សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តម្លៃ​អង្ករ​ថៃ​ឡើង​ខ្ពស់​ ក្រោយឥណ្ឌាប្រកាសហាមឃាត់ការនាំចេញ
10, Aug 2023 , 8:59 pm        
រូបភាព
រូបភាពពី AFP ។
រូបភាពពី AFP ។
ការ​ព្រួយ​បារម្ភ​នៃ​ការ​ផ្គត់​ផ្គង់អង្ករមិនគ្រប់គ្រាន់​ដោយ​សារការប្រែប្រួល​អាកាស​ធាតុ និងជម្លោះនៃ​សង្គ្រាមអ៊ុយក្រែន និងការហាមប្រាមរបស់ឥណ្ឌា ​បាន​ធ្វើ​ឱ្យ​តម្លៃ​អង្ករ​នៅ​ថៃ​ឡើង​ថ្លៃ​ខ្ពស់ដល់៦៤៨ដុល្លារក្នុងមួយតោន។ ​បច្ចុប្បន្ន​ជា​តម្លៃ​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ឆ្នាំ ២០០៨។

 
យោង​តាម​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ តម្លៃ​អង្ករ​បាក់​ថៃនៅ​ថ្ងៃ​ទី ៩ ខែ​សីហា បាន​ឡើង​ដល់ ៦៤៨ ដុល្លារ​ក្នុង​មួយ​តោន។ នេះ​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុងរយៈពេល ១៥ឆ្នាំ។ បើ​ធៀប​នឹង​មួយ​ខែ​មុន តម្លៃ​អង្ករបាន​កើន​ឡើង ២០ភាគរយ។ តម្លៃក​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជាសន្ទុះនៃការកើនថ្លៃខ្ពស់​ក្នុង​តំបន់​អាស៊ី។
 
ការកើនឡើងតម្លៃនេះ ​ដោយ​សារ​ក្តី​បារម្ភ​អំពី​កង្វះ​ខាត​នៃ​ការ​ផ្គត់ផ្គង់​អង្ករ​ពិភពលោក។ អាកាសធាតុក្តៅស្ងួតកំពុងគំរាមកំហែងដល់ដំណាំនៅថៃ ខណៈឥណ្ឌាដែលជាប្រទេសនាំចេញអង្ករដ៏ធំបំផុតរបស់ពិភពលោកកាលពីខែមុនបានហាមឃាត់ការលក់អង្ករប្រភេទមួយចំនួនទៅបរទេស។
 
បច្ចុប្បន្នអង្ក រគឺជាអាហារសំខាន់សម្រាប់មនុស្សរាប់ពាន់លាននាក់នៅអាស៊ី និងអាហ្វ្រិក។ ដូច្នេះ ការកើនឡើងតម្លៃនៃផលិតផលនេះអាចបង្កើនសម្ពាធអតិផរណានៅក្នុងប្រទេសទាំងនេះ ហើយក្នុងពេលជាមួយគ្នានេះនឹងទាញថ្លៃនាំចូលឡើងខ្ពស់។
 
ការកើនឡើងតម្លៃ ក៏នឹងធ្វើឱ្យការផ្គត់ផ្គង់ស្បៀងអាហារពិភពលោកកាន់តែតានតឹងថែមទៀត។ ទីផ្សារនេះបានជួបការលំបាកនាពេលថ្មីៗនេះ ដោយសារអាកាសធាតុធ្ងន់ធ្ងរ និងកាត់បន្ថយការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។
 
កាល​ពី​ចុង​ខែ​កក្កដា ត្រឹម​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ឥណ្ឌា អេមីរ៉ាត​អារ៉ាប់រួម (UAE) និង​រុស្ស៊ីបាន​ប្រកាស​ហាម​លក់​អង្ករ​ទៅ​បរទេស។ ឥណ្ឌា​បាន​បញ្ឈប់​ការ​នាំ​ចេញអង្ករមិនមែន ប្រភេទ Basmati (អង្ករ​ដ៏​ពេញ​និយម​នៅ​អាស៊ី​ខាង​ត្បូង) ដើម្បី​បន្ថយ​តម្លៃ​ក្នុង​ស្រុក និង​ទប់ស្កាត់​អតិផរណា។
 
UAE ចង់ធានាការផ្គត់ផ្គង់ក្នុងស្រុក បន្ទាប់ពីឥណ្ឌាបានហាមឃាត់ការនាំចេញអង្ករ។ រុស្ស៊ីក៏បានហាមឃាត់ការលក់អង្ករទៅក្រៅប្រទេសរហូតដល់ដំណាច់ឆ្នាំដើម្បីរក្សាស្ថិរភាពទីផ្សារក្នុងស្រុក។
 
កាល​ពី​ដើម​ខែ​នេះ រដ្ឋាភិបាល​ថៃ​ក៏​បាន​លើក​ទឹក​ចិត្ត​ប្រជាជន ​ឲ្យ​កាត់​បន្ថយ​ការ​ដាំដុះ​ស្រូវ ហើយ​ប្តូរ​ទៅ​ដាំ​ដំណាំ​ផ្សេង​ទៀត​ដែល​ត្រូវ​ការ​ទឹក​តិច។ ប្រទេសនាំចេញអង្ករធំទីពីររបស់ពិភពលោកកំពុងកត់ត្រាការថយចុះនៃបរិមាណទឹកភ្លៀងនៅក្នុងបរិបទដែលអាកាសធាតុនៅឆ្នាំក្រោយត្រូវបានព្យាករថានឹងស្ងួតដោយសារតែបាតុភូត El ​​Nino ។ ទឹកភ្លៀង​សរុប​នៅ​ភាគ​កណ្តាល​ប្រទេស​បច្ចុប្បន្ន​មាន​កម្រិត​ទាប​ជាង​ធម្មតា ៤០ភាគរយ៕
 
 

Tag:
 អង្ករ
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com