សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តម្លៃផ្ទះនៅអង់គ្លេសធ្លាក់ចុះទាបបំផុតក្នុងរយៈពេលជិត១៥ឆ្នាំ
11, Aug 2023 , 8:39 am        
រូបភាព
ប៉ាណូលក់ផ្ទះនៅអង់គ្លេស ។ រូបភាព Xinhua ។
ប៉ាណូលក់ផ្ទះនៅអង់គ្លេស ។ រូបភាព Xinhua ។
តម្លៃផ្ទះនៅអង់គ្លេសក្នុងខែកក្កដាបានធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីឆ្នាំ២០០៩។ ការធ្លាក់ថ្លៃនេះ កើតឡើងនៅពេលអត្រាការប្រាក់ឡើងដល់កម្រិតខ្ពស់រយៈពេល១៥ឆ្នាំ ហើយថ្លៃជួលផ្ទះបានកើនខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៩៩។

 
វិទ្យាស្ថានវាយតម្លៃអង់គ្លេស (RICS) បានចេញផ្សាយការស្ទង់មតិមួយកាលពីថ្ងៃទី ១០ ខែសីហាដោយបង្ហាញថា តារាងស្ថិតិតម្លៃផ្ទះបានធ្លាក់ចុះមកត្រឹម -៥៣ ក្នុងខែកក្កដាពីសន្ទស្សន៍ -៤៨ កាលពីខែមិថុនា ឆ្នាំ២០២៣។ នេះគឺជាកម្រិតទាបបំផុតចាប់តាំងពីខែមេសា ឆ្នាំ២០០៩ នៅពេលដែលវិបត្តិហិរញ្ញវត្ថុ ពិភពលោកបានវាយប្រហារ និងទាបជាងការព្យាករ -៥០ដោយអ្នកសេដ្ឋកិច្ចរបស់ Reuters ។
 
អត្រាកម្ចីទិញផ្ទះថ្មីនៅអង់គ្លេស​ បានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៨ មកត្រឹម ៦,៨៦ភាគរយនៅខែកក្កដាឆ្នាំ ២០២៣។ តាមការរំពឹងទុករបស់ធនាគារកណ្តាលអង់គ្លេស (BoE) នឹងបន្តដំឡើងអត្រាការប្រាក់បន្ថែមទៀត ដើម្បីបន្ទាបអតិផរណា ដែលកំពុងតែកើនខ្ពស់។
 
យោងតាម ​​RICS ការលក់អចលនទ្រព្យក្នុងខែកក្កដាឆ្នាំនេះ បានធ្លាក់ចុះក្នុងអត្រាលឿនបំផុតចាប់តាំងពីខែមេសា ឆ្នាំ២០២០ នៅពេលដែលទីផ្សារស្ទើរតែជាប់គាំងដោយសារតែជំងឺរាតត្បាតកូវីដ-១៩ និងតម្រូវការពីអ្នកទិញធំៗត្រូវបានកាត់បន្ថយ។
 
ប្រធានសេដ្ឋវិទូរបស់ RICS លោក Simon Rubinsohn បាននិយាយថា ទិន្នន័យនេះគឺជាសញ្ញាមួយដែលអ្នកទិញផ្ទះនឹងប្រឈមមុខ ស្របពេលមានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចជាមួយការដំឡើងអត្រាការប្រាក់បន្ត ជាមួយបរិយាកាសឥណទានដ៏លំបាក។ 
 
កាលពីសប្តាហ៍មុន អ្នកផ្តល់កម្ចីទិញផ្ទះទូទាំងប្រទេសបានរាយការណ៍ថា តម្លៃផ្ទះជាមធ្យមក្នុងខែកក្កដាឆ្នាំនេះ គឺទាបជាង ៣,៨ភាគរយបើធៀបពេលដូចគ្នាពីឆ្នាំមុន ដែលជាការធ្លាក់ចុះប្រចាំឆ្នាំដ៏ធំបំផុតចាប់តាំងពីឆ្នាំ២០០៩។ ប៉ុន្តែតម្លៃនេះ នៅតែខ្ពស់ជាង ២០ភាគរយមុនពេលជំងឺរាតត្បាត៕
 

Tag:
 អង់គ្លេស
  អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com