អន្តរជាតិ
ចិន ព្រមានចាត់វិធានការឱ្យបានខ្លាំងបំផុតលើដំណើរឆ្លងកាត់អនុប្រធានាធិបតីតៃវ៉ាន់នៅអាម៉េរិក លោក Lai Ching-te អនុប្រធានាធិបតីតៃវ៉ាន់។ រូបភាពការិយាល័យប្រធានាធិបតី
× ក្រសួងការបរទេសចិន នៅថ្ងៃទី១៣ ខែសីហា បានព្រមានចាត់វិធានការឱ្យបានខ្លាំងក្លាបំផុត ចំពោះដំណើរឆ្លងកាត់អាម៉េរិករបស់អនុប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te ទៅតំបន់អាម៉េរិកកណ្តាល ដើម្បីការពារអធិបតេយ្យ និងបូរណភាពដែនដីរបស់ខ្លួន។ ការព្រមាននេះ ធ្វើឡើងក្រោយលោក Lai បានជាន់ដីអាម៉េរិក។
យន្តហោះដឹក លោក Lai Ching-te អនុប្រធានាធិបតីតៃវ៉ាន់ និងជាបេក្ខជនប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យជឿនលឿន បានទៅដល់អាម៉េរិកហើយ ដោយចុះនៅអាកាសយានដ្ឋានក្នុងក្រុងញូវយ៉ក ដើម្បីបន្តទៅតំបន់អាម៉េរិកខាងត្បូង។ ក្រោយទៅដល់អាម៉េរិក ក្រសួងការបរទេសចិន បានប្រតិបត្តិកម្មយ៉ាងខ្លាំង និងជំទាស់រាល់វត្តមានថ្នាក់ដឹកនាំទាំងអស់នៅអាម៉េរិក។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា លោក Lai គោរពតាមជំហរផ្តាច់ខ្លួននៃគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ និងជាជនបង្ករឿង។ តាមរយៈដំណើរឆ្លងកាត់អាម៉េរិកនេះ ក្រសួងការបរទេសចិន បានចាត់ទុកជាការបំពានគោលការណ៍`«ចិនតែមួយ» ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យ និងបូរណភាពដែនដីរបស់ខ្លួន។
«ចិន តាមដានយ៉ាងម៉ត់ចត់លើការអភិវឌ្ឍ និងចាត់វិធានការឱ្យបានខ្លាំងក្លាបំផុត ដើម្បីការពារអធិបតេយ្យ និងបូរណភាពដែនដីរបស់ខ្លួន»។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១៣ ខែសីហា។ បន្ថែមពីនេះ ចិន បានចោទអាម៉េរិកថា បានប្រើប្រាស់តៃវ៉ាន់ ដើម្បីកៀបសង្កត់ខ្លួនថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN។
នេះមិនមែនជាប្រតិបត្តិកម្មលើកទីមួយរបស់ចិន ជុំវិញដំណើរឆ្លងកាត់របស់មេដឹកនាំតៃវ៉ាន់នៅអាម៉េរិកឡើយ។ បញ្ហាតៃវ៉ាន់ នៅតែជាប្រធានបទដ៏សំខាន់នៅក្នុងទំនាក់ទំនងចិន និងអាម៉េរិក។
ស្របពេលដំណើរឆ្លងរបស់អនុប្រធានាធិបតី យោធាចិន ក៏បានប្រកាសធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ផង៕
Tag:
ចិន
តៃវ៉ាន់
អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com