី​ស៊ី​ល​ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែរ​ចុង​ក្រោយ​បំផុត​របស់​ខ្លួន ព្រមទាំង​យន្តហោះ​គ្មាន​មនុស្ស​បើក​ឈ្លបយកការណ៍ និង​វាយប្រហារ​៕
 
 

Tag:
 គីម ជុងអ៊ុន
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com