ជាតិ
ទឹកកខ្វក់ជាង៧០ភាគរយនឹងត្រូវសម្អាត មុនបង្ហូរចូលក្នុងសមុទ្រខេត្តព្រះសីហនុ
13, Aug 2023 , 11:59 am        
រូបភាព
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣។ រូបភាពពី​ហ្វេសប៊ុក​លោក ជា សុផារ៉ា
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣។ រូបភាពពី​ហ្វេសប៊ុក​លោក ជា សុផារ៉ា
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង៣ នៅក្នុងខេត្តព្រះសីហនុ មានសមត្ថភាព ធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ៣២ ៤០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ មានន័យថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង៣ នឹងជួយបញ្ចៀសការបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រ បានជាង៧០ភាគរយ  ខណៈខេត្តជាប់សមុទ្រមួយនេះ មានទឹកកខ្វក់ប្រមាណ ៥០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។

 
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ក្នុងខេត្តព្រះសីហនុ ដែលមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់បាន២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ត្រូវបានសាងសង់រួចរាល់ហើយ។ ក្រុមហ៊ុនសាងសង់ បានប្រគល់ស្ថានីយទី៣នេះ ដល់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ សមុទ្រកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ សីហា។
 
បច្ចុប្បន្នស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់២ទៀត ដែលមានសមត្ថភាពធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ១២ ៤០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ ដូច្នេះស្ថានីយទាំង៣នេះ អាចធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ៣២ ៤០០ ម៉ែត្រគូប ឬអាចបញ្ចៀសការបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្របានជាង៧០ភាគរយ ខណៈខេត្តនេះមានទឹកកខ្វក់ប្រមាណ ៥០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
 
បើតាមគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង៣នេះ ត្រូវបានសាងសង់ដោយប្រើបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលមានសមត្ថភាពកម្ចាត់ពពួកបាក់តេរី និងដកយកនូវសារធាតុអាម៉ូញ៉ាក់ ផូសូរិច កាបូនឌីអុកស៊ីត និងសារធាតុពុលផ្សេងៗចេញ រហូតដល់កម្រិតខ្ពស់។ លើសពីនេះ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ត្រូវបានទទួលស្គាល់ថា ជាបច្ចេកវិទ្យាមានស្ថិរភាព ប្រសិទ្ធភាព សន្សំសំចៃថាមពលគ្មានសំឡេងរំខាន គ្មានក្លិន ប៉ះពាល់ដល់អ្នករស់នៅជុំវិញ និងរួមចំណែកដល់ការថែរក្សាបរិស្ថាន។
សូមជម្រាបថា ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣នេះ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបាបើកការដ្ឋានសាងសង់កាលពីខែកញ្ញា ឆ្នាំ២០២១ ដោយចំណាយទឹកប្រាក់ប្រមាណ ២០លានដុល្លារ៕

ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣។ រូបភាពពី​ហ្វេសប៊ុក​លោក ជា សុផារ៉ា៖






 

Tag:
 ព្រះសីហនុ
  ទឹកកខ្វក់
© រក្សាសិទ្ធិដោយ thmeythmey.com