បោះឆ្នោត
អន្តរជាតិ
ប្រធានរដ្ឋសភាថៃថា ការបោះឆ្នោតរើសនាយករដ្ឋមន្រ្តី អាចធ្វើឡើងនៅថ្ងៃទី១៨ ឬ២២ ខែសីហា
14, Aug 2023 , 3:59 pm        
រូបភាព
លោក Wan Muhamad Noor Matha ប្រធានរដ្ឋសភាថៃ។ រូបភាពយកពី Twitter របស់សារព័ត៌មាន Thai Enquirer
លោក Wan Muhamad Noor Matha ប្រធានរដ្ឋសភាថៃ។ រូបភាពយកពី Twitter របស់សារព័ត៌មាន Thai Enquirer
ប្រធានរដ្ឋសភាថៃ លោក  Wan Muhamad Noor Matha នៅថ្ងៃទី១៤ ខែសីហា បានបញ្ជាក់ថា ការបោះឆ្នោតរើសនាយករដ្ឋមន្រ្តីបន្ទាប់អាចនឹងធ្វើឡើងនៅថ្ងៃទី១៨ ឬថ្ងៃទី២២ ខែសីហា។ បើតាមប្រធានរដ្ឋសភារូបនេះ សភាថៃកំពុងរង់ចាំសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ពាក់ព័ន្ធនឹងការតែងតាំងឡើងវិញចំពោះបណ្ដឹងទាក់ទងបេក្ខភាព Pita Limjaroenrat។



ពេលនេះ តុលាការធម្មនុញ្ញថៃ កំពុងសម្រេចលើការបដិសេធរបស់សភា ទាក់ទិននឹងការឈរឈ្មោះរបស់លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ ជាបេក្ខជននាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៩ ខែកក្កដា។ កន្លងទៅ ការិយាល័យស៊ើបអង្កេតថៃ ជាស្ថាប័នស្នើឱ្យតុលាការធម្មនុញ្ញថៃសម្រេចលើបញ្ហានេះ រួមទាំងលើកពេលសភាបោះឆ្នោត។ 
 
ជុំវិញបញ្ហាខាងលើ លោក Wan Muhamad Noor Matha ប្រធានរដ្ឋសភាថៃ បានបញ្ជាក់ថា ការបោះឆ្នោតសភារួមគ្នា ដើម្បីរើសប្រមុខរដ្ឋាភិបាលថៃថ្មី អាចនឹងធ្វើឡើងនៅថ្ងៃទី១៨ ឬថ្ងៃទី២២ ខែសីហា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Thai Enquirer។ 
 
បន្ថែមពីនេះ ប្រធានសភាថៃ បានពន្យល់ថា សភា កំពុងរង់ចាំសេចក្តីសម្រេចតុលាការធម្មនុញ្ញថៃ ដែលអាចធ្វើឡើងនៅថ្ងៃទី១៦ ខែសីហាខាងមុខ។ បានសេចក្តីថា លុះត្រាតែ តុលាការធម្មនុញ្ញថៃ ចេញសេចក្តីសម្រេចជាមុន ទើបសភាអាចកំណត់ថ្ងៃបោះឆ្នោតរើសនាយករដ្ឋមន្រ្តីបាន។ 
 
កន្លងមក សភាថៃ បានប្រកាសលើកពេលបោះឆ្នោតរើសនាយករដ្ឋមន្រ្តីថៃជាពីរ ឬបីលើក ក្រោយលោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ ត្រូវបានសភាបដិសេធមិនឱ្យឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តី នៅថ្ងៃទី១៩ ខែកក្កដាកន្លងមក។ 
 
មកទល់ពេលនេះ វាមានរយៈពេលជាង ១ខែហើយ ចាប់តាំងពីសភាថៃទាំងពីរថ្នាក់ ពោលគឺរដ្ឋសភា និងព្រឹទ្ធសភា បានបើកកិច្ចប្រជុំរួមគ្នាដំបូង ដើម្បីរើសនាយករដ្ឋមន្រ្តីថ្មី ខណៈក្បាលម៉ាស៊ីនដឹកនាំថៃថ្មីនៅតែមិនទាន់រកបាននៅឡើយ។ 
 
ពេលនេះ ស្ថានភាពថៃ កំពុងមានសភាពស្មុគស្មាញ ក្រោយបក្សភឿថៃ បានដោះដៃចេញពីបក្សឆ្ពោះទៅមុខ។ មិនតែប៉ុណ្ណោះ នៅថ្ងៃទី១៣ ខែសីហា ប្រជាជនថៃមួយចំនួន បានតវ៉ានៅមុខស្នាក់ការកណ្តាលបក្សភឿថៃផង ដោយបង្ហាញពីការមិនគាំទ្រលើបក្ស ដែលចងសម្ព័ន្ធភាពជាមួយបក្ស Bhumjaithai។ បន្ថែមនេះ អ្នកតវ៉ា ក៏បានដោះអាវពណ៌ក្រហម ដែលជាចលនាគាំទ្ររបស់បក្ស Pheu Thai និងលោកថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃ នៅពេលកន្លង ដើម្បីប្រគល់ឱ្យបក្សវិញ៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com