អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើង អំពាវនាវឱ្យពន្លឿនសមត្ថភាពផលិតមីស៊ីលឱ្យខ្លាំងបំផុត
14, Aug 2023 , 9:59 am        
រូបភាព
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព KCNA
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព KCNA
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវពន្លឿនសមត្ថភាពផលិតមីស៊ីលឱ្យបានខ្លាំង ដើម្បីពង្រឹងកម្លាំងជួរមុខ​ ក៏ដូចជាកម្លាំងគ្រប់គ្រងមីស៊ីល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃទី១៤ ខែសីហា។ ការអំពាវនាវនេះ ឡើងឡើងមុខពេលកូរ៉េខាងត្បូង និងអាម៉េរិក ធ្វើសមយុទ្ធរួមគ្នា ដែលគ្រោងរៀបចំនៅក្នុងខែនេះ។

 
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃទី១១ និងថ្ងៃទី១២ ខែសីហា បានត្រួតពិនិត្យរោងចក្រផលិតមីស៊ីលយុទ្ធសាស្រ្ត, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត និងអាវុធយោធាផ្សេងទៀត។ ការត្រួតពិនិត្យនេះ ធ្វើមានឡើងមានរយៈពេលតិចជាង ១សប្តាហ៍ប៉ុណ្ណោះ ក្រោយពេលមេដឹកនាំរូបនេះ ត្រួតពិនិត្យរោងចក្រ គ្រាប់កាំភ្លើងសំខាន់ៗនៅក្នុងប្រទេស។ 
 
«លោក (គីម ជុងអ៊ុន) បានបញ្ជាក់ពីគោលដៅសំខាន់មួយ ក្នុងការពន្លឿនសមត្ថភាពផលិតកម្មមីស៊ីល ដែលមានស្រាប់ ដើម្បីអាចផលិតមីស៊ីលទ្រង់ទ្រាយធំ តាមតម្រូវការ លើការពង្រីក និងពង្រឹងកម្លាំងជួរមុខ និងកម្លាំងគ្រប់គ្រងមីស៊ីល តាមផែនការប្រតិបត្តិ»។ ទីភ្នាក់ងារព័ត៌មាន KCNA បានចុះផ្សាយបែបនេះ នៅថ្ងៃទី១៤ ខែសីហា។ 
 
ទន្ទឹមនេះ លោកគីម ក៏បានលើកឡើងផងដែរថា កងទ័ពកូរ៉េខាងជើង គួរតែបំពាក់ជាមួយកម្លាំងយោធាដ៏ខ្លាំងក្លា ដើម្បីអាចប្រឈមមុខនឹងសង្រ្គាមគ្រប់ពេល រួមទាំងបង្ការសត្រូវមិនឱ្យពង្រាយកកម្លាំងទ័ព និងបំផ្លាញកម្លាំងសត្រូវចោលទាំងអស់។ 
 
ក្នុងការត្រួតពិនិត្យនេះ មេដឹកនាំកូរ៉េខាងជើង បានបង្ហាញវត្តមាននៅរោងចក្រផលិតប្រព័ន្ធបាញ់គ្រាប់មីស៊ីលយុទ្ធសាស្រ្ត រួមទាំងរថពាសដែក ដែលទើបតែអភិវឌ្ឍថ្មីផង។ 
 
សូមបញ្ជាក់ថា ការត្រួតពិនិត្យរបស់លោកគីម នៅរោងចក្រអាវុធខាងលើ ធ្វើឡើងមុខពេលអាម៉េរិក និងកូរ៉េខាងត្បូង គ្រោងរៀបចំសមយុទ្ធយោធារួមគ្នា Ulchi Freedom Shield នៅក្នុងខែនេះ។ កន្លងមក រដ្ឋាភិបាលក្រុងព្យុងយ៉ាង ចាត់ទុកសមយុទ្ធយោធារវាងក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ជាការត្រៀមខ្លួនសម្រាប់សង្រ្គាមប្រឆាំងខ្លួន៕ 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com